Analysis of Akkhara Vithī in Khmer Grammar

ការសិក្សាប្រៀបធៀបអក្ខរវិធីខ្មែរតាមរយៈសៀវភៅវេយ្យាករណ៍ខ្មែរក្នុង​អំឡុងទសវត្សឆ្នាំ៤០ដល់៨០
A Comparative Study of Khmer Alphabet Rules Mentioned in Grammar Books Published Between the 1940s and 1980s.

ដោយ គង់ សុខហេង , ២០១៣

សាស្រ្តាចារ្យដឹកនាំ៖ បណ្ឌិត វង្ស មេង

គណៈកម្មការវាយតម្លៃ   ១. សាស្ត្រាចារ្យ ចាន់ វឌ្ឍនា ,  ២. សាស្ត្រាចារ្យ ប៊ី សុខគង់

មូលន័យសង្ខេប

របាយការណ៍ស្រាវជ្រាវនេះ និយាយអំពីការសិក្សាប្រៀបធៀបអក្ខរវិធីខ្មែរ តាមរយៈសៀវភៅ​វេយ្យាករណ៍ខ្មែរ ក្នុងអំឡុងទសវត្សឆ្នាំ៤០ ដល់ ៨០ ដោយយកសៀវភៅវេយ្យាករណ៍ខ្មែរចំនួន ៨ក្បាលជាគោល រួមមាន៖ ភាសាខ្មែរ (អៀវ កើស ១៩៤៧) វេយ្យាករណ៍ខ្មែរ (ពូវ អ៊ុម ១៩៥០) ខេមរវេយ្យាករណ៍ (រ៉ាយ ប៊ុក ១៩៥៥) វេយ្យាករណ៍ខ្មែរទំនើប (សៀន ខ័នឌី ១៩៥៦) វេយ្យាករណ៍ ពិសេស (អ៊ុយ ជួន ១៩៥៦) វេយ្យាករណ៍ខ្មែរ (ញិក នូវ ១៩៥៩) វចនានុក្រម​ខ្មែរ (ជួន ណាត ១៩៦៧ ដកយកតែផ្នែកអក្ខរវិធី) និងវេយ្យាករណ៍ខ្មែរ របស់ក្រសួងអប់រំ ឆ្នាំ១៩៨២-​១៩៨៦។

នៅក្នុងរបាយការណ៍ស្រាវជ្រាវនេះមានបង្ហាញពីលទ្ធផលនៃការសិក្សាអំពីអក្ខរវិធី​ ដែលរួម មានការសិក្សាអំពីស្រៈ ព្យញ្ជនៈ និងវណ្ណយុត្តិ នៃសៀវភៅគំរូទាំង៨។ មួយវិញទៀត​ ខ្លឹមសារសំខាន់​ចុងក្រោយក្នុង​របាយ​ការណ៍ស្រាវជ្រាវ​នេះបានបង្ហាញផងដែរអំពីការវិភាគរបស់ស្មេរទៅលើការ សិក្សាអក្ខរវិធីខ្មែរ​របស់​អ្នកនិពន្ធ​វេយ្យាករណ៍​នៅក្នុងគំរូតាង ព្រមទាំងបង្ហាញពីការធ្វើវិចារណកម្មជា ទស្សនៈផ្ទាល់ខ្លួន​របស់​ស្មេរអំពី​ការ​សិក្សាអក្ខរវិធី ដោយពន្យល់យ៉ាងច្បាស់លាស់ទៅលើការសិក្សា​អំពីស្រៈ ព្យញ្ជនៈ និង​វណ្ណយុត្តិ នៅក្នុងក្របខណ្ឌវេយ្យាករណ៍ប្រពៃណី និងក្នុងក្របខណ្ឌភាសា​វិទ្យា។

ជំពូក១
សេចក្តីផ្ដើម
១.១. លំនាំបញ្ហានៃការស្រាវជ្រាវ

រហូតមកដល់ពេលនេះ អ្នកស្រាវជ្រាវភាសាវិទ្យាបានរកឃើញថា ភាសានៅលើពិភពលោក​​មានប្រមាណជាង៦០០០ភាសា ដែលនៅមានមនុស្សប្រើប្រាស់ប្រាស់ប្រចាំថ្ងៃនៅ​ឡើយ (Austin, 2008)។ ក្នុងនោះ ភាសាខ្មែរជាភាសាមួយដែលមានប្រវត្តិយូរលង់មកហើយ គឺតំណាលគ្នា​នឹង​កំណើតជនជាតិខ្មែរដែរ។ ដោយមូលហេតុថា ភាសានេះជាភាសាដ៏ចំណាស់មួយក្នុង​ចំណោម​ភាសា​ដទៃទៀត​ក្នុង​​ក្រុម​​​ភាសាមន-ខ្មែរ ក្នុងអម្បូរអូស្រ្តូអាស៊ី ទើបធ្វើឱ្យភាសា​នេះ​​មាន​ភាព​សម្បូរ​​បែប​យ៉ាង​ច្រើន​។ តាម​ទស្សនៈរបស់អ្នកស្រាវជ្រាវសំខាន់ៗ ជាពិសេស​ទ្រឹស្តី​លោក W. Schmitd (ប៊ី សុខគង់, ២០០២) ស្តី​ពី​អត្ថិភាពនៃអម្បូរភាសាមន-ខ្មែរ ក្នុងមហា​អម្បូរ​ភាសាអូស្រ្តូអាស៊ី (អាស៊ីខាងត្បូង) គេ​អាច​កំណត់​បានថា ភាសាខ្មែរគឺជាភាសា​មេមួយដូច​ភាសា​មនដែរ ហើយដែលបានបន្តអត្ថិភាព​ជា​ភាសា​ផ្លូវការ​នៅក្នុងរដ្ឋមួយ និងជាគ្រាម​ភាសា​នៅក្នុងប្រទេសដទៃមួយចំនួនទៀត។

ប៉ុន្តែ ធម្មតាវត្ថុអ្វីក្នុងលោកដែលកើតឡើងហើយត្រូវមានបទបញ្ញត្តិ ច្បាប់ វិធាន របៀបបែប ផែនដូចជាភាសា អក្សរជាតិ មនុស្ស សត្វ អសង្ហារិម សង្ហារិម ប្រទេសជាតិជាដើម។ ភាសាអក្សរ ជាតិត្រូវមានបទបញ្ញត្តិ ច្បាប់ វិធាន ដើម្បីនឹងធ្វើភាសា អក្សរជាតិនោះឲ្យមានរបៀបរៀបរយ ត្រឹម ត្រូវតាមក្បួនខ្នាត ងាយនឹងសម្គាល់ ចំណាំ ងាយនឹងសិក្សារៀនសូត្រ ជាហេតុធ្វើភាសានិងអក្សរ ជាតិនោះឲ្យមានតម្លៃក្នុងលោក។ ព្រោះហេតុដូច្នេះហើយបានជាអ្នកប្រាជ្ញបណ្ឌិតទាំងឡាយមាន បំណងចង់ឲ្យអ្នកសរសេរនិងនិយាយទៅតាមក្បួនខ្នាត សរសេរអក្សរទៅតាមអក្ខរាវិរុទ្ធ រចនាភាសា អក្សរនោះទៅតាមសម័យនិយម កែប្រែភាសា អក្សរតាមការវិវត្តរបស់សង្គម ឲ្យចូលក្នុងចំណោម នឹងគេបាន។ អាស្រ័យហេតុខាងលើនេះ បានជាអ្នកប្រាជ្ញបណ្ឌិតខាងអក្សរសាស្ត្របានខិតខំស្ថាបនា នូវវិជ្ជាមួយហៅថា «វេយ្យាករណ៍»(រ៉ាយ ប៊ុក ១៩៥៥)។

១.២. ចំណោទបញ្ហានៃការស្រាវជ្រាវ

វេយ្យាករណ៍នេះរមែងមានការប្រែប្រួលវិវត្តទៅតាមសម័យកាលរបស់សង្គមមនុស្សពីសម័យ មួយទៅសម័យមួយ។ និយាយបែបនេះព្រោះថាភាសាជារបស់សង្គមមនុស្ស បើសង្គមមានការប្រែ​ប្រួល ភាសាក៏មានការប្រែប្រួល ឯក្បួនខ្នាតវេយ្យាករណ៍ក៏វិវត្តទៅតាមនោះដែរ។​ ដោយឡែក ចំពោះ​ប្រទេសកម្ពុជាយើង របត់ប្រវត្តិសាស្ត្របានផ្លាស់ប្តូរជាបន្តបន្ទាប់ និងមានសង្គ្រាមជាច្រើន​លើក​ច្រើន​​សា។ ក្នុងនោះវិស័យអក្សរសាស្ត្រជាតិក៏មានការប្រែប្រួលជាបន្តបន្ទាប់។ យើងសង្កេត​ឃើញ​អក្សរខ្មែរដែលបុព្វបុរសបានចារឹកទុកនៅលើផ្ទាំងសិលាចាប់តាំងពីសម័យបុរេអង្គរ សម័យ​អង្គរ និង​ក្រោយអង្គរមានការវិវត្តជាហូរហែ។ ប៉ុន្តែ សម័យកាលទាំងនោះ យើងពុំឃើញមានការ​ចងក្រង​ជា​ក្បួន​ខ្នាតវេយ្យាករណ៍ច្បាស់លាស់អ្វីទេ។ លុះមកដល់សតវត្សទី២០ ក្នុងកំឡុងព.ស. ២៤៨៨ (ប្រហែល​គ.ស. ១៩៤៥?) ទើបមានការចងក្រងបោះពុម្ពផ្សាយសៀវភៅវេយ្យាករណ៍​ខ្មែរ​របស់​លោក​ពូវ អ៊ុម ដោយក្រុមវិទ្យាសាស្ត្រក្រសួងសិក្សាធិការ(ពូវ អ៊ុម ១៩៥០)។ បន្ទាប់មកទៀត លោកអៀវ កើស ក៏បាននិពន្ធចងក្រងសៀវភៅភាសាខ្មែរនៅឆ្នាំ១៩៤៧ ហើយក៏មានការតែង​និពន្ធ​ក្បួនខ្នាត​វេយ្យាករណ៍ខ្មែរជាហូរហែមក មានលោកសៀន ខ័នឌី, រ៉ាយ ប៊ុក, អ៊ុយ​ ជួន, សម្តេចព្រះ សង្ឃរាជជួន ណាត, ឃួន សុខម្ភូ, កេង វ៉ាន់សាក់, និងក្រសួងអប់រំក្នុងកំឡុងទសវត្សឆ្នាំ៨០។ លុះ​ត​ពីនោះមកទៀត យើងពុំឃើញមានការនិពន្ធចងក្រងជាក្បួនវេយ្យាករណ៍ជាថ្មីទៀតឡើយ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺស្មេរពិនិត្យឃើញថា ក្នុងចំណោមសៀវភៅវេយ្យាករណ៍​ខ្មែររបស់អ្នកនិពន្ធដូចបានរៀបរាប់ខាងលើនេះ មានអន្លើខ្លះមិនមានការឯកភាពគ្នាទេ តួយ៉ាងដូច​ជា​ការកំណត់ចំនួនស្រៈ វណ្ណយុត្តិ ខណ្ឌសញ្ញាមិនត្រូវគ្នា ក៏ដូចជាកំណត់តួអក្សរ «អ» ថាជាព្យញ្ជនៈ​ឬអត់ជាដើម។ អ្នកខ្លះថាស្រៈមាន២០តួ អ្នកខ្លះថាស្រៈមាន២១តួ ឯអ្នកខ្លះទៀតថាស្រៈមានតែ១៧​តួទេ។ ចំណែកវណ្ណយុត្តិ សៀវភៅខ្លះថាមាន៩យ៉ាង ខ្លះថាមាន១១ ខ្លះថាមាន១៥ ខ្លះថាមាន១៦ ខ្លះថាមាន១៩ ខ្លះថា២១ និងសៀវភៅខ្លះទៀតថាមាន៣០យ៉ាង។ ដូច្នេះ ដើម្បី​ចង់​ឲ្យជ្រាបច្បាស់​ពី​ដំណើរ​​វិវត្តន៍​នៃក្បួនខ្នាតវេយ្យាករណ៍ខ្មែរ(អក្ខរវិធី)​តាំងពីសម័យលោក ពូវ អ៊ុម រហូត​​ដ​ល់​សម័យ​ទសវត្ស​ឆ្នាំ​៨០ មានលក្ខណៈខុសប្លែកគ្នាយ៉ាង​ណាៗ​នោះ ស្មេរក៏​សម្រេច​ចិត្ត​ជ្រើស​រើស​យក​ប្រធាន​បទ «ការសិក្សា​​ប្រៀបធៀបអក្ខរវិធីខ្មែរ តាមរយៈ​សៀវភៅ​វេយ្យាករណ៍​ខ្មែរ ក្នុង​អំឡុងទសវត្ស​ឆ្នាំ​៤០ ដល់​៨០» នេះមក​ធ្វើការសិក្សាស្រាវជ្រាវ ដើម្បី​បាន​ជាគន្លឹះដល់​អ្នក​សិក្សា​ភាសាវិទ្យាជំនាន់​ក្រោយ។

១.៣. គោលបំណងនៃការស្រាវជ្រាវ     

ក្នុងការសិក្សាស្រាវជ្រាវអំពី «ការសិក្សាប្រៀបធៀបអក្ខរវិធីខ្មែរ តាមរយៈសៀវភៅ​វេយ្យាករណ៍​​ខ្មែរ​ ក្នុងអំឡុងទសវត្សឆ្នាំ ៤០ ដល់៨០» នេះ ស្មេរមានបំណងចង់រកឲ្យឃើញ​ពីភាពខុសគ្នានៃ​ការ​សិក្សាអក្ខរវិធីខ្មែរ តាមរយៈសៀវភៅវេយ្យាករណ៍ខ្មែរ ចាប់តាំង​ពី​ឆ្នាំ​១៩៤៥ ដែលខ្មែរយើង​ចាប់ផ្តើម​មានសៀវភៅ​វេយ្យាករណ៍ដំបូង​​រហូតដល់ឆ្នាំ១៩៨៦ ដែល​ក្រសួងអប់រំបានបោះពុម្ពផ្សាយ សៀវ​ភៅវេយ្យាករណ៍​ថ្នាក់ទី៨ចុង​ក្រោយ​គេ សម្រាប់សិក្សានៅតាម​សាលារៀនរបស់រដ្ឋ។

របាយការណ៍ស្រាវជ្រាវនេះនឹងផ្តល់សារៈសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍអក្សរសាស្ត្រ​​ខ្មែរ ជាពិសេសផ្នែកការសិក្សាភាសាវិទ្យា។ ម្យ៉ាង​វិញ​ទៀត ​របាយការណ៍​ស្រាវជ្រាវ​នេះ​ក៏​អាច​​បំផុស​ស្មារតី​ដល់​អ្នកសិក្សាគ្រប់​ស្ថាប័នឲ្យងាក​​មក​ចាប់​អារម្មណ៍​លើ​វិស័យ​អក្សរ​សាស្ត្រ​ខ្មែរ​ ជាពិសេស​ការប្រើប្រាស់វេយ្យាករណ៍បានត្រឹមត្រូវតាមក្បួនខ្នាត ពោលគឺនិយាយបានត្រឹមត្រូវ សរសេរបាន​ត្រឹមត្រូវ។ល។ ​​​​ទោះបីជា​របាយការណ៍ស្រាវជ្រាវនេះល្អក្តី ​មិន​ល្អ​ក្ដី ​ក៏ស្មេរ​​ខិត​ខំ​ទៅតាម​លទ្ធភាព​ដើម្បីបានជាទុនសម្រាប់អ្នកស្រាវជ្រាវជំនាន់ក្រោយបន្តទៀត។​

១.៤. វិសាលភាពនិងដែនកំណត់នៃការស្រាវជ្រាវ

ក្នុងការសិក្សាស្រាវជ្រាវអំពី «ការសិក្សាប្រៀបធៀបអក្ខរវិធីខ្មែរ» នេះ ស្មេរផ្តោតសំខាន់ទៅ​លើ​សៀវភៅ​វេយ្យាករណ៍ខ្មែរ​ ក្នុងអំឡុងទសវត្សឆ្នាំ៤០ដល់ឆ្នាំ៨០ ហើយសិក្សាតែទៅលើគំរូចំនួន៨​(ប្រាំបី) នៃសៀវភៅវេយ្យាករណ៍តែប៉ុណ្ណោះ ដែលរួមមាន៖

  • ភាសាខ្មែរ (អៀវ កើស ១៩៤៧)
  • វេយ្យាករណ៍ខ្មែរ (ពូវ អ៊ុម ១៩៥០)
  • ខេមរវេយ្យាករណ៍ (រ៉ាយ ប៊ុក ១៩៥៥)
  • វេយ្យាករណ៍ខ្មែរទំនើប (សៀន ខ័នឌី ១៩៥៦)
  • វេយ្យាករណ៍ពិសេស (អ៊ុយ ជួន ១៩៥៦)
  • វេយ្យាករណ៍ខ្មែរ (ញិក នូវ ១៩៥៩)
  • វចនានុក្រមខ្មែរ (ជួន ណាត ១៩៦៧ ដកយកតែផ្នែកអក្ខរវិធី)
  • វេយ្យាករណ៍ខ្មែរ (ក្រសួងអប់រំ ១៩៨២-​១៩៨៦)

ហើយម្យ៉ាងវិញទៀត ចំពោះអក្ខរៈដែលស្មេរលើកយកមកសិក្សានេះ មិនបានផ្តោតជា សំខាន់ទៅ​លើ​​ការ​វិភាគអំពីសូរវិទ្យាទេ គឺស្មេរសិក្សាត្រឹមតែចំនួននិងសញ្ញានៃតួអក្ខរៈ ពោលគឺចំនួន និងសញ្ញានៃស្រៈ ព្យញ្ជនៈ និងវណ្ណយុត្តិ​តែប៉ុណ្ណោះ។

១.៥. រចនាសម្ព័ន្ធនៃការស្រាវជ្រាវ

ការសិក្សាស្រាវជ្រាវនេះចែកចេញជា៦ជំពូកដូចខាងក្រោម៖

ជំពូក១៖ សេចក្តីផ្តើម បង្ហាញពីលំនាំបញ្ហា ចំណោទបញ្ហា គោលបំណង​វិសាលភាពនិង ដែន​កំណត់ និងរចនាសម្ព័ន្ធនៃការស្រាវជ្រាវ។

ជំពូក២៖ ការរំលឹកទ្រឹស្តី បង្ហាញពីនិយមន័យនៃបញ្ញត្តិមូលដ្ឋានទាក់ទងនឹងប្រធានបទ (បង្ហាញ​​ពីអក្ខរវិធី និងប្រវត្តិវេយ្យាករណ៍ខ្មែរ​) និងបង្ហាញពីទ្រឹស្តីមួយចំនួនដែលយកមក​ប្រើប្រាស់​ក្នុង​ការសិក្សា។

ជំពូក៣៖ វិធីសាស្ត្រស្រាវជ្រាវ និយាយពីគម្រោងវិភាគ ប្រភេទនិងប្រភពទិន្នន័យ ដំណើរ​​ការ​​ជ្រើសរើសសំណាកគំរូ និងវិធីសាស្ត្រស្រាវជ្រាវ។

ជំពូក៤៖ លទ្ធផលនៃការស្រាវជ្រាវ គឺបង្ហាញអំពីទិន្នន័យ និងរបៀប​នៃការសិក្សា​អក្ខរវិធី​តាមរយៈសៀវភៅសំណាកគំរូទាំងប្រាំបី ដោយចែកចេញជាបួនផ្នែក គឺ ស្រៈ ព្យញ្ជនៈ វណ្ណយុត្តិ និង ខណ្ណសញ្ញា។

ជំពូក៥៖ វិភាគលើលទ្ធផលនៃការស្រាវជ្រាវ គឺវិភាគទៅលើស្រៈ វិភាគលើព្យញ្ជនៈ និង វិភាគលើវណ្ណយុត្តិ។

ជំពូក៦៖ សេចក្តីសន្និដ្ឋាននិងការផ្តល់អនុសាសន៍ គឺបង្ហាញពីការសន្និដ្ឋានទៅលើលទ្ធ-ផលនៃការសិក្សាស្រាវជ្រាវ ព្រមទាំងលើកអនុសាសន៍សម្រាប់កែលម្អ។

ជំពូក២
ការរំឭកទ្រឹស្តី
២.១. បញ្ញត្តិមូលដ្ឋានទាក់ទងនឹងប្រធានបទ
២.១.១. ប្រវត្តិវេយ្យាករណ៍ខ្មែរ​

យោងតាមសៀវភៅខេមរវេយ្យាករណ៍របស់លោក រ៉ាយ ប៊ុក (១៩៥៥) បានបង្ហាញថា ការ​សិក្សា​​អំពីក្បួនខ្នាតវេយ្យាករណ៍ គឺធ្វើតាំងពីបុរាណកាលខាងបូព៌ាទ្វីបនិងបស្ចិមទ្វីប។ ការស្រាវជ្រាវ​នៃបណ្ឌិតវេយ្យាករណសាស្ត្រហិណ្ឌូដែលមានបណ្ឌិតបានិនីជាប្រធាន ក្នុងសតវត្សទី៤មុនគ.ស. មាន​កិត្តិសព្ទល្បីល្បាញអស្ចារ្យពន់ពេក។   វេយ្យាករណ៍សាស្ត្រខាងបស្ចិមប្រទេសគឺជនជាតិក្រិចជាអ្នកបង្កើត។ ពួកបណ្ឌិតវេយ្យាករណ៍សាស្ត្រនៅទីក្រុងអាលេកសង់ឌ្រី សុទ្ធតែពួកបណ្ឌិតអក្សរសាស្ត្រ មានបំណងចង់រចនាកាព្យនិទាន បណ្ឌិត អូមែរ(Homère)ឲ្យបានបរិសុទ្ធស្អាត។ ពួកនេះបានកំណត់នូវវិធានការខ្លះនៃវេយ្យាករណ៍។ មានពួកបណ្ឌិតវេយ្យាករណ៍នៅទីក្រុងប៉ែរកាម(ប្រទេសអាស៊ីមីណើរ)ជាបច្ចាមិត្រពួកអាលេកសង់-ដ្រាំង បានទទួលពីបណ្ឌិតនេះនូវបញ្ជីរាយពាក្យដែលគេមិនប្រើ។ ពួកបណ្ឌិតនេះយល់ថាត្រូវទុក ពាក្យដែលមានន័យផ្ទុយអហេតុកវិជ្ជា(anomalie)សភាពខុសពីធម្មតា ជាបទបញ្ញត្តិច្បាប់ភាសា, អ្នក ដែលយល់ផ្ទុយពីនេះគឺជាពួកហេតុកវិជ្ជា(analogy)។ លោក ដឺនិស ដឺស្ត្រាស់ (សតវត្សទី១មុនគ.ស.) បាននិពន្ធនូវសៀវភៅមួយឈ្មោះថា «តម្រាវេយ្យាករណ៍» ដែលមានអានុភាពផ្សាយអស្ចារ្យ ហើយ​វេយ្យាករណ៍នេះគេចាត់ទុកជាក្បួនស្វ័យរាជក្នុងពេលនោះ។ ក្នុងសតវត្សទី២នៃគ្រិស្តសករាជ លោក​​ អប៉ូលូនីយស ឌិស្កូល បាននិពន្ធដោយជាក់លាក់នូវតម្រារូបសាស្ត្រ (morphology)។ ពួករ៉ូម៉ាំងបាន​ខំ​ព្យាយាមសិក្សាវេយ្យាករណ៍យ៉ាងស្វាហាប់ តែមិនសូវបានផល។ ពួកនេះបានប្រែនូវអវសាន​សព្ទ​ភាសាក្រិចជាភាសាឡាតាំង។ នៅមធ្យមយុគ គ្មានការរីកចម្រើនខាងការសិក្សាវេយ្យាករណ៍ទេ។ នៅ​​សតវត្សទី១៦ និងដើមសតវត្សទី១៧ ពួកបណ្ឌិតខាងវេយ្យាករណ៍បារាំង គឺមានតែពួកចេះ​ភាសា​សាស្ត្រ​សុទ្ធៗ មិនដឹងនូវប្រវត្តិភាសាសាស្ត្រ ហើយច្រើនប្រកាន់នូវទស្សនវិជ្ជាហួសហេតុ។​ ការ​រៀបចំបែងចែកពាក្យខាងភាសាបារាំងនេះកើតឡើងដោយភាគច្រើនចំពោះការព្យាយាមនៃពួក​បណ្ឌិតនេះបានជាមានពាក្យផ្ទុយ ពាក្យសុខុម។ តាំងពីកើតសៀវភៅវេយ្យាករណ៍ប៉ូររ៉្វាយ៉ាល់(១៦៦០) មានគេនិពន្ធសៀវភៅវេយ្យាករណ៍ជាច្រើន។ អ្នកនិពន្ធបានខំស្វែងរកគោលការណ៍ជាសមូហភាព​រវាងគ្រប់ភាសាទាំងអស់។  ចំពោះអ្នកនិពន្ធវេយ្យាករណ៍ មានលោក បូហ្សេ លោកកុងឌីយ៉ាក់ លោក​ ឌុយម៉ារសេស៍ លោក ដេស្ទុត្តដឺត្រាស៊ី។ ចុងសតវត្សទី១៨ មានព្រឹត្តិការណ៍សំខាន់​ក្នុង​ប្រវត្តិ- សាស្ត្រ គឺការរកឃើញភាសាសំស្ក្រឹត។​ ក្រោយមក «វេយ្យាករណ៍ទូទៅ» នឹងបាត់ ហើយលេច ចេញនូវ «វេយ្យាករណ៍តាមប្រវត្តិសាស្ត្រនិងប្រៀបធៀប» វិញ។ របៀបនៃការពិសោធត្រូវរបៀប​សំដែងហេតុផលមានអានុភាពជាលំដាប់តទៅមានភាសាវិទូបីនាក់យ៉ាងចំណានជាងគេ ត្រង់ប្រើ​តម្រាសំដែងហេតុផល គឺលោក ប៉ូប្ប (គ.ស.១៨៣៣) ក្នុងសៀវភៅ «វេយ្យាករណ៍ប្រៀប​ធៀប​ចំពោះភាសាឥណ្ឌា-សែ​រម៉ា​និក» លោក សាកុប គ្រីម្យ (គ.ស.១៨១៩) ក្នុងសៀវភៅ​«វេយ្យា-ករណ៍​​អាល្លឺម៉ង់» លោក ហ្រ្វេដេរិក ឌីយេ(គ.ស.១៨៣៦) ក្នុងសៀវភៅ «វេយ្យាករណ៍ប្រៀបធៀប​ភាសារ៉ូម៉ាន» តែការស្វែងរកបែបនេះ ចូលទៅក្នុងវិជ្ជាមួយដែលហៅថាភាសាសាស្ត្រ។

ចំណែកឯប្រវត្តិនៃវេយ្យាករណ៍ខ្មែរ គេពិបាកនឹងស្រាវជ្រាវរកប្រភពដើមណាស់ ព្រោះ វេយ្យាករណ៍ខ្មែរមានបច្ច័យទាក់ទងនឹងវេយ្យាករណ៍បាលីសំស្ក្រឹត។ ឯវេយ្យាករណ៍បាលីសំស្ក្រឹត ប្រហែលជាមានបណ្ឌិតបាននិពន្ធតាំងពីសម័យអង្គរធំ ព្រោះមានសិលាចារឹកជាភាសាសំស្ក្រឹត។ ប៉ុន្តែក្រោយមក មានសៀវភៅកច្ចាយនូបម្ភកៈរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត, វេយ្យាករណ៍ សំស្ក្រឹត របស់ព្រះពោធិវង្ស ហួត តាត, សៀវភៅវេយ្យាករណ៍បាឋរបស់លោកអាចារ្យ អ៊ុក ជា, វេយ្យាករណ៍ខ្មែរថ្នាក់មច្ឆិមដ្ឋាននិងឧត្តមដ្ឋានរបស់លោក ពូវ អ៊ុម ។ល។

២.១.២. និយមន័យ
២.១.២.១. វេយ្យាករណ៍

ពាក្យ «វេយ្យាករណ៍» ត្រូវនឹងភាសាបារាំងថា «grammaire»​ និងភាសាអង់គ្លេសថា «grammar» ត្រូវបានគេឲ្យន័យស្រដៀងៗគ្នាជាច្រើន។​  សៀវភៅវចនានុក្រម​ខ្មែររបស់ពុទ្ធសាសន-​បណ្ឌិត្យ​បានពន្យល់ន័យ​នៃវេយ្យាករណ៍ថា «វេយ្យាករណ៍»  មកពីពាក្យបាលីថា  «វេយ្យាករណ» និងសំស្ក្រឹតថា «វៃយា-ករណ ឬ វ្យាករណ» ដែលមានន័យថា ការ​ធ្វើ​ឲ្យ​ជាក់​ច្បាស់, ឲ្យ​ប្រាកដ; ការ​ពន្យល់; ពាក្យ​អធិប្បាយ; ពាក្យ​ដោះ​ស្រាយ; ពាក្យ​រាយ; ទំនាយ; ឈ្មោះ​អង្គ​នៃ​ពុទ្ធ​ភាសិត (បាលី​ភាសា ឮ) មួយ​យ៉ាង​ជា​ពាក្យ​រាយ (មិនមែន​គាថា, បាលី ជា​ពាក្យ​រាយ​នេះ​ហៅ​វេយ្យាករណ​បាឋវិញ​ក៏​បាន); គម្ពីរ​ប្រាប់​គោល​របស់​ភាសា, មូល​របស់​ភាសា។​

ក្រៅពីនិយមន័យនៅក្នុងសៀវភៅវចនានុក្រមខ្មែរ យើងឃើញមានការឲ្យន័យប្លែកពីគ្នា បន្តិចបន្តួចផ្សេងទៀតដូចជា​ អ្នកវេយ្យាករណ៍បុរាណខ្មែរថា «​វេយ្យាករណ៍​» គឺជា​ការធ្វើឲ្យ​ជាក់​ច្បាស់ ឲ្យ​ប្រាកដ, ការពន្យល់…(អ៊ុយ ជួន ១៩៥៦)។ «វេយ្យាករណ៍​» ជាក្បួន​បង្រៀន​​អក្ខរវិធី​ដើម្បី​ពោល, សរសេរ​ឲ្យបានត្រឹមត្រូវតាមច្បាប់អក្សរសាស្ត្រ(សៀន ខ័នឌី ១៩៥៦)។ «វេយ្យាករណ៍» ជា ក្បួនបង្រៀនវិធីអក្ខរៈដើម្បីនិយាយត្រឹមត្រូវ សរសេរត្រឹមត្រូវក្នុងភាសាខ្មែរ(ពូវ អ៊ុម ១៩៥០)។

ចំណែកអ្នកភាសា​វិទ្យា​វិញ​បាន​​ឲ្យនិយមន័យ «វេយ្យាករណ៍» ថាជាភាសាវិទ្យាអនុវត្ត​ចំពោះ​​ភាសាណាមួយដើម្បី​ពន្យល់​​និង​ចងក្រងក្បួនវិធីទ្រទ្រង់ភាសា ហើយនឹងប្រើភាសាឲ្យបាន​ត្រឹម​ត្រូវ (កេង វ៉ាន់សាក់ ១៩៦៦)។ ក្នុង​ន័យ​នេះ លោកកេង វ៉ាន់សាក់(១៩៦៦)​បានផ្តល់​និយម-​ន័យឲ្យពាក្យ​សំខាន់បីយ៉ាងគឺ៖ វេយ្យាករណ៍​ជាវិទ្យាអនុវត្តចំពោះភាសាណាមួយដែល​ជាក្បួន​វិធី។ វេយ្យាករណ៍​សាស្ត្រជា​កម្រងក្បួន​វិធីផ្ទាល់​របស់ភាសា ហើយនឹងក្បួនវិធីរបស់អ្នក​វេយ្យា​ករណ៍។ វេយ្យាករណ៍​វិទ្យាជាមុខវិទ្យាដែល​សិក្សា​វិនិច្ឆ័យ​អំពីវេយ្យាករណ៍ដើម្បីចងក្រងក្បួនវិធីទ្រទ្រង់ភាសា និងប្រើ​ភាសាឲ្យបានសមហេតុ​សម​ផល។  រីឯនៅក្នុងវចនានុក្រមអេឡិចត្រូនិច អុក្សហ្វត (Oxford Advanced Learner’s Dictionary) បានពន្យល់ថា វេយ្យាករណ៍គឺជាក្បួនក្នុងភាសាមួយសម្រាប់ការ​ផ្លាស់​ប្តូរ​​ទម្រង់​នៃ​ពាក្យ និងការចងសម្ព័ន្ធនៃពាក្យនៅក្នុងល្បះ (Grammar is the rules in a language for changing the form of words and joining them into sentences)។ ដូចគ្នានេះដែរ វចនានុក្រមអេឡិចត្រូចនិច អិនកាតា (Encarta Dictionary) ក៏បានឲ្យនិយមន័យវេយ្យាករណ៍ថា វេយ្យាករណ៍គឺជា  ប្រព័ន្ធនៃក្បួនខ្នាតរបស់ពាក្យដែលត្រូវបានដាក់ចងសម្ព័ន្ធគ្នាជាល្បះ ឬជាក្បួន​សម្រាប់​ការនិយាយ​ឬ​​​សរសេរ​ភាសាមួយជាក់លាក់ ឬការវិភាគពីក្បួនខ្នាតនៃទិដ្ឋភាពជាក់លាក់​មួយ​នៃភាសា (the system of rules by which words are formed and put together to make sentences or the rules for speaking or writing a particular language, or an analysis of the rules of a particular aspect of language.)។

២.១.២.២. ប្រៀបធៀប

យោងតាមសៀវភៅវចនានុក្រមខ្មែររបស់ពុទ្ធសាសនបណ្ឌិត្យ (១៩៦៧) បានពន្យល់ថា៖ «ប្រៀប» (កិ.)  ធៀប, ប្រដូច ។ ប្រៀបធៀប ធៀប​ប្រដូច, ប្រដូច​ដោយ​ធៀប​គ្នា​ ។ ប្រៀប​ផ្ទឹម ផ្ទឹម​ប្រដូច​គ្នា ។ ប្រៀបប្រាយ ដែល​ផ្សែផ្សំ​ប្រដូច​គ្នា : និយាយ​ប្រៀបប្រាយ; សម្ដី​ប្រៀបប្រាយ។ ពាក្យ​ប្រៀប ពាក្យ​ប្រដូច។ ចាញ់​ប្រៀប​គេ ចាញ់​គេ​ដោយ​ការ​ប្រៀប​ផ្ទឹម គឺ​បើ​ប្រៀប​ផ្ទឹម​នឹង​គេ​ឃើញ​ថា​អន់​ជាង​គេ ដោយ​កល​ឧបាយ​ណា​មួយ, ចាញ់​កល​ឧបាយ​គេ។ មាន​ប្រៀប​លើ​គេ មាន​តម្លែ​លើ​គេ​ដោយ​ការ​ប្រៀប​ផ្ទឹម គឺ​បើ​ប្រៀប​ផ្ទឹម​នឹង​គេ ឃើញ​ថា​គ្រាន់​បើ​ជាង​គេ ។ រីឯ «ធៀប»  (កិ.)  ផ្គូ​របស់​ច្រើន​មុខ​ប៉ាន់​មើល​ឲ្យ​ដឹង​ថា​ខាង​ណា​ល្អ-អាក្រក់ ​ឬ​ខាង​ណា​តិច-ច្រើន​ជាង​គ្នាជាដើម : ធៀប​គ្នា​មើល​ទៅ ឃើញ​ថា​របស់​អ្នក​គ្រាន់​បើ​ជាង​របស់​ខ្ញុំ។ ប្រើ​ជា​មួយ​នឹង​ពាក្យ ប្រៀប ក៏​មាន : ប្រៀប​ធៀប គឺ​ប្រដូច​ដោយ​ធៀប​គ្នា​មើល។

២.១.២.៣. អក្សរឬអក្ខរៈ

វចនានុក្រមខ្មែរ(១៩៦៧)ឲ្យនិយមន័យអក្សរឬ​អក្ខរៈថា ជាស្នាម​គំនូស​មាន​តួ​រាង​ផ្សេង​ៗ​សម្រាប់​ប្រើ​សរសេរ​កត់​ត្រាពាក្យ​សម្ដី​និង​សេចក្ដី​ទាំងពួង។ អក្សរចែក​ជា​ពីរ​ពួក​គឺព្យញ្ជនៈ​និង​ស្រៈ ។

លោក រ៉ាយ ប៊ុក(១៩៥៥) ឲ្យនិយមន័យថា អក្សរគឺជាស្នាម​គំនូស​មាន​តួ​រាង​ផ្សេង​ៗ​សម្រាប់​​ប្រើ​សរសេរ​កត់​ត្រាពាក្យ​សម្ដី​និង​សេចក្ដី​ទាំងពួង ប្រើមិនចេះអស់។ អក្សរមានពីរយ៉ាង​គឺ​ព្យញ្ជនៈ​​ និង​ស្រៈ ។

លោក សៀន ខ័នឌី(១៩៥៦) និងលោក អ៊ុយ ជួន(១៩៥៦) ឲ្យនិយមន័យដូចគ្នាថា អក្សរ​គឺជា​​សូរ​សំឡេង​ដែលលាន់ឮប្រាកដឡើងមួយ(ស័ព្ទ) ស្នាមគំនូសជាតួរាងដែលល្មមកំណត់ចំណាំ​បាន​​តាម​ស្រួល​មួយ(តួអក្សរ)។

តាមនិយមន័យខាងលើនេះ គេបានបែងចែកអក្ខរៈជាពីរគឺស្រៈនិងព្យញ្ជនៈ។ ចំណែក​លោក​បណ្ឌិត ច័ន្ទ សំណព្វ (២០១៣) បានបែងចែកអក្ខរៈឬអក្សរជាបី គឺស្រៈ ព្យញ្ជនៈ និង​វណ្ណយុត្តិ។

ដូច្នេះ ការសិក្សាអំពីអក្ខរវិធីនេះ គឺយើងសិក្សាទាំងស្រៈផង ព្យញ្ជនៈផង និងវណ្ណយុត្តិ​ផង។ ប៉ុន្តែដោយស្មេរឃើញមានភាពមិនច្បាស់លាស់ក្នុងការបែងចែកវណ្ណយុត្តិនិងខណ្ឌសញ្ញានៃ​សៀវភៅសិក្សាគំរូនេះ ទើបស្មេរបន្ថែមខណ្ឌសញ្ញាមួយទៀតមកសិក្សាផងដែរ។

២.១.២.៤. ព្យញ្ជនៈ

ព្យញ្ជនៈគឺជាគ្រឿងសម្គាល់ អាការៈសម្តែងឲ្យឃើញច្បាស់(អៀវ កើស ១៩៤៧)។

ព្យញ្ជនៈគឺជាតួ​អក្សរ​ដែល​សម្រាប់​ផ្សំ​ជាមួយ​នឹង​ស្រៈ, លុះ​តែ​មាន​ស្រៈ​ផ្សំ​ផង ទើប​កើត​ច្បាស់​​ប្រាកដ​ជា​សម្ដី​ឡើង​បាន (វចនានុក្រមខ្មែរ ១៩៦៧) ។

ព្យញ្ជនៈគឺជាតួ​អក្សរ​ដែល​សម្រាប់​ផ្សំ​ជាមួយ​នឹង​ស្រៈឲ្យកើតជាសំដីឡើងបាន ​(ញិក នូវ ១៩៥៩)។

ព្យញ្ជនៈគឺអក្សរធ្វើឲ្យប្រាកដ(សៀន ខ័នឌី ១៩៥៦)។

ព្យញ្ជនៈគឺអក្សរធ្វើនូវសេចក្តីឲ្យប្រាកដ(អ៊ុយ ជួន ១៩៥៦)។

ព្យញ្ជនៈ គឺជាសូរសំឡេងដែលកើតមកពីដំណើរខ្យល់តាមបំពង់​សំឡេង បន្លឺឡើងដោយ​មានទំនប់ប្រកបដោយភាពពុំច្បាស់លាស់ (ក្រសួងអប់រំ, ១៩៨០)។

ចំណែកលោកបណ្ឌិត នៅ ស៊ុន បានឲ្យនិយមន័យថា ព្យញ្ជនៈគឺជាសូរនៃការបន្លឺ មាន​ប្រទះ​នឹងឧបសគ្គឬទំនប់ (ទាំងអស់ក្តី ខ្លះក្តី) ដែលកើត​ឡើង​ក្នុង​ចំណុចមួយឬច្រើននៃប្រដាប់បន្លឺ។ វត្តមាននៃឧបសគ្គឬទំនប់ទៅលើដំណើរខ្យល់បង្កឲ្យ​មានជាសូរព្យញ្ជនៈ​ (ប៉ិញ សឿន, រំព្ញកទ្រឹស្តី នានាទាក់ទងនឹងសូរ សទ្ទតា និងគ្រាមភាសា,​ ទស្សនាវដ្តីសង្គមសាស្ត្រ មនុស្សសាស្ត្រ ឆ្នាំទី៤៣ លេខ៨២, ២០១៣)។

លោក ប៉ិញ សឿន(២០១៣)បានធ្វើការសំយោគព្យញ្ជនៈក្នុងក្របខណ្ឌវេយ្យាករណ៍និង ភាសាវិទ្យាថា ជាឯកតាពីររបស់ភាសា(សញ្ញាភាសានិងសូរសព្ទភាសា) ដែលធ្វើឲ្យសេចក្តីប្រាកដ ឡើង ហើយផ្សំជាមួយឯកតាដៃគូរបស់វាគឺស្រៈ ក្នុងបុព្វហេតុបង្កើតជាខ្សែសម្តីឡើង ហើយធ្វើឲ្យ ឯកតាជាដៃគូ(ស្រៈ)មានលក្ខណៈសម្របតាមអានុភាពខ្លួនវា។

២.១.២.៥. ស្រៈ

ស្រៈគឺជាសូរសំឡេង(អៀវ កើស ១៩៤៧)។

ស្រៈគឺជាអក្សរ​ដែល​អាច​បញ្ចេញ​សំឡេង​ខ្លួន​ឯង​បាន​ផង អាច​នាំ​ព្យញ្ជនៈ​ឲ្យ​ចេញ​សំឡេង​បាន មាន​សូរ​ឮ​តាម​រំពង​របស់​ព្យញ្ជនៈ​(រ៉ាយ ប៊ុក ១៩៥៥, វចនានុក្រមខ្មែរ ១៩៦៧)។

ស្រៈគឺជាអក្សរដែលអាច​បញ្ចេញ​សំឡេង​ខ្លួន​ឯង​បាន​ផង អាច​នាំ​ព្យញ្ជនៈ​ឲ្យ​ចេញ​សំឡេង​បានផង មានសូរឮតាមរំពងរបស់ព្យញ្ជនៈផង(សៀន ខ័នឌី ១៩៥៦, អ៊ុយ ជួន ១៩៥៦)។

ស្រៈគឺជាគំនូសដែលអាច​បញ្ចេញ​សំឡេង​ខ្លួន​ឯង​បាន​ផង អាច​នាំ​ព្យញ្ជនៈ​ឲ្យ​ចេញ​សំឡេង​​បានផង មានសូរលាន់ឮតាមរំពងរបស់ព្យញ្ជនៈផង(ញិក នូវ ១៩៥៩)។

ស្រៈគឺជាសូរសំឡេងដែលកើតមកពីដំណើរខ្យល់តាមបំពង់សំឡេង បន្លឺឡើងដោយគ្មាន ទំនប់ ប្រកបដោយភាពច្បាស់លាស់(ក្រសួងអប់រំ, ១៩៨០)។

២.១.២.៦. វណ្ណយុត្តិ

វណ្ណយុត្តិគឺជាគ្រឿង​ប្រដាប់​សម្រាប់​ប្រើ​ផ្សំ​ជា​មួយ​នឹង​អក្សរ​(រ៉ាយ ប៊ុក ១៩៥៥, វចនានុក្រម​ខ្មែរ ១៩៦៧)។

វណ្ណយុត្តិគឺជាគ្រឿង​ប្រដាប់​សម្រាប់​ប្រើ​ផ្សំ​ជា​មួយ​នឹង​អក្សរ ដើម្បីនឹងបំពេញក្នុងការប្រើកុំ​ឲ្យ​​ខ្វះខាត(អ៊ុយ ជួន ១៩៥៦)។

វណ្ណយុត្តិគឺជាគ្រឿង​ប្រើ​ជា​មួយ​នឹង​អក្សរ ដើម្បីសម្រួលក្នុងការប្រើសំឡេងទៅតាមសេចក្តី​ត្រូវការ(ញិក នូវ ១៩៥៩)។

វណ្ណយុត្តិគឺជាសញ្ញាទាំងឡាយដែលគេបន្ថែមលើតួអក្ខរាដើម្បីលំអៀងសូរសព្ទពីលំនាំ ដើម ឬធ្វើលក្ខខណ្ឌសេចក្តីឲ្យមានសង្កាត់ច្បាស់លាស់(សៀន ខ័នឌី ១៩៥៦)។

វណ្ណយុត្តិគឺជាសញ្ញាដែលបន្ថែមលើតួអក្ខរៈដើម្បីនឹងលំអៀងសព្ទវែងជាខ្លី ឬលំអៀងសព្ទ ឲ្យប្លែកពីសព្ទដើម ឬកាត់ពាក្យក្នុងប្រយោគជាសង្កាត់ដើម្បីឲ្យលះសេចក្តី (ពូវ អ៊ុម ១៩៥០)។

វណ្ណយុត្តិជាសញ្ញាសម្រាប់កែលំអៀងស្រៈនិងព្យញ្ជនៈឲ្យបែរទៅតាមត្រូវការ (អៀវ កើស ១៩៤៧)។

២.១.២.៧. ខណ្ឌសញ្ញា

ខណ្ឌសញ្ញាគឺជាសញ្ញាផ្សេងៗដែលប្រើសម្រាប់កាត់ចែកការសរសេរជាវគ្គ ជាអន្លើ ជាប្រ- យោគ ជាវាក្យ(អៀវ កើស ១៩៤៧)។

ខណ្ឌសញ្ញាគឺជាពួកវណ្ណយុត្តិដែលប្រើខណ្ឌសេចក្តីជាសង្កាត់(សៀន ខ័នឌី ១៩៥៦)។

ចំណែកសៀវភៅវចនានុក្រមខ្មែររបស់ពុទ្ធសាសនបណ្ឌិត(១៩៦៧) បានឲ្យន័យថា ខណ្ឌ​សញ្ញាជាសញ្ញា​មាន​រូប​យ៉ាង​នេះ (។) សម្រាប់​ប្រើ​រាំង​ឃ្លា ឬសង្កាត់​នៃ​សេចក្ដី​មួយ​ៗឲ្យ​ដាច់​ស្រឡះ​ដោយ​ឡែក​ពី​គ្នា។

២.២. ទ្រឹស្តីដែលប្រើប្រាស់ក្នុងការសិក្សា
២.២.១. ទ្រឹស្តីបណ្ឌិត ច័ន្ទ សំណព្វ

លោកបណ្ឌិត ច័ន្ទ សំណព្វ(២០១៣) បានបែងចែកអក្សរ(អក្ខរៈ)ជាបីគឺ ស្រៈ ព្យញ្ជនៈ និង វណ្ណយុត្តិ។ ហើយនៅក្នុងការសិក្សាអំពីអក្ខរៈនេះ គេត្រូវឈរលើគោលការណ៍បីយ៉ាង គឺទី១ សញ្ញា ទី២ ឈ្មោះ និងទី៣ សូរ។

លោកបណ្ឌិតបានមានប្រសាសន៍ទាក់ទងនឹងអក្ខរៈនេះថា ក្នុងការសិក្សាអំពីស្រៈឬព្យញ្ជនៈ គេត្រូវបែងចែកឲ្យច្បាស់រវាងការសិក្សាក្នុងក្របខណ្ឌវេយ្យាករណ៍ប្រពៃណី និងការសិក្សាវិភាគក្នុង ក្របខណ្ឌសូរវិទ្យា។ ទាក់ទងនឹងបញ្ហាស្រៈ និងព្យញ្ជនៈនេះ លោកបណ្ឌិត ច័ន្ទ សំណព្វ ​បាន​ពន្យល់ទៀតថា «ុំ  ំ  ាំ ះ» គឺជាស្រៈពិតប្រាកដនៅក្នុងក្របខណ្ឌវេយ្យាករណ៍ប្រពៃណី ប៉ុន្តែវា មិនមែនជាស្រៈទេនៅក្នុងក្របខណ្ឌសូរវិទ្យា។ រីឯអក្សរ លោកបណ្ឌិតអះអាងជាដាច់ខាត​គឺ​ជា​ព្យញ្ជនៈ ពុំមែនជាស្រៈទេ ព្រោះគាត់បានពិសោធអានអក្សរ នេះជាមួយ​ម៉ាស៊ីនវិភាគ អស់ជា​ច្រើន​​ដងច្រើនសារ កាលលោកនៅសិក្សានៅប្រទេសបារាំង។ ជាលទ្ធផល គឺរលកសញ្ញា​នៃ​ម៉ាស៊ីន​​បង្ហាញថា គឺជាព្យញ្ជនៈ​ពិត​ប្រាកដ។ ជាទឡ្ហីករណ៍មួយទៀត លោកបណ្ឌិតពន្យល់ថា តាមរយៈ សូរ នៃការបញ្ចេញសំឡេងរបស់កូនខ្មែរ បង្ហូរឡើងដោយមានទំនប់ គឺ ជាព្យញ្ជនៈចន្លោះខ្សែ​សំឡេង (coup de glotte)។ ជាឧទាហរណ៍ គាត់ថា ក្នុងការអានពាក្យ អូន គាត់ឮសូរ [ʔỌ:n] ពុំមែន [Ọ:n] ទេ។

២.២.២. ទ្រឹស្តីភាសាវិទ្យាប្រៀបធៀប

ទ្រឹស្តី​ភាសាវិទ្យា​ប្រៀបធៀប(theoretical and Comparative Linguistics) ខិត​ខំ​ស្វែង​រក​លក្ខណៈ​ដែល​​លេចឡើង​ក្នុង​ភាសាពីរ និង​លក្ខណៈដែល​មិន​លេចឡើង​នៅ​ក្នុង​ភាសាទាំង​ពីរ​នោះ។ ជ្រុង​មួយ​​នៃការ​ប្រៀប​ធៀបដ៏ច្បាស់ជាក់ស្តែងមួយក៏​បង្ហាញផង​ដែរនូវ​លក្ខណៈ​ពិសេសនៃ​ភាសា​នីមួយៗ ​​​ច្រើន​ជាងកា​រ​ដាក់​ភាសាមួយ​ឲ្យ​នៅ​ដាច់​តែ​ឯង(Sten Vikner 2006)។ នៅក្នុងទ្រឹស្តីនៃការសិក្សាភាសា​វិទ្យាប្រៀបធៀប គេបែងចែកចេញជាពីរបែបគឺ ប្រៀបធៀបតាមអ័ក្សសមកាលនិងតាមអ័ក្សប្រតិ–កាល។

២.២.២.១. តាមអ័ក្សសម​កាល

ក្នុង​ការសិក្សាភាសាវិទ្យាអ័ក្សសម​កាល(Synchronic Linguistics)ដែល​តាម​ឯក​សារ Dictionary of Linguistic and Phonetics​ បាន​លើក​ឡើងថា ភាសាវិទ្យាអ័ក្សសមកាល​​ជា​វិធីសាស្ត្រមួយដែល​ភាសា​ត្រូវ​បាន​គេសិក្សាក្នុង​ចំ​ណុច​ទ្រឹស្តីមួយ​ក្នុ​ង​ពេល​វេលា​ណា​មួយ ដែល​វិធីសាស្ត្រមួយរៀប​រាប់​ពី​លក្ខណៈនៃ​ភាសាដោយ​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើការ​ប្រែ​ប្រួល​នៃ​សម័យកាល​។ ឧទាហរណ៍ ការ សិក្សាភាសា​អង់គ្លេស នៅសតវត្សទី១៦ ឬនៅ​សម័យ​ទំ​នើប(David Crystal,2008:469)។ យើងអាច​និយាយបានថាការសិក្សាតាមបែបសមកាលគឺជាការសិក្សាពីការវិវត្តភាសាដែលមិនគិតទៅដល់​អតីតកាល ហើយក៏មិនគិតថាភាសាកើតឡើងខាងមុខនឹងមានលក្ខណៈយ៉ាងណានោះទេ។ គេ​បានកំណត់ពាក្យសព្ទនៃភាសាដែលកើតឡើងក្នុងដំណាក់កាលតែមួយជាមួយគ្នា (ប៉ិញ សឿន, ភាសាវិទ្យា ទស្សនាវដ្តីសង្គមសាស្ត្រ មនុស្សសាស្ត្រ លេខ៨១, ២០១២)។ ដូចនេះសមកាលភាសា គេកំណត់​យក​ការសិក្សាប្រៀបធៀបភាសាណាមួយក្នុងរយៈពេលសម័យកាលតែមួយរួមគ្នាឬ​ដែល​ស្ថិតក្នុង​ជំនាន់រួមគ្នានេះឯង។ សមកាលភាសាបញ្ជាក់ពីអ្វីដែលមានពេលវេលាជាមួយគ្នា សម្គាល់​ប្រព័ន្ធ​លក្ខណៈទំនាក់ទំនងគ្នា។ សមកាលភាសាមិន​និយាយពីការផ្លាស់ប្តូរភាសាទេ តែគេនិយាយ​ពី​ទិដ្ឋភាពនៅក្នុងភាសាជំនាន់រួមគ្នា។ ពាក្យនៅក្នុងដំណាក់កាលជាមួយគ្នា តែមានការប្រើប្រាស់​ខុសៗគ្នា (ប៉ិញ សឿន, ភាសាវិទ្យា ទស្សនាវដ្តីសង្គមសាស្ត្រ មនុស្សសាស្ត្រ លេខ៨១,  ២០១២)។

២.២.២.២. តាមអ័ក្សប្រតិកាល

ក្នុង​ការសិក្សាភាសាវិទ្យអ័ក្សប្រតិកាល​(Diachronic Linguistics)ដែល​តាម​ឯក​សារ Dictionary of Linguistic and Phonetics​ បាន​លើក​ឡើងថា ភាសាវិទ្យាអ័ក្សប្រតិកាល អាច​ហៅ​ម្យ៉ាង​ទៀត​ថា  Linguistic Diachronic ឬ Historical of Linguistic ភាសាវិទ្យា​ត្រូវ​បាន​ធ្វើការ​សិក្សាពី​ទស្សនៈមួយនៃ​ការ​អភិវឌ្ឍ​ជាលក្ខណៈ​ប្រវត្តិ ឧទាហរណ៍​ការ​ប្រែ​ប្រួល​នៃ​ភាសាអង់គ្លេសដែល​សិក្សា​នៅ​ក្នុង​ចន្លោះ​ពេល ​រវាងសម័យ​បុរាណ និង​សម័យ​ទំ​នើបអាច​ត្រូវ​បាន​គេ​រៀប​រាប់​នៅ​ក្នុង​ទិដ្ឋភាពនៃ​សទ្ទវិទ្យា ទិដ្ឋភាព​វេយ្យាករណ៍ និង​ទិដ្ឋភាព​ន័យ(David Crystal, 2008:142)។

ចំពោះវិធីសាស្ត្រទាំងពីរនេះ យើងផ្តោតទៅលើវិធីសាស្ត្រទី១ គឺការសិក្សាប្រៀបធៀបភាសា​វិទ្យា​​តាមអ័ក្សសមកាល ពោលគឺការប្រៀបធៀបភាសាដែលស្ថិតនៅក្នុងជំនាន់ជាមួយគ្នា។

២.២.៣. ការសិក្សាអក្ខរវិធីតាមភាសាបាលី (សម្តេច ជួន ណាត)

យោងតាមសៀវភៅអក្ខរវិធីសង្ខេបរបស់សម្តេច ជួន ណាត ដែលនិពន្ធឡើងក្នុងឆ្នាំ១៩៥៤ បោះពុម្ពដោយរោងពុម្ពហង្សរី បានពិពណ៌នាអំពីអក្ខរវិធីក្នុងភាសាបាលីដូចតទៅ៖

២.២.៣.១. ចំនួនអក្ខរៈ

ក្បួនសិក្សាអំពីអក្ខរៈក្នុងភាសាបាលីរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបង្ហាញថា អក្ខរៈសម្រាប់ប្រើក្នុងភាសាបាលីមាន៤១តួ ចែកជា៖

           ក. ស្រៈ មាន៨តួ៖ អ អា ឥ ឦ ឧ ឩ  ឯ ឱ។

           ខ. ព្យញ្ជនៈ មាន៣៣តួ ៖ ក ខ គ ឃ ង ច ឆ ជ ឈ ញ ដ ឋ ឌ ឍ ណ ត ថ ទ ធ ន ប ផ ព ភ ម យ រ ល វ ស ហ ឡ ំ។

២.២.៣.២. ឋាននៃអក្ខរៈ(ទីបន្លឺ)

         ក. កណ្ឋជៈ៖ សំឡេងកើតក្នុងក មាន៨តួ៖ អ អា  ក ខ គ ឃ ង ហ

         ខ. តាលុជៈ៖ សំឡេងកើតត្រង់ពិដានគឺក្រអូមមាត់ មាន៨តួ៖ ឥ ឦ ច ឆ ជ ឈ ញ យ

        គ. មុទ្ធជៈ៖ មានសំឡេងកើតនាក្បាល មាន៧តួ៖ ដ ឋ ឌ ឍ ណ រ ឡ

        ឃ. ទន្តជៈ៖ មានសំឡេងកើតត្រង់ប្រទល់ធ្មេញ មាន៧តួ៖ ត ថ ទ ធ ន ល ស

        ង. ឱដ្ឋជៈ៖ មានសំឡេងកើតត្រង់ប្រទល់បបូរមាត់​ មាន៧តួ៖ ឧ ឩ ប ផ ព ភ ម

     ​    ច. នាសិកជ្ជៈ៖ មានសំឡេងកើតក្នុងច្រមុះគឺមានតែនិគ្គហិត ំ

                 អក្ខរៈខាងលើនេះមានសំឡេងកើតក្នុងឋានតែមួយហៅថា ឯកដ្ឋានជៈ។ អក្ខរៈក្រៅពីនេះ ជាទ្វិដ្ឋានជៈ (មានសំឡេងកើតក្នុងឋានពីរ)។ និង ជាសំយុត្តសរៈ(ស្រៈផ្សំ)។ ជាកណ្ឋ-តាលុជៈ (មានសំឡេងកើតក្នុង «កនិងពិដាន») ត្បិត កើតពី និង ;  ឱ ជាកណ្ឋោដ្ឋជៈ (មាន​សំឡេងកើតក្នុង «កនិងប្រទល់បបូរមាត់») ត្បិត កើតពី និង ង ញ ណ ន ម ទាំង៥តួនេះ ហៅថាវគ្គន្តៈ(ព្យញ្ជនៈបំផុតវគ្គ) ជាសកដ្ឋាន-នាសិកជៈ (មានសំឡេងកើតក្នុងឋានរបស់ខ្លួននិងច្រ-មុះ)។ ជាទន្តោដ្ឋជៈ(មានសំឡេងកើតត្រង់ប្រទល់ធ្មេញនិងបបូរមាត់)។ តាមឋានដើមរបស់ខ្លួន ជាកណ្ឋជៈ ប៉ុន្តែបើផ្សំជាមួយនឹងព្យញ្ជនៈ៨តួគឺ ញ ណ(ន) ម យ ល វ ឡ ដូចជា តណ្ហា មយ្ហំ ជីវ្ហា… ក៏ក្លាយទៅជាឧរជៈ (មានសំឡេងកើតក្នុងទ្រូង) ទៅវិញ ព្រោះហេតុនោះ អក្សរ នេះជួនណាជា កណ្ឋជៈ ជួនណាជាឧរជៈ។

២.២.៣.៣. សូរនៃអក្ខរៈ

សូរអក្ខរៈចែកជាសូរអឃោសៈមាន១១តួ ៖ កខ ចឆ ដឋ តថ បផ ស។ សូរឃោសៈ​មាន២១តួ៖ គឃង ជឈញ  ឌឍណ ទធន ពភម យរលវ ហឡ។

២.២.៣.៤. ប្រភេទសូរនៃអក្ខរៈ(អក្ខរប្បភេទ)

           ក. ព្យញ្ជនៈសិថិល(សំឡេងធូរ) មាន១០តួ៖ គក ចជ ដឌ តទ បព ។

           ខ. ព្យញ្ជនៈធនិត(សំឡេងតឹង) មាន១០តួ៖ ខឃ ឆឈ ឋឍ ថធ ផភ។

           គ. សូរទីឃៈ (ស្រៈវែង) មាន៥តួ៖ អា ឦ ឩ ឯ ឱ 

          ឃ. សូររស្សៈ(ស្រៈខ្លី) មាន៣តួ៖ ឥ ឧ

ជំពូក៣
វិធីសាស្ត្រស្រាវជ្រាវ
៣.១. គម្រោងវិភាគ

​ក្នុងការស្រាវជ្រាវនេះ ស្មេរនឹងធ្វើការវិភាគស្វែងយល់ពីលក្ខណៈដូចគ្នា និងលក្ខណៈ​ខុស​គ្នា នៃការសិក្សាអំពីអក្ខរវិធីនៃសៀវភៅវេយ្យាករណ៍ខ្មែរនៅក្នុងសៀវភៅនៃគំរូខាងលើ ព្រមទាំងស្វែង​រកភាពប្រាកដនិយមមួយនៃបញ្ហាអក្ខរវិធីខ្មែរ។ ដំបូង ស្មេរបានស្រាវជ្រាវអំពីអក្ខរវិធីតាមសៀវភៅ​វេយ្យាករណ៍​ខ្មែរនានាតាំងពីទសវត្សទី៤០ដល់៨០។ បន្ទាប់មកទៀត ស្មេរបានស្រង់ផ្នែកអក្ខរវិធី​ពីក្នុងសៀវភៅវេយ្យាករណ៍ទាំងនោះមកប្រៀបធៀបគ្នា ដើម្បីរកឲ្យឃើញពីរបៀបសិក្សាអក្ខរវិធី និងភាពដូចគ្នានិងខុសគ្នារបស់វា។ ស្មេរបានបែងចែកខ្លឹមសារនៃការវិភាគជាបីផ្នែកគឺ ផ្នែកស្រៈ ផ្នែកព្យញ្ជនៈ និងផ្នែកវណ្ណយុត្តិ។ ជាចុងក្រោយ ស្មេរធ្វើការវិភាគ និងវាយតម្លៃទៅលើលទ្ធផលនៃ​ការ​ស្រាវជ្រាវ រួចសន្និដ្ឋានដោយទាញតាមលក្ខណៈវិនិច្ឆ័យច្បាស់លាស់មួយ។

៣.២. ប្រភេទនិងប្រភពទិន្ន័យ

ប្រភពនិងប្រភេទទិន្នន័យដែលយើងប្រើជាចម្បងក្នុងការសិក្សាស្រាវជ្រាវនេះគឺបាន​មកពី វចនានុក្រមខ្មែរ(១៩៦៧) និងសៀវភៅវេយ្យាករណ៍ខ្មែរមួយចំនួនដូចជា សៀវភៅភាសាខ្មែរ (អៀវ កើស ១៩៤៧) សៀវភៅវេយ្យាករណ៍ខ្មែរ (ពូវ អ៊ុម ១៩៥០) សៀវភៅខេមរវេយ្យាករណ៍ (រ៉ាយ ប៊ុក ១៩៥៥) សៀវភៅវេយ្យាករណ៍ខ្មែរទំនើប (សៀន ខ័នឌី ១៩៥៦) សៀវភៅវេយ្យាករណ៍ពិសេស (អ៊ុយ ជួន ១៩៥៦) សៀវភៅវេយ្យាករណ៍ខ្មែរ (ញិក នូវ ១៩៥៩) និងសៀវភៅវេយ្យាករណ៍ខ្មែរ (ក្រសួងអប់រំ ១៩៨២-​១៩៨៦) ដោយសិក្សាផ្គូផ្គងជាមួយនឹងសៀវភៅអក្ខរវិធីបាលីសង្ខេប របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត(១៩៥៤)។

៣.៣. ដំណើរការជ្រើសរើសសំណាកគំរូ

ក្នុងការស្រាវជ្រាវប្រធានបទនេះ ស្មេរបានបែងចែកដំណើរការនៃការប្រមូលទិន្នន័យ​ជា​ដំណាក់កាលដូចតទៅ៖ ដំណាក់កាលទី១ ស្មេរបានពិភាក្សាជាមួយសាស្ត្រាចារ្យដឹកនាំ ដើម្បី​កំណត់​ប្រធានបទ និងធ្វើគម្រោងឆ្អឹងនៃប្រធានបទ។ ដំណាក់កាលទី២ បន្ទាប់ពីបានព័ត៌មាន​ទាក់​ទងនឹងប្រធានបទហើយ ស្មេរបានដើររកឯកសារដែលទាក់ទងនឹងប្រធានបទ និងឯកសារ​ពាក់​ព័ន្ធ​នានា។ ដំណាក់កាលទី៣ ស្មេរបានធ្វើការស្រង់ទិន្នន័យអក្ខរវិធីពីក្នុងឯកសារគំរូតាង។ ដំណាក់​កាល​​ទី៤ ស្មេរបានសិក្សាវិភាគទៅលើខ្លឹមសារ​នៃអក្ខរវិធីក្នុងសៀវភៅវេយ្យាករណ៍​នីមួយៗ​យ៉ាង​យកចិត្តទុកដាក់ជាទីបំផុត។ និងដំណាក់កាលចុងក្រោយ ស្មេរបានធ្វើការសន្និដ្ឋាន​រកភាពប្រាកដ និយមមួយទៅតាមវិចារណកម្មរបស់ខ្លួន។

៣.៤. វិធីសាស្ត្រស្រាវជ្រាវ

ការសិក្សាពីប្រធានបទការសិក្សាប្រៀបធៀបអក្ខរវិធីខ្មែរតាមរយៈសៀវភៅវេយ្យាករណ៍ខ្មែរ​ក្នុងអំឡុងទសវត្សឆ្នាំ៤០ ដល់ ៨០នេះ ស្មេរបានប្រើប្រាស់វិធីសាស្ត្របែបគុណវិស័យ រួមផ្សំជាមួយ​នឹង​វិធី​​សាស្ត្របែបភាសាវិទ្យាប្រៀបធៀប ​​ដើម្បីវិភាគទៅលើខ្លឹមសារនៃលទ្ធផលនៃការស្រាវជ្រាវ​យ៉ាង​ល្អិត​ល្អន់នៅគ្រប់ផ្នែកទាំងអស់។

ជំពូក៤
លទ្ធផលនៃការសិក្សាស្រាវជ្រាវ

ក្រោយពីបានធ្វើការស្រាវជ្រាវលើប្រធានបទ «ការប្រៀបធៀបអក្ខរវិធីខ្មែរ តាមរយៈ​សៀវ-ភៅ​វេយ្យាករណ៍ខ្មែរ​ ក្នុងអំឡុងទសវត្សឆ្នាំ៤០ ដល់ ៨០»​ ​រួចមក ស្មេរបានរក​ឃើញ​នូវ​លទ្ធផល​ដូច​​ខាង​ក្រោម៖

៤.១. ស្រៈ
៤.១.១. ចំនួនសញ្ញាស្រៈ

ក្នុងចំណោមសៀវភៅវេយ្យាករណ៍គំរូដែលយើងសិក្សាស្រាវជ្រាវនេះ ឃើញមានការកំណត់ ចំនួនស្រៈពុំដូចគ្នាទេ។  ស្មេរបានរកឃើញមានភាពខុសគ្នាពីរក្រុម គឺក្រុមលោក អៀវ កើស,    ពូវ អ៊ុម, រ៉ាយ ប៊ុក, សៀន ខ័នឌី, អ៊ុយ ជួន, ញិក នូវ, និងសម្តេច ជួន​ ណាត ថាស្រៈនិស្ស័យ​មាន​២១​តួ​ដោយ​រាប់ទាំង ស្រៈកប់តួ [អ] ផង រួមមាន៖ I ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ  ំ ាំ ះ ។ ប៉ុន្តែ លោក អៀវ កើស និងសៀន ខ័នឌី ពុំបានកំណត់រូបរាងស្រៈ [អ] ឡើយ គឺស្រៈ[អ] គ្មានរូបទេ មានតែលោក ពូវ អ៊ុម, រ៉ាយ ប៊ុក, អ៊ុយ ជួន, ញិក នូវ, និងសម្តេច ជួន​ ណាត បាន កំណត់សញ្ញា[អ] ព្រមគ្នាដូចនេះ« I »។ រីឯមួយក្រុមទៀត គឺមានតែក្រុមអ្នកនិពន្ធសៀវភៅ​ក្រសួង​អប់រំ​តែមួយប៉ុណ្ណោះ​ដែល​ថាស្រៈ​និស្ស័យ​មាន១៦​តួ​គឺ៖ «ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ» និងត្រូវជា១៧ បើរាប់ទាំងស្រៈកប់តួផង។ ក្រសួងអប់រំពុំបានរាប់ថា «ុំ  ំ ាំ  ះ» ជាតួស្រៈ​ទេ តែជាតួស្រៈ​ប្រកប​នឹង​ព្យញ្ជនៈ។ ចំណែកស្រៈពេញតួ យើងឃើញមានការឯកភាពគ្នាទាំងអស់​មាន​១៥តួគឺ៖ «អ អា ឥ ឦ ឧ ឩ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ឪ »។

៤.១.២. សូរស្រៈ

លោក អៀវ កើស, រ៉ាយ ប៊ុក, សៀន ខ័នឌី, អ៊ុយ ជួន បានបែងចែកសូរស្រៈជាពីរក្រុមគឺក្រុម សូរស្រៈវែងនិងក្រុមសូរស្រៈខ្លី។ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់គឺការកំណត់ចំនួនសូរស្រៈមិនស្របគ្នា រួមមាន លោក អៀវ កើស, លោក សៀន ខ័នឌី ថាសូរស្រៈខ្លីមាន១០តួ (អិ អី អឹ អុ អៃ អៅ អុំ អំ អាំ អះ) និងសូរស្រៈវែង មាន១១តួ(អ អា អឺ អូ អួ អើ អឿ អៀ អេ អែ អោ ) លោក រ៉ាយ ប៊ុក ស្រៈ​ខ្លី​មាន​៧​តួ(I ិ  ឹ ុ ុំ  ំ ាំ) ស្រៈ​វែង​មាន​១៤​តួ (ា ី ឺ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ះ) ។ ចំណែក លោក អ៊ុយ ជួន ស្រៈខ្លីមាន៤តួ(I ិ ឹ ុ) និងស្រៈវែងមាន១៣តួ(ា ី ឺ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ។ សម្តេច ជួន ណាត នៅក្នុងវចនានុក្រមខ្មែរបានកំណត់ស្រៈវែងមាន១៣តួដូចលោក សៀន ខ័នឌីដែរ ចំណែកឯស្រៈខ្លីក៏មាន៤តួដូចលោក សៀន ខ័នឌី ដែរ ប៉ុន្តែខុសគ្នាត្រង់សូរស្រៈ។ សូរស្រៈខ្លីរបស់សម្តេច​ ជួន ណាត គឺ អិ អឹ អុ អះ ​​។ រីឯលោក ពូវ អ៊ុម,  ញិក នូវ  ពុំបានសិក្សា​អំពី​សូរស្រៈឡើយ។ ដោយ​ឡែក​​ អ្នកនិពន្ធនៃក្រសួងអប់រំបានកំណត់សូរស្រៈជា៣៧សូរ(  អ់ អា អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ  អេ អែ អៃ អោ  អៅ  អ៊ អ៊់  អ៊ា អ៊់ា អ៊ិ អ៊ី  អ៊ឹ  អ៊ឺ  អ៊ុ  អ៊ូ អ៊ើ  អ៊េ  អ៊ែ  អ៊ែ  អ៊ៃ អ៊ោ  អ៊ៅអ៊័ )​  ហើយ​បែងចែកសូរស្រៈទាំងនោះ​ជាបួន​បញ្ចែក​ផ្សេងគ្នា រួមមាន​បញ្ចែក​អ-អ៊  បញ្ចែកវែង-ខ្លី បញ្ចែក​ទោល-ផ្សំ និងបញ្ចែកតាមទីបន្លឺ។ សូរស្រៈពួកអមាន១៦សូរ(អ អ់ អា អ់ា អិ អី អឹ អឺ អុ អូ អើ អេ អែ អៃ អោ អៅ ) សូរស្រៈពួកអ៊មាន១៨សូរ(អ៊ អ៊់ អ៊ា អ៊់ា អ៊ិ  អ៊ី អ៊ឹ អ៊ឺ អ៊ុ អ៊ូ អ៊ើ អ៊េ អ៊ែ អ៊ែ  អ៊ៃ អ៊ោ អ៊ៅ​​ អ៊័ ) សូរស្រៈពួកអ-អ៊មាន៣សូរ (អួ អឿ អៀ ) សូរ​ស្រៈ​វែង​២១សូរ(អ អា អឺ អូ អើ អេ អែ អោ អ៊ អ៊ា អ៊ី អ៊ឺ អ៊ូ អ៊ើ អ៊េ អ៊ែ អ៊ោ អ៊័ អួ អឿ អៀ ) សូរស្រៈខ្លី១៦សូរ(អ់ អ់ា អិ អី អឹ អុ អៃ អៅ អ៊់ អ៊់ា អ៊ិ អ៊ឹ អ៊ុ អ៊ែ់ អ៊ៃ អ៊ៅ ) សូរស្រៈទោល២៣សូរ(អ អ់ អា អ់ា អិ អឹ អឺ អុ អូ អេ អ៊ អ៊់ អ៊ិ អ៊ី អ៊ឹ អ៊ឺ អ៊ុ អ៊ូ អ៊ើ អ៊េ អ៊ែ អ៊ែ់ អ៊ោ) សូរស្រៈផ្សំ១៤សូរ(អី អើ អែ អៃ អោ អៅ អ៊ា អ៊ា់ អ៊ៃ អ៊ៅ អ៊័ អួ អឿ អៀ ) សូរស្រៈមុខ៨សូរ(អ៊ិ អ៊ី អិ អេ អ៊េ អ៊ែ អ៊ែ់ អា់ ) សូរស្រៈកណ្តាល៤សូរ(អឹ អឺ  អ៊ឹ អ៊ឺ ) និងសូរស្រៈក្រោយ១១សូរ(អ អ់ អា់ អុ អូ អ៊ អ៊់ អ៊ុ អ៊ូ អ៊ើ អ៊ោ )។

៤.២. ព្យញ្ជនៈ
៤.២.១. ចំនួនសញ្ញាព្យញ្ជនៈ

យើងឃើញថាក្នុងចំណោមសៀវភៅវេយ្យាករណ៍ខ្មែរក្នុងគំរូតាងខាងលើនេះបាន​កំណត់ ចំនួនព្យញ្ជនៈខ្មែរមាន៣៣តួដូចគ្នា ប៉ុន្តែមានបញ្ហានៅត្រង់ព្យញ្ជនៈទី៣៣ដែលមានបញ្ហាមិនស្រប គ្នាពីរក្រុម គឺលោក អៀវ កើស, ញិក នូវ និងអ្នកនិពន្ធនៃក្រសួងអប់រំបានរាប់ឈ្មោះព្យញ្ជនៈ​ទី៣៣​ថា​«អ» គឺ «ក ខគឃង   ចឆជឈញ  ដឋឌឍណ តថទធ​ន  បផពភម  យរលវសហឡអ» ។ ឯ​មួយ​​ក្រុមទៀត មានលោក ពូវ អ៊ុម, រ៉ាយ ប៊ុក, សៀន ខ័នឌី, អ៊ុយ ជួន, និងសម្តេច ជួន ណាត បានរាប់​ថា​ឈ្មោះ ព្យញ្ជនៈទី៣៣ថា «ំ»(អានថា អ័ង) គឺ «កខគឃង   ចឆជឈញ  ដឋឌឍណ តថទធ​ន  បផពភម  យរលវសហឡ ំ  »

៤.២.២. សូរព្យញ្ជនៈ 

ការសិក្សាអំពីសូរព្យញ្ជនៈនៅក្នុងសៀវភៅវេយ្យាករណ៍គំរូសិក្សានេះ ស្មេរបានរកឃើញ មាន​បម្លែកគ្នាពីរក្រុម គឺមួយក្រុមបានធ្វើការបែងចែកសូរព្យញ្ជនៈខ្មែរជាសូរអឃោសៈ និងសូរ​ឃោសៈ​ដូចទៅនឹងសូរព្យញ្ជនៈក្នុងភាសាបាលី សំស្ក្រឹតដែរ។ ក្រុមនេះមានលោកលោក អៀវ កើស, ពូវ អ៊ុម, រ៉ាយ ប៊ុក, សៀន ខ័នឌី, អ៊ុយ ជួន និងសម្តេច ជួន ណាត។  ប៉ុន្តែលោក អៀវ កើស ថា​ព្យញ្ជនៈ​អឃោសៈ​មាន១៥តួគឺ ក ខ ច ឆ ដ ឋ ណ ត ថ ប ផ ស ហ ឡ អ,   ព្យញ្ជនៈឃោសៈមាន​១៨តួគឺ​ គ ឃ ង ជ ឈ ញ ឌ ធ ទ ធ ន ព ភ ម យ រ ល វ,  ឯលោក ពូវ អ៊ុម,  សៀន ខ័នឌី ថា​ព្យញ្ជនៈ​អឃោសៈ​មាន១៤តួគឺកខ ចឆ ដឋ តថ បផ សហឡអ, ព្យញ្ជនៈឃោសៈមាន១៩តួគឺ គឃង ជឈញ  ឌឍណ ទធន ពភម យរលវ ។ ចំណែកឯលោកអ៊ុយ ជួន និងសម្តេច ជួន ណាត ថាព្យញ្ជនៈ​អឃោសៈមាន១១តួគឺកខ ចឆ ដឋ តថ ស, ព្យញ្ជនៈឃោសៈមាន២១តួគឺ គឃង ជឈញ  ឌឍណ ទធន ពភម យរលវហឡ

ចំណែកមួយក្រុមទៀតបានធ្វើ​ការ​បែង​ចែកសូរព្យញ្ជនៈខ្មែរជាសូរព្យញ្ជនៈខ្យល់ និង​សូរព្យញ្ជនៈខ្យល់ អ៊ ។ ក្រុមនេះមានលោក ញិក នូវ និងក្រសួងអប់រំ។ ប៉ុន្តែលោក ញិក នូវ បាន​ចែក​សូរព្យញ្ជនៈខ្យល់  មាន១៤តួគឺ ក ខ ច ឆ ដ ឋ ណ ត ថ ប ផ ស ហ ឡ និងព្យញ្ជនៈ​​ខ្យល់ អ៊  មាន១៨តួគឺ គ ឃ ង ជ ឈ ញ  ឌ ឍ ទ ធ ន ព ភ ម យ រ ល វ ។ ចំណែកក្រសួងអប់រំបានចែកសូរ ព្យញ្ជនៈពួក មាន១៥តួគឺ ក ខ ច ឆ ដ ឋ ណ ត ថ ប ផ ស ហ ឡ អ  និងព្យញ្ជនៈពួកអ៊ មាន១៨តួ ដូចលោក ញិក នូវ ដែរ។

ក្នុងការសិក្សាអំពីសូរព្យញ្ជនៈនេះ លោក អៀវ កើស, រ៉ាយ ប៊ុក, សៀន ខ័នឌី, អ៊ុយ ជួន បានចែកទីបន្លឺ(ឋាននៃអក្ខរៈ)របស់ព្យញ្ជនៈដូចគ្នាគឺ ១.កណ្ឋជៈ(កើតក្នុងក) មាន៧តួ៖ ក ខ គ ឃ ង ហ អ។  ២.តាលុជៈ(កើតនៅក្រអូមមាត់)មាន៦តួ៖ ច ឆ ជ ឈ ញ យ។ ៣.មុទ្ធជៈ( កើតក្នុងក្បាល)​មាន៧តួ៖ ដ ឋ ឌ ឍ ណ រ ឡ។  ៤.ទន្តជៈ(កើតត្រង់ប្រទល់ធ្មេញ)មាន៧តួ៖ ត ថ ទ ធ ន ល ស។  ៥.ឱដ្ឋជៈ(កើតត្រង់បបូរមាត់)មាន៦តួ៖ ប ផ ព ភ ម វ។ និងទី៦. នាសិកជ្ជៈ(កើតនៅតាមឋានខាង​លើ​ផង និងច្រមុះផង) គឺ ង ញ ណ ន ម (ទីបំផុតនៃវគ្គ) និងនិគ្គហិត (ំ) ដែលបញ្ចេញសំឡេងដូច [ម]។ ចំណែកក្រសួងអប់រំបានសិក្សាអំពីសូរព្យញ្ជនៈជាបញ្ចែកតាមលក្ខណៈបន្លឺ បញ្ចែកតាម​លក្ខណៈខ្យល់ និងបញ្ចែកតាមលក្ខណៈឮ។ បញ្ចែកតាមលក្ខណៈបន្លឺមាន៖ ព្យញ្ជនៈបបូរមាត់(ប ប៊  ផ ភ ប៉ ព ម៉ ម)  ព្យញ្ជនៈធ្មេញមុខ(វ៉ វ)  ព្យញ្ជនៈក្រអូមមុខ(រ៉ រ)  ព្យញ្ជនៈគន្លាក់ក្រអូម(ដ ឌ ថ ធ ឋ ឍ ណ ន ស ស៊ ត ទ ឡ ល) ព្យញ្ជនៈក្រអូមកណ្តាល(ច ជ ញ៉ ញ យ៉ យ) ព្យញ្ជនៈក្រអូមក្រោយ    (ក គ ខ ឃ ង៉ ង) ព្យញ្ជនៈដើមមាត់(ហ ហ៊) និងព្យញ្ជនៈចន្លោះខ្សែសំឡេង(អ អ៊) ។ បញ្ចែកតាម លក្ខណៈខ្យល់មាន ព្យញ្ជនៈខ្យល់ស្ទះ(ក ខ គ ឃ​ ច ឆ ជ ឈ ដ ឋ ឌ ឍ ត ថ ទ ធ ប ប៉ ប៊ ផ ព ភ  អ អ៊)   ព្យញ្ជនៈខ្យល់ច្រមុះ(ង ង៉ ញ ញ៉ ណ ន ម ម៉) និងព្យញ្ជនៈខ្យល់បង្ហូរត្រដុស(យ យ៉ រ៉ រ ល ឡ វ វ៉ ស ស៊ ហ ហ៊)។ បញ្ចែកតាមលក្ខណៈឮ មានព្យញ្ជនៈឮ(ដ ឌ ប ប៊ ង ង៉ ញ ញ៉ ណ ន ម ម៉ យ យ៉ រ៉ រ ល ឡ វ វ៉) និងព្យញ្ជនៈថ្លង់  (ក គ ខ ឃ ច ជ ឆ ឈ ត ទ ឋ ឍ ថ ធ ប៉ ព ផ ភ  ស ស៊ ហ ហ៊ អ អ៊)។

៤.៣. វណ្ណយុត្តិ
៤.៣.១. ចំនួនវណ្ណយុត្តិ

នៅក្នុងសៀវភៅគំរូទាំងប្រាំបីខាងលើ ការកំណត់ចំនួនវណ្ណយុត្តិមិនដូចគ្នាឡើយ៖

  • លោក អៀវ កើស៖ វណ្ណយុត្តិមានចំនួន៩គឺ៖

១.មូសិកទន្ត  (   ៉ )                      ២. ត្រីសព្ទ (   ៊)

៣. រស្សសញ្ញា (់)                      ៤. សំយោគ (័)

៥. របាទ (  ៌ )                            ៦. ទណ្ឌឃាត (៍)

៧. យុគលពិន្ទុ (ៈ)                   ៨. លេខ​ទោ (ៗ)

៩. លេខអស្តា (៏)។

និងខណ្ឌសញ្ញាមាន១៩៖

១. ភ្នែកមាន់ (៙)                       ២. គោមូត្រ (៚)

៣. ល្បះ (។)                                ៤. ល្បះចប់(៕)

៥. បេយ្យាល (។ល។)                   ៦. កាកបាទ (+)

៧. ឃ្នាប ({)                             ៨. វង់ក្រចក ((  ))

៩. រជ្ជុសញ្ញា ( _ )                      ១០. សហសញ្ញា (-­)

១១. ន័យសញ្ញា ( — ­­­)                    ១២. ចំណុច (.)

១៣. ក្បៀស (,)                        ១៤. ចំណុច​ក្បៀស​ (;)

១៥. ចំណុចរាយ (…)                ១៦. បុច្ឆសញ្ញា (?)

១៧. ឧទានសញ្ញា (!)                ១៨. ចំណុចពីរ (៖)

១៩. អញ្ញប្រកាស (« »)។

  • លោក ពូវ អ៊ុម៖ វណ្ណយុត្តិមានចំនួន១៥គឺ៖

១.បន្តក់ (់)                              ២.មូសិកទន្ត ( ” )

៣.ត្រី​សព្ទ (   ៊ )                           ៤. សំយោគសញ្ញា (័)

៥. របាទ (  ៌)                             ៦. លេខអស្តា (៏)

៧. ទណ្ឌឃាត (៍)                     ៨. វិសជ្ជនី (ះ)

៩. កុក្កដនេត្រ (៙)                    ១០. កាកបាទ (+)

១១. វង់ក្រចក ((  ))                  ១២. អព្ភន្តរៈ (« »)

១៣. ល (។ល។)                          ១៤. គោមូត្រ (៚)

១៥. ល្បះ (។)។

  • លោក រ៉ាយ ប៊ុក៖ វណ្ណយុត្តិមាន២១គឺ៖

១.វិសជ្ជនី(ះ)                          ២.មូសិកទន្ត( ” )

៣.ត្រីសព្ទ(   ៊ )                          ៤. ទណ្ឌឃាត (៍)

៥. របាទ (  ៌)                             ៦. រស្សសញ្ញា (់)

៧. សំយោគសញ្ញា (័)                ៨. អាមេណ្ឌិត​សញ្ញា (ៗ)

៩. លេខអស្តា (៏)                     ១០. កាកបាទ (+)

១១. កុក្កដនេត្រ (៙)                 ១២. ល្បះ (។)

១៣. បរិយោសាន (មាន​រូប៣៖ ៕ ។៚ ៕៚)

១៤. គោមូត្រ (៚)                      ១៥. រ៉ាត់ឬគាប (})

១៦. រជ្ជុសញ្ញា (_­)                          ១៧. មច្ឆណ្ឌសញ្ញា (…)

១៨. បេយ្យាល (។ល។)                 ១៩. យុគលៈពិន្ទុ (ៈ)

២០. អព្ភន្តរសញ្ញា (« »)                ២១. វង់ក្រចក ((  ))

និងវណ្ណយុត្តិបារាំង៖  «, ; . ? ! »។

  • លោក សៀន ខ័នឌី៖ បានចែកវណ្ណយុត្តិជាពីរប្រភេទផ្សេងគ្នា គឺវណ្ណយុត្តិធម្មតានិង​ខណ្ឌសញ្ញា។

វណ្ណយុត្តិធម្មតាមាន១១យ៉ាងគឺ៖

១. រស្សសញ្ញាឬបន្តក់ (់)                       ២. មូសិក​ទន្តឬ​ធ្មេញ​កណ្តុរ ( ” )

៣. ត្រីសព្ទ (   ៊ )                                  ៤. សំយោគសញ្ញា (័)

៥. របាទឬរេផៈ (   ៌ )                           ៦. ទណ្ឌឃាតឬបដិសេធ (៍)

៧. លេខ​ទោ​ឬអាមេណ្ឌិតសញ្ញា (ៗ)      ៨. លេខអស្តា (៏)

៩. វិសជ្ជនីឬរះមុខ (ះ)                       ១០. កាកបាទ​ឬជើងក្អែក (+)

១១. យុគលៈពិន្ទុ (ៈ)។

និងខណ្ឌសញ្ញាមាន២០យ៉ាងទាំងខណ្ឌសញ្ញាខ្ចីពីអឺរ៉ុបគឺ៖

១. កុក្កដនេត្រ​ឬភ្នែកមាន់ (៙)   ២. ល្បះឬខណ្ឌ (។)

៣. ល្បះ​ចប់ ល្បះបរិយោសាន ឬបរិយោសាន (៕)

៤. គោមូត្រ (៚)                       ៥. រ៉ាត់ ឬគាប ឬឃ្នាប ({)

៦. រជ្ជុសញ្ញា (­ _ )                        ៧. យតិភ័ង្គ (-)

៨. មច្ឆណ្ឌសញ្ញា ឬពងត្រី ឬ​ចំណុច​រាយ (…)

៩. បេយ្យាល (។បេ។) ឬ (។ល។)

ខណ្ឌសញ្ញាខ្ចីពីអឺរ៉ុប៖

១០. ចំណុច (.)                         ១១. ចុល្លភាគ​ឬក្បៀស (,)

១២. ចំណុចពីរ (៖) ឬ (:)            ១៣. មហាភាគ ឬចំណុចក្បៀស (;)

១៤. បុច្ឆន​សញ្ញា (?)                 ១៥. អរិយសញ្ញា ឬវិម្ហសញ្ញា ឬសំវេគសញ្ញា (!)

១៦. អាគតសញ្ញា (<)               ១៧. គត​សញ្ញា (>)

១៨. វិឡារ​សញ្ញាបើកបិទ ឬអព្ភន្តរៈ ឬអញ្ញប្រកាស (« »)

១៩. នខសញ្ញា ឬវង់ក្រចក (  )  ២០. សហ​សញ្ញា (-)។

  • លោក អ៊ុយ ជួន៖ វណ្ណយុត្តិមាន៣០គឺ៖

១. វិសជ្ជនី(ះ)                           ២. មូសិកទន្ត ( ” )

៣. ត្រី​សព្ទ (   ៊)                          ៤. ទណ្ឌឃាត (៍)

៥. របាទ (   ៌ )                             ៦. រស្សសញ្ញា (់)

៧. សំយោគសញ្ញា (័)                  ៨. លេខ​ទោ (ៗ)

៩. លេខ​អស្តា (៏)                      ១០. កាកបាទ (+)

១១. កុក្កដនេត្រ (៙)                  ១២. ល្បះឬខណ្ឌ (។)

១៣. ល្បះ​បរិយោ​សាន​ឬខណ្ឌបរិយោសាន មានបីបែប(៕ ៚ ៕៚)

១៤. គោមូត្រ (៚)                    ១៥. រ៉ាត់ឬគាប (})

១៦. រជ្ជុសញ្ញា ( _ )                     ១៧. យតិភ័ង្គ​ឬ​សហ​សញ្ញា (-)

១៨. មច្ឆណ្ឌសញ្ញា (…)             ១៩. បេយ្យាល (។បេ។) ឬ (។ល។)

២0. យុគល​ពិន្ទុឬទ្វេភាគ (:)      ២១. នខសញ្ញា (  )

២២. ចុល្លព្ភាគ ( , )                      ២៣. មហព្ភាគ ( ; )

​២៤. បុច្ឆន​សញ្ញា ( ? )                 ២៥. ឧទានសញ្ញា ( ! )

២៦. អព្ភន្តរសញ្ញាឬអញ្ញប្រកាស (« »)   ២៧. គតសញ្ញា (>)

២៨. អាគតសញ្ញា (<)               ២៩. ទស្សនសញ្ញា (=)

៣០. សញ្ញា​លេខ​គុណ (x)។

  • លោក ញិក នូវ៖ វណ្ណយុត្តិមាន១៦គឺ៖

១. វិសជ្ជនីឬរះមុខ(ះ)                ២.យុគល​ពិន្ទុ​ ឬ​ចុច​ពីរ​ (:)

៣. បន្តក់ (់)                            ៤. មូសិកទន្ត(ធ្មេញកណ្តុរ) ( ” )

៥. ត្រីសព្ទ (   ៊ )                          ៦. ទណ្ឌឃាត​ឬបដិសេធ (៍)

៧. របាទ​ឬរេផះ (   ៌)                   ៨. សំយោគសញ្ញា (័)

៩. កាកបាទឬជើងក្អែក (+)       ១០. លេខអស្តា (៏)

១១. កុក្កដ​នេត្រ​ឬភ្នែកមាន់ (៙)  ១២. ល្បះឬក្បិលល្បះ (។)

១៣. រ៉ាត់ឬគាប (})                   ១៤. លេខទោ​ឬអាមេណ្ឌិត​សញ្ញា ​(ៗ)

១៥. បេយ្យាលៈ (។បេ។) ឬ (។ល។)

១៦. បរិយោសានឬល្បះចប់(៕ )

និងសញ្ញាសកល៩៖

១. កណ្តក់សញ្ញា (,)                  ២. វង់ក្រចក (  )

៣. បុច្ឆនសញ្ញា (?)​                   ៤. ឧទាន​សញ្ញា (!)

៥. ឯកពិន្ទុ (.)                            ៦. តុល្យភាព (=)

៧. រជ្ជុសញ្ញា (­)                       ៨. មច្ឆណ្ឌសញ្ញា (…)

៩. អព្ភន្តរសញ្ញា (« »)។

  • សម្តេច ជួន ណាត៖ វណ្ណយុត្តិ​សម្រាប់​ប្រើ​ក្នុង​ភាសា​ខ្មែរ​មាន១៩យ៉ាង​គឺ៖

១.វិសជ៌នី ឬវិសគ៌ៈ ឬ​រះ​មុខ (ះ)   ២.មូសិកទន្ត ឬធ្មេញ​កណ្តុរ ( ” )

៣.ត្រី​សព្ទ (   ៊)                            ៤.ទណ្ឌ​​ឃាត ឬបដិសេធ (៍)

៥.របាទ ឬរេផៈ (   ៌)                     ៦.រស្ស​សញ្ញា ឬបន្តក់ (់)

៧.សំយោគ​សញ្ញា (័)                    ៨.លេខ​ទោ ឬអាមេណ្ឌិត​សញ្ញា (ៗ)

៩.លេខ​អស្តា (៏)                        ១០.កាកបាទ ឬជើង​ក្អែក (+)

១១.កុក្កុដ​នេត្រ ឬភ្នែក​មាន់(៙)  ១២.របះ (។)

១៣. របះ​ចប់ ឬរបះ​បរិយោសាន (៕)     ១៤.គោមូត្ រ(៚)

១៥.រ៉ាត់ ឬគាប ( } )                   ១៦.រជ្ជុ​សញ្ញា (-)

១៧.មច្ឆណ្ឌ​សញ្ញា ឬពង​ត្រី (…)   ១៨.បេយ្យាល (។ បេ ។) ឬ (។ល។)

១៩-.យុគល​ពិន្ទុ(ៈ)។

និងវណ្ណយុត្តិ​​អឺរ៉ុប៖ . , ; : ? ! = < > “ ” ( ) ។

  • ក្រសួងអប់រំ៖ សញ្ញាពិសេសមាន២៨យ៉ាង(រួមបញ្ចូលគ្នាទាំងថ្នាក់ទី៥ និងទី៦) គឺ៖

១.បន្តក់(់)                                    ២.ធ្មេញ​កណ្តុរឬសញ្ញា​«អ»(  ” )

៣.សក់ក ឬសញ្ញាអ៊ ឬត្រី​សព្ទ(   ៊)     ៤.ដំលើ(ំ)

៥. រះមុខ(ះ)                                   ៦.របាទ(   ៌)

៧.ចុចពីរ(:)                                      ៨.លេខ​ប្រាំបីឬ​អស្តា(៏)

៩.សញ្ញាផ្ទួនឬលេខ​ទោ(ៗ)                 ១០. បដិសេធ(៍)

១១.ផាត់លើ(័)                                ១២.គូសមួយឬគំនូសមួយ(­-)

១៣.ចុចមួយឬចំណុចមួយ(.)            ១៤.ដំពីរ (៖)

១៥.ក្បៀសបើកបិទ(«  »)                ១៦.ចុចរាយឬចំណុចរាយ(…)

១៧.វង់ក្រចក((  ))                          ១៨.វង់ក្រចក​ជ្រុង​ឬតង្កៀប([  ])

១៩.ជើងក្អែក(+)                             ២០.ឃ្នាបឬរបាំង({  })

២១. ទៅជា(>)​                                ២២.មកពី(<)

២៣.គូសពីរ (=)                              ២៤.លាក់ (។ល។) ឬ(-ល-)

២៥.សញ្ញាសួរ(?)                              ២៦.សញ្ញាឧទាន(!)

២៧.ខណ្ឌ(។)                                    ២៨.ខណ្ឌចប់ (៕)។

៤.៣.២. មុខងារវណ្ណយុត្តិ
៤.៣.២.១. រស្សសញ្ញា​ឬ​បន្តក់ ( ់ )

សញ្ញានេះសម្រាប់​ប្រើ​ដាក់​ថែម​លើ​តួ​ប្រកប​នៃ​ពាក្យ​ដែល​កើត​ឡើង​ពី​ស្រៈ “” និង​ស្រៈ “អា” ហើយ​កាត់​សព្ទ​វែង​ឲ្យ​ទៅ​ជា​ខ្លី ដែល​ត្រូវ​អាន​លឿន​រហ័ស​។ គេប្រើវាសម្រាប់លើអក្សរ៩តួ ៖ ក ង ច ញ ត ន ប​ ម ល ស ។ ឧទាហរណ៍៖  កាត(សព្ទ​វែង) > កាត់(សព្ទ​ខ្លី ) ចាប(សព្ទវែង) > ចាប់(សព្ទខ្លី) កក  (សព្ទវែង)    > កក់ (សព្ទខ្លី ) កង  (សព្ទវែង)     > កង់ (សព្ទខ្លី )។

៤.៣.២.២. មូសិកទន្ត​ឬ​ធ្មេញ​កណ្តុរ (  ” )

ជា​សញ្ញា​ប្រើ​សម្រាប់​សម្លាប់ បំបែរ​សំឡេង​ព្យញ្ជនៈ៩​តួ ដែល​មាន​សូរ​ [អ៊] ឲ្យ​ទៅ​ជាសូរ [អ] គឺ , ញ, ន, ប, ម, យ, រ, ល, វ ឲ្យ​ទៅ​ជា​សូរ [អ] ​វិញ ង៉, ញ៉, ន៉, ប៉, ម៉, យ៉, រ៉, ល៉, វ៉។ ប្លែក​តែ​តួ «ប» មួយដែល​មាន​សូរ [អ] ​ស្រាប់ ប៉ុន្តែ​គ្រាន់​តែ​លម្អៀង​សូរ​ពី [ប] ទៅ [ប៉] ប៉ុណ្ណោះ។ ឧទាហរណ៍​៖ ង៉ែត, ញ៉ែង​ញ៉ង, ប៉ប៉ាច់​ប៉ប៉ោច, ម៉ែ, យ៉ាប់​, រឿង​រ៉ាវ,  វ៉ែនតា…។

៤.៣.២.៣. ត្រីស័ព្ទ (   ៊ )

ជា​សញ្ញា​សម្រាប់​ដាក់​លើ​ព្យញ្ជនៈ​៤​តួ ជាសូរ [អ]៖ , ស, ហ, អ ឲ្យ​ទៅ​ជា​សូរ [អ៊] ​វិញ៖ ប៊, ស៊, ហ៊, អ៊ ។ ឧទាហរណ៍ ៖ ប៊ូល, ស៊ុប, ហ៊ាន, អ៊ូ…។

៤.៣.២.៤. សំយោគសញ្ញា​ឬ​សញ្ញាផាត់លើ ( ័ )

គេ​ប្រើ​វណ្ណយុត្តិ​នេះ​សម្រាប់​លម្អៀង​សព្ទ​របស់​ពាក្យ​ក្លាយ​មក​ពី​ភាសា​បាលី ឬសំស្រ្កឹត ដូច​ជា៖ ភយ > ភ័យ, ជយ > ជ័យ, នយ > ន័យ, អាស្រយ > អាស្រ័យ,  អាលយ > អាល័យ ។     សញ្ញា​នេះ​ក៏​ប្រើ​លើ​ពាក្យ​ខ្មែរ​ខ្លះ​ដែល​មាន​សំឡេង​ស្ទើរ​ស្រៈ [អ] និងស្រៈ [អា] ដើម្បី​ឲ្យ​មាន​សូរ​សំឡេង​មួយ​ត្រូវ​ចំនឹង​សំឡេង​ពិត​នៃ​ពាក្យ​នោះ គឺ៖ ញ័រ, ជ័រ, ទំព័រ, ខ្ទ័រ ភ្ជ័រ…។     និងសម្រាប់​ប្រើ​សម្រួល ​សំឡេង​ក្លាយ​ពី​ពាក្យ​បរទេស​ខ្លះ​ៗដូច​ជា៖ ដុក​ទ័រ, ប៉ាស្ទ័រ, អាំង​ហ្សេនីញ័រ, កុំព្យូទ័រ, ត្រាក់ទ័រ, កុងទ័រ…។

៤.៣.២.៥. របាទ  (  ៌ )

វណ្ណយុត្តិ​នេះជា​តំណាង​អក្សរ “ រ ” ដែល​គេ​កាត់​យក​ក្បាល​ខាង​លើ​របស់​វា​មក​រក្សា​ទុក​ធ្វើ​ជា​សញ្ញា​របាទ(៌)។ គេ​ប្រើ​វណ្ណយុត្តិ​នេះ សម្រាប់​ដាក់​លើ​ពាក្យ​ដែល​ក្លាយ​មក​ពី​ភាសា​សំស្រ្កឹត ដើម្បី​សម្រួល​សំឡេង​អាន​តាម​បែប​សំឡេង​ខ្មែរ។ គេ​កត់​សម្គាល់​ថា ពាក្យ​បាលី​ណាដែល​សរសេរ​តម្រួត​នោះ កាល​ណា​យើង​សរសេរ​ជា​ពាក្យ​សំស្រ្កឹត​ក្លាយ​ខ្មែរ គេ​ត្រូវ​ដាក់(៌)របាទ​នេះ​ជំនួស​វិញ។ ឧទាហរណ៍៖  ធម៌ ពណ៌ បូព៌ា មាគ៌ា បរិបូណ៌ ទុគ៌ត មត៌ក ទុគ៌ម ទុយ៌ស បព៌ត…។

៤.៣.២.៦. ទណ្ឌឃាតឬ​បដិសេធ (​៍)

គេ​ប្រើ​ទណ្ឌឃាត ដើម្បី​ដាក់​លើ​អក្សរ​ព្យញ្ជនៈ​ណា​ដែល​គេ​មិន​អាន ប៉ុន្តែ​គេ​ត្រូវ​តែ​រក្សា​ទុក​ព្យញ្ជនៈ ​នោះ​ជា​ចាំ​បាច់ ក្នុង​ន័យ​រក្សា​អក្ខរា​វិរុទ្ធ​របស់​ពាក្យ និង​ជា​គ្រឿងសម្គាល់​ជាតិ​​សព្ទ​​របស់​ពាក្យ។ ឧទាហរណ៍៖ ​ទូរទស្សន៍ ប្រយោជន៍ គមនាគមន៍ ព្រឹត្តិការណ៍ ពាក្យ​ពេចន៍ វេយ្យាករណ៍ ត្រ័យរតន៍ និរន្តរ៍ អភិវឌ្ឈន៍   រោចន៍ ទស្សន៍ទាយ ការណ៍ ឧទាហរណ៍ ប្រណិប័តន៍ ព្រាហ្មណ៍…។  គេ​ច្រើន​ប្រើ​ទណ្ឌឃាត​លើ​ពាក្យ​ក្លាយ​ពី​បាលី​និង​សំស្រ្កឹត។ សញ្ញា​នេះក៏​យក​មក​ប្រើ​ចំពោះ​ពាក្យ​ខ្ចី​ពី​​បរទេស​​ខ្លះ សម្រាប់​រក្សា​លំនាំ​អក្ខរាវិរុទ្ធ​ដើម​របស់​ពាក្យ​ទាំង​នោះដូច​ជា ស៊ីម៉ងត៍, អេដស៍, អាល់​ ប៊ែរត៍…។

៤.៣.២.៧. អស្តា ( ៏ )

វណ្ណយុត្តិ​នេះ គឺ​មាន​ទ្រង់​ទាយ​ជា​លេខ៨ ប៉ុន្តែ​បង្រួញ​ឲ្យ​តូច​ ដើម្បី​ងាយ​យក​មក​ដាក់​​លើ​ព្យញ្ជនៈ   ដ  ន  ហ  ដែល​ជា​និបាតសព្ទ។ ឧទាហរណ៍៖  ខ្ញុំ​ក៏​ទៅ អ្នក​ក៏​ទៅ, ទោះ​បី​យ៉ាង​ណា​ក៏​ដោយ …។ ​ឱហ្ន៏ នុ៎ះហ្ន៏ ។

៤.៣.២.៨. វិសជ៌នីឬរះមុខ ( ះ ) 

គេ​ប្រើ​សញ្ញា​នេះសម្រាប់​ប្រកប​ជំនួស​ខ្យល់ “​​ហ​” ជា​ពាក្យ​កាត់​កំបុត​ខ្លី ហើយ​អាន​ដោយ​បើក​ចំហមាត់​ដូច​ជា ​តិះ រិះ ចុះ ចង្កើះ(ចង្កឹះ) ឈ្មោះ​ ទះ ដោះ​ដូរ លោត​ផ្លោះ។ល។ វា​មាន​សូរ​សំឡេង​​ស្រដៀង​នឹង​ពាក្យ​ដែល​ប្រកប​នឹង​ព្យញ្ជនៈ  ដែរ។ ឧទាហរណ៍៖ ឈ្នះ សំពះ ច៎ាះ ខ្ទិះ ជិះ យីះ អំណឹះ ខ្ទុះ រទេះ ច្រែះ គោះ…

៤.៣.២.៩. យុគលពិន្ទុឬចុចពីរ  (ៈ)

គេ​ប្រើ​វណ្ណយុត្តិ​នេះ​សម្រាប់ដាក់​នៅ​ចុង​ពាក្យ​មាន​កំណើត​ពី​បាលី​ឬ​សំស្រ្កឹត ដែល​មាន​សូរ [អៈ]  ឬ ​[អ៊ៈ]  ដូច​ជា៖ លោភៈ មោហៈ ទោសៈ រយៈ ខណៈ វណ្ណៈ ទស្សនៈ ភារៈ គណៈ…

៤.៣.២.១០. កាក​បាទឬ​ជើង​ក្អែក (+)

គេ​ប្រើ​វណ្ណយុត្តិ​នេះសម្រាប់​ដាក់​លើ​ពាក្យ​ឧទាន​សព្ទ​ខ្លីៗ​មួយ​ចំនួន​ដែល​មាន​សូរ​សៀង​បង្អូសឬ​ត្អូញ​ថ្ងូរ ដូច​ជា​ពាក្យ ចា៎ះ! បា៎ទ! ណា៎! ហ្ន៎ នុ៎ះ ណ៎ះ អូ៎ អ្ហា៎… ។

៤.៣.២.១១. លេខ​ទោឬអាមេណ្ឌិតសញ្ញា (ៗ)

លេខទោគឺលេខពីរ ប៉ុន្តែរូបប្លែកផ្សេងបន្តិចដើម្បីមិនឲ្យច្រឡំគ្នា។ សញ្ញានេះប្រើតែក្នុង​ភាសា​ខ្មែរ សម្រាប់សរសេរពាក្យដែលត្រូវអានផ្ទួនគ្នាពីរដង គឺថាដដែលៗផ្ទួនគ្នា។ ឧទាហរណ៍៖ ម៉ឺងៗ តក់ៗ ង៉េតង៉តៗ…។

៤.៣.៣. មុខងារខណ្ឌសញ្ញា
៤.៣.៣.១. កុក្កុដនេត្រឬភ្នែក​មាន់ (៙)

បុព្វក​វី​និពន្ធ​ខ្មែរ​ធ្លាប់​ប្រើ​សញ្ញា​នេះសម្រាប់​ចាប់​ផ្តើម​សរសេរ​អត្ថបទឬ​សេចក្តី​រឿង​អ្វី​មួយ ដើម្បី​កំណត់​ទុក​ជា​ចំណុច​ចាប់​ផ្តើម។ តែ​ពេល​បច្ចុប្បន្ន​នេះ អ្នក​និពន្ធ កវី​លែង​ប្រើ​សញ្ញា​នេះ​ហើយ។ ជា​ពិសេស​នៅ​ពេល​ចាប់​ផ្តើម​សរសេរ​កំណាព្យនោះ​ កវី​បុរាណ​យើង​ច្រើន​ប្រើ​សញ្ញា​(៙)​ដូច្នេះ។

ឧទាហរណ៍

៙ដងនោះព្រះមកុដដ៏ភិរម្យ         ប្រសើរដ៏ឧត្តម​              ប្រពៃរូពិនមហាក្សត្រ។ បិទបាំងនូវជញ្ជាំងជុំជិត                     ស្តម្ភទ្វារដ៏ពិចិត្រ           ក្រលាតបៈដុងដោម។ (៚)

សញ្ញានេះជាគូគ្នានឹងសញ្ញាគោមូត្រ(៚)នៅខាងចុងល្បះ។

៤.៣.៣.២. ខណ្ឌឬរបះ (។)

គេ​ប្រើ​សញ្ញា​ខណ្ឌ​នេះសម្រាប់​រាំង​​ប្រយោគ ឬ​សង្កាត់​នៃ​សេចក្តី​នីមួយៗឲ្យ​ដាច់​ស្រឡះ​ពី​គ្នា។ កាល​ណា​ប្រយោគ​មួយ​ចប់​សេចក្តី​ហើយ​ គេ​ត្រូវ​ដាក់​សញ្ញា “។” នេះ មុន​នឹង​បន្ត​ទៅ​ប្រយោគ​មួយ​ទៀត។ ខណ្ឌ​ធ្វើ​ឲ្យ​គេ​ងាយ​យល់ អាច​ញែក​សេចក្តី​ពី​ប្រយោគ​មួយ​ទៅ​ប្រយោគ​មួយមិន​ឲ្យ​ច្រឡំ​ន័យ នាំ​ច្របូក​ប្របល់។

ប៉ុន្តែ​កាល​ណា​គេ​ត្រូវ​ប្តូរ​គំនិត​ចូល​ទៅ​វគ្គឬ​កថាខណ្ឌ​ថ្មីនោះ គេ​ត្រូវ​ដាក់​សញ្ញា​ខណ្ឌ​ទៅ​ចុង​បញ្ចប់​ប្រយោគ រួច​ហើយ​ត្រូវ​ចាប់​សរសេរ​ដោយ​ចុះ​ទៅ​បន្ទាត់​ថ្មីជា​មួយ​នឹង​ការ​ចោល​លំហ​បន្តិច​ដែល​គេ​តែង​និយម​ហៅ​ថា ខណ្ឌ ចុះ​បន្ទាត់​ឬ​ចោល​បន្ទាត់និង​ចាប់​ដើម​បន្ទាត់ (នេះ​ជា​ការ​ប្រាប់​ដំណឹង​របស់​អ្នក​ហៅ​សរសេរ​តាម​សូត្រ)។

ឧទាហរណ៍

កាលពីព្រេងនាយមានក្រពើមួយឈ្មោះ “សុពណ៌កាលី”។ វាមានខ្លួនធំមហិមា មាន​ឫទ្ធា​នុ​ភាព​ពូកែណាស់ ឥតមានក្រពើណាប្រលងឫទ្ធិឈ្នះឡើយ។

សញ្ញាល្បះនេះមានប្រើទៀតក្នុងការកត់ត្រាថ្ងៃខែផ្នែកខាងចន្ទគតិ។

ឧ. ភ្នំពេញ, ថ្ងៃទី១᧿៥ ឆ្នាំថោះ ត្រីស័ក ព.ស. ២៥៥៥។

(លេខខាងដើមល្បះជាលេខថ្ងៃ, លេខខាងចុងល្បះជាលេខខែ, លេខខាងក្រោម​ល្បះ​ជាលេខសម្រាប់ប្រាប់រនោច, លេខខាងលើល្បះជាលេខសម្រាប់ប្រាប់ខ្នើត)។

ឧទាហរណ៍ខាងលើនេះត្រូវអានថា ៖ ភ្នំពេញ ថ្ងៃអាទិត្យ ១៥រោច ខែចេត្រ ឆ្នាំថោះ ត្រីស័ក ពុទ្ធសករាជ២៥៥៥។

៤.៣.៣.៣. ខណ្ឌចប់ឬល្បះបរិយោសាន( ៕ )

ជា​សញ្ញា​សម្រាប់​ដាក់​បញ្ចប់​អត្ថបទឬ​រឿង​មួយ​តែ​ត្រឹម​នេះ ពុំ​មាន​ត​សេចក្តីឬ​រឿង​រ៉ាវ​ទៅ​មុខ​ទៀត​ឡើយ។

ឧទាហរណ៍

ពាក្យចាស់ពាក្យពីព្រេង  ទោសខ្លួនឯងមើលពុំយល់……..អស់អាថ៌ឱវាទានស្រេច​ប្រការ​ម្ល៉េះឯងហោង៕

៤.៣.៣.៤. គោ​មូត្រ ​(៚)

គឺ​ជា​សញ្ញា​យក​តាម​រូប​សណ្ឋាន​ដានទឹក​នោម​គោដែល​នោម​ផង ​ដើរ​ផង បណ្តាល​ឲ្យ​មាន​រាង​ក្ងិ​ក្ងក់​បែប​នេះ ហើយ​ខ្មែរ​បុរាណ​ក៏​សន្មត​យក​មក​ធ្វើ​ជា​សញ្ញា​ខណ្ឌ​បញ្ចប់ ដែល​ហៅ​តាម​ពាក្យ​បាលី​ថា “គោ​មូត្រ” គឺ​នោម​គោ​ដូច្នេះ​ទៅ។ ចាស់​បុរាណ​លោក​ប្រើ​ខណ្ឌ​បរិយោ​សាន ឬ​បរិយាន ឬ​គោ​មូត្រ​នេះ សម្រាប់​បញ្ជាក់​សេចក្តី​និយាយ​ពី​រឿង​រ៉ាវ​អ្វី​មួយ​ឬ​អត្ថបទ​បទ​បាទ​បាលី​គាថា​ណា​មួយ។

ឧទាហរណ៍

៙ហៃមហាជនសប្បុរស ទោះស្រីប្រុសកបកិរិយា គួរគិតយកប្រាជ្ញា ចងចាំច្បាប់​ជាគន្លង។ល។ ឲ្យបានសុខទាំងបី សុខលោកិយសុខសួគ៌ា សុខដល់និព្វានណា ច្បាប់ធម៌​ថាសុខស្រេចហោង ។៚

៤.៣.៣.៥. រ៉ាត់ឬ​ឃ្នាប ( } ឬ { ….} )

ក. នៅ​ក្នុង​មុខ​វិជ្ជា​ពីជគណិត របៀប​ប្រើ​ឃ្នាបឬ​រ៉ាត់​មាន​ន័យ​ដូច​គ្នានឹង​ការ​ប្រើ​តង្កៀបឬ​

វង់​ក្រចក​ដែរ។ គេ​តែង​តែ​ប្រើ​រ៉ាត់​មួយ​សម្រាប់​បើក( { ) និង​រ៉ាត់​មួយ​ទៀត​សម្រាប់​បិទ ( } ) គឺ​បែប​នេះ {…..} ។

ខ. រ៉ាត់​បើកនិង​រ៉ាត់​បិទ​នេះ ប្រើ​សម្រាប់​គាប​ពាក្យ​ពីរឬ​ច្រើន​ជា​ការ​សម្គាល់​ថា ពាក្យ​ទាំង​នោះ​​មាន​មុខ​ងារ​រួម​ដូច​គ្នា មិន​បាច់​សរសេរ​ដដែល​ច្រើន​ដង​នាំ​ខាត​ពេល។  ឧទាហរណ៍ ៖

  • របាំដាល់អំបុក
  • របាំស្គរ មានប្រភពមកពីខេត្តកំពង់ស្ពឺ
  • របាំគងសួយ
៤.៣.៣.៦. រជ្ជុស​ញ្ញាឬ​សហសញ្ញា (-)

ជា​សញ្ញា​បន្ទាត់​ផ្ដេក​ខ្លីសម្រាប់​ប្រើ​ប្រាស់​បាន​ច្រើន​យ៉ាង​នៅ​ក្នុង​ការ​សរសេរ​អត្ថបទឬ​តែង​និពន្ធជា​ដើម ។

ក. សម្រាប់​បំបែក​ព្យាង្គ​នៃ​ពាក្យ​មួយ​កុំ​ឲ្យ​អាន​ច្រឡំ​ជា​ប្រកប ​នាំ​ឲ្យ​ខុស​ពាក្យ​ដូច​ជា៖ ទូក-ង, ​កុក-ស,​ សម្បុរ-ស,​ខ្សែ-ក​…។

            ខ. សម្រាប់​ត​ភ្ជាប់​ពាក្យ​មួយដែល​សរសេរ​មិន​ទាន់​ចប់​នៅ​ចុង​ទំព័រ ហើយ​ត្រូវ​ត្រឡប់​មក​សរសេរ​នៅ​ដើម​បន្ទាត់​វិញ។

ឧ. ….សិស្សានុសិស្សទាំងអស់ត្រូវចូលរួមធ្វើពលកម្មសម្អាតទីធ្លាសាលារៀន។

គ. សម្រាប់​ភ្ជាប់​ពាក្យ​មួយ​ដែល​ដាច់​គ្នាដើម្បី​តម្រូវ​ចាប់​ចុង​ចួន​ក្នុង​កំណាព្យ។

ត្បិតសីលជាយាន       នាំរូបរួចបាន       វៀរចាកចតុរា-

បាយបាបបានដល់      មណ្ឌលសួគ៌ា-    ល័យលុះមរណា

និព្វានសេដ្ឋី។

ឃ. សម្រាប់​បញ្ជាក់​អំពី​ការ​ផ្លាស់​ប្តូរ​ឃ្លា​សន្ទនា​នៃ​តួ​ពីរឬ​ច្រើន​​នាក់

– ឯងបានចូលរៀនហើយនៅ?

– នៅទេ។

– ចុះប្អូនឯង?

– ប្អូនខ្ញុំក៏ពុំទាន់បានចូលរៀនដែរ។

ង. សម្រាប់​សម្គាល់​នូវ​ការ​រៀបរាប់ជា​លំដាប់​លំដោយអំពី​គំនិតឬ​ចំណុច​ប្លែកៗ​។

ឧ. រាងកាយមនុស្សមាន៖ ក្បាល-ដងខ្លួន-ដៃ-ជើង…

៤.៣.៣.៧. ក្បៀសឬ​កណ្ដក​សញ្ញា ( , )

សញ្ញា​នេះប្រើ​សម្រាប់​ញែក​ពាក្យ​ក្នុង​ប្រយោគ​ឲ្យ​ដាច់​ពី​គ្នា ទោះពាក្យ​រៀប​រាប់​នោះជា​នាម​​ក្តី ជា​គុណនាម​ក្តី ជា​កិរិយាសព្ទ​ក្តី។ គួរ​កត់​សម្គាល់​ថាការ​ប្រើ​ក្បៀស​ក្នុង​ការ​សរសេរ​របស់​ខ្មែរ​យើង ​ក៏​ប្រហាក់​ប្រហែល​​នឹង​ការ​ប្រើ​ក្បៀស​របស់​លោក​ខាង​លិច​ដែរ។

ក. ការ​ប្រើ​ក្បៀស​ក្នុង​ការ​ពិពណ៌នារៀប​រាប់​ជំពូក​នាម

ខ.​ ការ​ពិពណ៌នា​រៀប​រាប់​អសាធារណ​នាម

គ. ការ​ពិពណ៌នា​រៀប​រាប់​គុណនាម

ឃ. ការ​ពិពណ៌នា​រៀប​រាប់​កិរិយាសព្ទ

ឧទាហរណ៍

  • ទង់ជាតិមាន៣ពណ៌៖ ខៀវ, ស, ក្រហម។
  • សម្ភារៈសិក្សាមានដូចជា៖ ប៊ិច, សៀវភៅ, បន្ទាត់…។
៤.៣.៣.៨. ចំណុចក្បៀស ( ; )

សញ្ញា​នេះប្រើ​សម្រាប់​ញែក​សេចក្តីជាភាគ តែភាគនោះធំជាងភាគដែលញែកដោយ​ដក​ឃ្លា​​ ឬដោយក្បៀស ប៉ុន្តែតូចជាងភាគដែលញែកដោយខណ្ឌឬល្បះ។

ឧទាហរណ៍

រូបទង់ជាតិទាំងមូលជាតំណាងកេរមត៌កជាតិដែលពោរពេញជ័យជំនះ; ជាតំណាង​នៃ​សេចក្តីថ្កុំថ្កើងរុងរឿង, សេចក្តីថ្លៃថ្នូរ…។

៤.៣.៣.៩. ទ្វិពិន្ទុលេខ ឬចំណុច​ពីរ​គូស ឬដំពីរ ( ៖ )

+​ ជាសញ្ញាសម្រាប់ប្រើនៅចន្លោះសង្កេតសេចក្តីក្នុងល្បះ។

+​ ប្រើសម្រាប់ ៖

 => បង្ហាញការពង្រីកសេចក្តី

ឧ. កម្មមានពីរយ៉ាង៖ កុសលកម្ម និងអកុសលកម្ម។

          => បង្ហាញសម្រង់សេចក្តី

ឧ. អត្ថបទនោះសរសេរជាអាទិ៍៖ ក្នុងមួយជីវិតរស់របស់​មនុស្សគ្មានអ្វីប្រសើរ​ជាងសេចក្តី​ល្អ  និងភាពស្មោះត្រង់ចំពោះ​គ្នានោះទេ។

         => បង្ហាញសម្តីផ្ទាល់ឬកថាផ្ទាល់(របស់អ្នកនិយាយ)

ឧ. សុខានិយាយទាំងត្រេកអរ៖ “ម៉ាក់កូនប្រឡងជាប់ហើយ”។

         => បង្ហាញសេចក្តីពន្យល់

ឧ. ព្រៃឈើមានប្រយោជន៍ជាច្រើនដូចជា៖

–  ការពារទឹកជំនន់

– ការពារខ្យល់ព្យុះ…។

៤.៣.៣.១០. បុច្ឆន​សញ្ញា (?)

ជា​សញ្ញា​ប្រើ​សម្រាប់​ដាក់​ពី​ខាង​ក្រោយ​ពាក្យ, ឃ្លា, ល្បះ ចោទ​សួរ​ជា​និច្ច។ នៅ​ក្នុង​ពាក្យ, ល្បះ, ឃ្លា, ប្រយោគ​ដែល​ចោទ​សួរ គេ​តែង​ប្រើ​ជា​ចាំ​បាច់​នូវ​ពាក្យ ឬ​រូបមន្ត​ផ្សេង​មាន​ជា​អាទិ៍៖ តើ, ព្រោះ​អ្វី, ហេតុ​អ្វី, ដូច​ម្តេច, (ក៏, ឬ, បាន​ជា…) យ៉ាង​ម៉េច​ក៏…, អ្វី​ទៅ, ស្អីគេ, អង្កាល់, កាល​ណា, …។ល។ ពាក្យ​សម្រាប់​សួរ​អាច​នៅ​ដើម​ឃ្លាឬនៅ​ចុង​ឃ្លា​ក៏​បាន។ ជួន​កាល​គេ​មិន​ចាំ​បាច់ប្រើ​ពាក្យ​សួរ គេ​គ្រាន់​តែ​ដាក់​បុច្ឆនសញ្ញា​ទៅ​ក៏​បាន​ដែរ។

​            – ល្បះ, ឃ្លា, ពាក្យ​សំណួរ​ខ្លីៗ៖ ឃ្លាន​អ្វី? ម៉េច​ក៏​យំ? ទៅ​សាលា? ដើរ? ជិះកង់?

៤.៣.៣.១១. ឧទានសញ្ញា (!)

សញ្ញា​បង្គោល​​បញ្ឈរ​ដែល​មាន​ចំណុច (!) មួយ​នៅ​ពី​ក្រោម​នេះ គេ​ប្រើ​សម្រាប់​ដាក់​នៅ​ពី​ក្រោយពាក្យ ឃ្លា ល្បះ ភ្ញាក់​ផ្អើល តក់​ស្លុត​ ស្ងើច ភ័យ អាសន្ន ខ្លាច បញ្ជាដាច់​ខាត បែ​បន់ អធិដ្ឋាន សម្រែក​ជយឃោស គំរាម​កំហែង ជួន​កាល​គេ​ក៏​ប្រើ​ឧទាន​សញ្ញា​ជា​មួយ​នឹង​ឃ្លា កំហឹង បន្ទោស ​ឬ​ជេរផងដែរ

         ឧទាហរណ៍

  • យី! ស្អាតណាស់តើ!
  • អើ! បានឯងមកជាការល្អហើយ។
  • ហ៊ឹះ ! ឯងនេះចោលម្សៀតណាស់។
  • ឈប់ ! ឈប់ភ្លាមទៅ !
៤.៣.៣.១២. អញ្ញប្រកាស ឬវិឡារសញ្ញា ឬអព្ភន្តរសញ្ញា ( “…” )  ឬ («…»)

ជា​សញ្ញា​ឃ្នាប​ម្យ៉ាងដែល​នៅ​ខាង​ដើម​មាន​រាង​កោង​ខ្វឹក​កួច​ពីរ​ឡើង​ទៅ​លើ ឯខាង​ចុង​ជា​សញ្ញា​ខ្វឹក​ពីរ​រាង​កោងកួច​ទម្លាក់​ចុះ​ក្រោម។ គេ​ប្រើ​សញ្ញា​នេះ​សម្រាប់៖

ក. គាប ឬ​កត់​ត្រា​ដក​ស្រង់​សេចក្តី​សំខាន់​របស់​ជន​ណា​ម្នាក់ ទុក​ជា​សេចក្តី​ពិសេស​ដោយ​ឡែកជា​ការ​រំលេចឬ​បញ្ជាក់​ឲ្យ​ប្លែក​ពី​ន័យ​របស់​បរិបទ។

ខ. ដក​ស្រង់​គំនិត, សម្តី​របស់​តួអង្គណា​មួយ​ក្នុង​រឿង។

គ. ដក​ស្រង់​តួ​អង្គ​ណា​មួយ​ ដែល​មាន​កិត្តិសព្ទ​ល្បី​ល្បាញ។

ឃ. ដក​ស្រង់​សេចក្តី​ឬ​អត្ថន័យ​មាន​លក្ខណៈ​លេច​ធ្លោ។

       ឧទាហរណ៍

  • លោក កេង វ៉ាន់សាក់ បានឲ្យនិយមន័យអក្សរសិល្ប៍ថា “ជាវិទ្យាស្យង់ដែល​ចោទ​និង​ដោះស្រាយបញ្ហាមនុស្ស​​ ទៅតាមសង្គមនីមួយៗដោយសិល្ប៍វិធី ”។
  • “អត្តាហិ អត្តនោ នាថោ” ជាពុទ្ធភាសិត។
៤.៣.៣.១៣. មច្ឆណ្ឌ​សញ្ញា ឬពងត្រី ឬ ចំណុចរាយ (…)

សញ្ញា​ដែល​មាន​ចំណុច​បី​បន្ត​បន្ទាប់​ជាប់​គ្នា​នេះសម្រាប់​សម្គាល់​ប្រយោគ​ណា​មួយ​ដែល​​ នៅ​មាន​សេចក្តី​បន្ត​ទៀត ប៉ុន្តែ​អ្នក​សរសេរ​បាន​ផ្អាក​បញ្ឈប់​លែង​ពណ៌នា ដោយ​ដាក់​សញ្ញា​ពងត្រី​នេះប្រាប់​ជា​ដំណឹង។ របៀប​ប្រើ​ពង​ត្រី​មាន​បែប​ផែន​ប្លែកៗ​ដូច​តទៅ៖

      ក. ជា​សញ្ញា​កាត់​ពាក្យ​សម្តី​គូសន្ទនា​ម្នាក់​ ដែល​កំពុង​និយាយ​ឲ្យ​ដាច់​កណ្តាល​ឃ្លា។

            ឧ. កុំអាលសិន! ឯនោះខាងឆ្វេង ខ្ញុំមើលឃើញ…។ ឯណា? ខ្ញុំមើលមិនច្បាស់​សោះ! (បង្ហាញសម្តីមិនទាន់ចប់ ហើយត្រូវម្នាក់ទៀតនិយាយកាត់)

      ខ. ដាក់នៅខាងដើមឬខាងចុងកថាខណ្ឌ ដើម្បីបញ្ជាក់ថា មានសម្តីឬសេចក្តីផ្សេង​ទៀត ប៉ុន្តែគេ​មិនលើកយកមកប្រាប់

              ឧ. កាលដើមឡើយ មានបងប្អូនពីរនាក់ ម្នាក់ឈ្មោះពញាជ័យ និងម្នាក់ទៀត​ឈ្មោះពញាសួស។ ពួកគាត់មានទីលំនៅប៉ែកខាងនិរតីភ្នំប្រសិទ្ធ។​ ពួកគាត់ប្រកបរបរដាំត្រសក់​លក់។ […]

        គ. ដាក់នៅខាងចុង បង្ហាញសម្តីឬសេចក្តីដែលនៅមានបន្តទៀត ឬដាក់នៅកន្លែងចន្លោះដែល​ត្រូវបំពេញឬបង្គ្រប់

            ឧ. នៅក្នុងបណ្ណាល័យ មានសៀវភៅអានច្រើនណាស់ ដូចជារឿងនិទាន ប្រលោមលោក គណិតវិទ្យា អង់គ្លេស…។

          ឃ. ដាក់មិនចំពោះទីកន្លែងណាមួយទេ ដោយគេចង់បកស្រាយការភ័យខ្លាច តក់ស្លត់ ញាប់ញ័រ រន្ធត់…ទៅតាមស្ថានភាពតម្រូវ

            ឧ. ម៉ែ!…មកហើយ!…ស្ទុងៗនោះ…។ កុំមាត់!…កុំមាត់!…(ម្តាយឆ្លើយកាត់ដោយយកដៃខ្ទប់មាត់កូន)។

         ង. សម្រាប់ប្រាប់អំពីពាក្យ ឃ្លាដែលរលុបបាត់ មានសេចក្តីមិនច្បាស់លាស់ ដក      យកចេញពី​សិលាចារឹកជាដើម

៤.៣.៣.១៤. វង់​ក្រចកឬ​នខសញ្ញា ( )

គេ​ប្រើ​​សញ្ញា​វង់​ក្រចក​សម្រាប់៖

          ក. បញ្ជាក់សូរ បញ្ជាក់ន័យ ឬពន្យល់សេចក្តីរបស់ពាក្យដែលនៅខាងដើមនៃវង់ក្រចក

          ឧ. យើងត្រូវប្រតិបត្តិតាមពុទ្ធោវាទ(ដំបូន្មានរបស់ព្រះពុទ្ធ)ដើម្បីរស់នៅមានសេចក្តីសុខ។

        ខ. ប្រាប់ពីប្រភពពាក្យនិងគាបពាក្យដែលសរសេរជាអក្សរកាត់

          . ទេសកាល (ទេស-កាល) ន. (បា. ទេស + កាល) កាលសម័យរបស់ប្រទេស កាលដែល​និយមទៅតាមប្រទេស…។

. បរិសុទ្ធ (បា.) គុ. ដែលស្អាត ឥតសៅហ្មង។

         គ. ប្រាប់ពីប្រភពនៃអត្ថបទដកស្រង់

          ឧ. ម្រឹគទាំងឡាយមិនដែលបោលចូលមាត់សីហៈដែលកំពុងដេកលក់ឡើយ។                                                                                         (ស្រីហិតោបទេស)

៤.៣.៣.១៥. វង់​តង្កៀប [  ]

សញ្ញានេះសម្រាប់ប្រើដូចគ្នានឹងវង់ក្រចកដែរ ប៉ុន្តែគេច្រើនចំពោះតែសេចក្តីត្រង់​ណា​ដែលគេមានវង់ក្រចករួចមកហើយ ឬសម្រាប់ប្រើរាំងលេខមាតិកាជាដើម។

ក. អមសេចក្តីដែលប្រើវង់ក្រចករួចហើយ

ឧ. [រឿងទុំទាវមានចំនួន១០៥០ល្បះ(ភិក្ខុ សោម)]

ខ. បញ្ជាក់ពីការដកស្រង់វគ្គណាមួយនៃអត្ថបទ

ឧ.  […] រាមាសូរក៏យកកែវមួយទៅ…។

គ. អមសញ្ញាសូរវិទ្យាអន្តរជាតិឬសញ្ញាសូរភាសាជាតិ

ឧ. សប្បាយ [ស័ប-បាយ] ឬ [sab-ba:j]

ឃ. នៅក្នុងមុខវិជ្ជាគណិតវិទ្យាឬមុខវិជ្ជាដទៃទៀត(រូប-គីមី)

ឧ. [AB] = [AC]

៤.៣.៣.១៦. បេយ្យាលៈ (។ល។) ឬ(។បេ។)

​គេ​ប្រើ​សម្រាប់​បំប្រួញ​សេចក្តី​ឯណា​នីមួយឬ​ការ​រៀប​រាប់​ដែល​វែង​ឲ្យ​នៅ​ខ្លី ដោយ​គិត​ថា អ្នក​​អាន​ក៏​ដឹង​ថា នៅ​មាន​ពាក្យនិង​សេចក្តី​អ្វី​ខ្លះ​ទៀត។

ឧ. ក្រៅពីទៅសាលារៀន ខ្ញុំបានជួយធ្វើការពុកម៉ែខ្ញុំជាច្រើនដូចជា៖ មើលប្អូន, ដាក់​ចំណី​សត្វ, បោកខោអាវ ។ល។

៤.៣.៣.១៧. អាទិសង្កេត ( . )

ជា​ចំណុច​មួយ​ដែល​ដាក់​ពី​មុខ​អក្សរដែល​គេ​សរសេរ​កាត់​ដូច​ជា៖

– ស.រ.អា. (សហរដ្ឋ​អាមេរិក)

– អ.ស.ប. (អង្គការ​សហប្រជាជាតិ)

– គ.ជ.ប. (គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត) ​

– កិ. (កិរិយាសព្ទ)

– បា. (បាលី)

-​ ស.វ. (សតវត្ស)

ជួន​កាល​គេ​ប្រើ​អាទិសង្កេតដើម្បី​ដាក់​ពី​មុខ​លេខ​រៀងមាតិកា​ដែល​រៀប​រាប់​ចំណង​ជើង​​រង​ដូចជា៖

១. នាម               ២. កិរិយា         ៣. គុណនាម…

ជំពូក៥
វិភាគលើលទ្ធផលនៃការសិក្សាស្រាវជ្រាវ

ក្រោយពីបានសិក្សាប្រៀបធៀបអក្ខរវិធី តាមរយៈសៀវភៅវេយ្យាករណ៍ខ្មែរ ក្នុងអំឡុង​ទសវត្សឆ្នាំ៤០ដល់៨០រួចមក ស្មេរសូមធ្វើការវិភាគលើលទ្ធនៃការសិក្សាស្រាវជ្រាវដូចខាងក្រោម ប៉ុន្តែសូមបញ្ជាក់ថា ការវិភាគនេះយើងមិនវិភាគផ្ដោតទៅលើផ្នែកសូរស្រៈនិងសូរព្យញ្ជនៈនោះទេ បានសេចក្តី យើងវិភាគតែទៅលើភាពមិនស្របគ្នានៃការកំណត់ចំនួនស្រៈ ការកំណត់ថា ជាស្រៈ ឬជាព្យញ្ជនៈ និងភាពច្របូកច្របល់នៃវណ្ណយុត្តិនិងខណ្ឌសញ្ញាតែប៉ុណ្ណោះ។

៥.១. វិភាគលើស្រៈ

រហូតមកដល់បច្ចុប្បន្ននេះ ការកំណត់ចំនួនស្រៈក្នុងភាសាខ្មែរ នៅតែមាន​បញ្ហាចម្រូងចម្រាស​ជាច្រើនរវាងអ្នកវេយ្យាករណ៍ប្រពៃណី និងអ្នកភាសាវិទ្យា។ បញ្ហាប្រឈមទាំងអស់នោះបណ្តាល មកពីពួកគេម្នាក់ៗឈរលើគោលការណ៍រៀងៗខ្លួន អ្នកខ្លះយកសូរជាមូលដ្ឋាន អ្នកខ្លះយកសញ្ញាជា​មូលដ្ឋាន។

ដោយឡែក ចំពោះបញ្ហាស្រៈនៅក្នុងសៀវភៅវេយ្យាករណ៍នៃសំណាកគំរូដែលស្មេរលើកយក មកសិក្សានេះក៏មានបញ្ហាមិនស្របគ្នាទៅលើចំនួនស្រៈនេះដែរ។ លោក អៀវ កើស, រ៉ាយ ប៊ុក,   អ៊ុយ ចួន, ញិក នូវ, និងសម្តេចព្រះសង្ឃរាជ ជួន ណាត សុទ្ធតែបានសរសេរថា ស្រៈមាន​ចំនួន​២១​តួ ដោយរាប់ចាប់ពី ដល់ អះ ហើយសន្មតព្រមគ្នាទៅលើសញ្ញាស្រៈ [អ] ដូច្នេះ «I» ប៉ុន្តែ​ពួក​គាត់​ពុំ​បានពន្យល់ឲ្យច្បាស់ពីមូលហេតុដែលនាំឲ្យគាត់​អះអាងដូចនេះឡើយ។ អ្វីដែលលោក អៀវ កើស បានពន្យល់នោះគឺ គាត់ថាស្រៈ គ្មានរូបទេ គឺ​អក្សរ ចាត់ចូលក្នុងជំពូកព្យញ្ជនៈ អាចប្រកប​នឹង​ស្រៈ​បានដូចព្យញ្ជនៈឯទៀត ហើយព្យញ្ជនៈទាំង​ឡាយរមែងមានស្រៈ ក្នុងខ្លួន​ជា​ដរាប។ ចំណែក លោក សៀន ខ័នឌី បានកំណត់ចំនួនស្រៈនិស្ស័យថាមាន២០តួ(ពី អា ដល់ អះ ) ដោយគ្មានស្រៈ ទេ។ គាត់ថា ស្រៈ គ្មានរូបរាងទេ ហើយព្យញ្ជនៈទាំងឡាយរមែងមានស្រៈ ជាដរាបដូចដែល លោក អៀវ កើស បានលើកឡើងដែរ។ ត្រង់ចំណុចនេះ ស្មេរមិនគាំទ្រនឹងទស្សនៈរបស់លោក អៀវ កើស និង សៀន ខ័នឌី ឡើយ។ ដោយហេតុថា ព្យញ្ជនៈ គឺ ព្យញ្ជនៈ មិនអាចមាន​ស្រៈ​នៅ​ក្នុង​នោះ​ដូចលោក អៀវ កើស និង សៀន ខ័នឌី ថានោះទេ។ បើយើងនិយាយពី ព្យញ្ជនៈ គឺមានន័យថា​គ្មានស្រៈនៅក្នុងនោះទេ។ ផ្ទុយទៅវិញ បើមានស្រៈនៅផ្សំជាមួយព្យញ្ជនៈ(ព+ស) លុះត្រាតែយើង​និយាយ​ពីព្យាង្គឬពាក្យ។ ដូច្នេះ លោក អៀវ កើស និង សៀន ខ័នឌី ពុំបានចែកភាពដោយ​ឡែក​គ្នា​រវាងស្រៈ ព្យញ្ជនៈ និងព្យាង្គឬពាក្យឡើយ។

ចំណែក លោក ពូវ អ៊ុម បានសរសេរនៅក្នុងសៀវភៅវេយ្យាករណ៍ខ្មែររបស់គាត់ ដែល​បោះពុម្ព​ផ្សាយដោយបណ្ណាគារគីម សេង ឆ្នាំ១៩៥៥ ត្រង់ទំព័រទី១ថា ស្រៈនិស្ស័យមាន២០តួ ប៉ុន្តែ​បើ​រាប់ស្រៈដែលគាត់សរសេរ​រៀងគ្នាតាំងពី ដល់ អះ ឃើញថាមានដល់ទៅ២១តួដូចករណី លោក អៀវ កើស លោក អ៊ុយ ជួន ជាដើមដែរ ហើយលោក ពូវ អ៊ុម ក៏សន្មតស្រៈ ដូចនេះ «I»​ដែរ។ ត្រង់ប្រការនេះ យើងអាចវាយតម្លៃថា លោក ពូវ អ៊ុម ពុំមានលក្ខណៈប្រាកដនិយមទៅលើ ការសិក្សាអំពីស្រៈឲ្យបានច្បាស់លាស់នៅឡើយទេ ម្តងគាត់ថាស្រៈមាន២០តួ លុះដល់សរសេរ​រៀប​រាប់តាមលំដាប់ស្រៈ បែរជាមាន២១តួ ដោយរាប់ទាំងតួ ផង។

រីឯលោក ញិក នូវ  ក៏ពុំមានភាពប្រាកដនិយមច្បាស់លាស់លើខ្លួនឯងដែរ ព្រោះគាត់សរសេរ ថាស្រៈមាន២១តួ(ពីដល់ អះ ) ប៉ុន្តែគាត់បែរជាធ្វើកំណត់ចំណាំដាក់ជាលេខយោង ដោយសរសេរ ថា «ធម្មជាតិឈ្មោះថាស្រៈ ត្រូវបញ្ចេញសំឡេងតាមទំនើងខ្លួន គ្មានសូរសំឡេងដែលប្រកបដោយ ព្យញ្ជនៈ និគ្គហិត ឬវិសជ៌នីសោះទេ បើតាមគោលនេះ អុំ អំ អាំ អះ មិនគួរចាត់ជាស្រៈ ព្រោះប្រកប ដោយនិគ្គហិត និងវិសជ៌នី តែក្នុងទីនេះ គង់ហៅថាស្រៈទៅតាមទម្លាប់ក្នុងបច្ចុប្បន្ន។» ត្រង់នេះស បញ្ជាក់ថា លោក ញិក នូវ  ពុំច្បាស់លាស់ថាខ្លួនគាត់កំពុងសិក្សាអំពីអ្វីឲ្យប្រាកដឡើយ ព្រោះថា បើសិនជាគាត់សិក្សាអំពីស្រៈនិស្ស័យត្រឹមក្របខណ្ឌវេយ្យាករណ៍ប្រពៃណី នោះសញ្ញា «ុំ  ំ  ាំ ះ» ប្រាកដណាស់គឺជាស្រៈ ព្រោះតាមនិយមន័យ ស្រៈនិស្ស័យគឺស្រៈដែលអាស្រ័យទៅនឹងព្យញ្ជនៈ អាច​នាំ​ព្យញ្ជនៈ​ឲ្យ​ចេញ​សំឡេង​បាន។ យើងពុំអាចសរសេរ «ុំ  ំ ាំ ះ» ដូច្នេះតែឯកឯងដោយ​មិន​អាស្រ័យ​តួព្យញ្ជនៈកើតទេ គឺវាត្រូវការផ្សំជាមួយព្យញ្ជនៈ ឧទារហណ៍ កុំ កំ កាំ កះ ជាដើម។ ប៉ុន្តែបើ គាត់ចង់អះអាងបែបនេះ លុះត្រាតែគាត់សិក្សាអំពីសូរស្រៈ ត្បិតអី ផ្អែកតាមការសិក្សាអំពីសូរវិទ្យា​«ុំ  ំ ាំ» ពុំមែនជាស្រៈមែន ព្រោះវាបង្ហូរឡើងដោយមានខ្យល់ [ម][m] ឯ «ះ» មានខ្យល់ [ហ] [h] នៅខាងចុង ដែលវាផ្ទុយពីលក្ខខណ្ឌរបស់ស្រៈ។ តាមសូរវិទ្យា «ុំ  ំ  ាំ ះ» យើងអាចសរសេរជា «អុម អ់ម អា់ម អា់ហ»     ឬកត់សូរជាសញ្ញាអន្តរជាតិ  [Ọm] [ɒm] [am] [ah] ។

ដោយឡែក សៀវភៅវេយ្យាករណ៍របស់ក្រសួងអប់រំបានសរសេរប្លែកពីគេថា ស្រៈមាន១៧តួ ដោយចែកជាស្រៈកប់តួមួយ(អ) និងស្រៈនិស្ស័យ១៦ គឺ ា(អា) ដល់ ៅ (អៅ)។ ចំណែកឯស្រៈ «ុំ  ំ  ាំ ះ» ពុំមែនជាតួស្រៈ តែជាតួស្រៈប្រកបនឹងព្យញ្ជនៈ។ ត្រង់ចំណុចនេះ អ្នកនិពន្ធសៀវភៅ វេយ្យាករណ៍របស់ក្រសួងអប់រំក៏ពុំបានបែងចែកឲ្យដាច់ណាត់រវាងការសិក្សាអំពីស្រៈនិងសូរស្រៈ ក្នុងភាសាខ្មែរឲ្យច្បាស់លាស់ដែរ ព្រោះម្តងគាត់និយាយពីស្រៈ ម្តងគាត់និយាយពីសូរស្រៈ ដែលនាំឲ្យអ្នកសិក្សា មានការភាន់ច្រឡំ និងបកស្រាយរៀងៗខ្លួន។

តាមវិចារណកម្មរបស់ស្មេរដោយផ្អែកតាមទ្រឹស្តីរបស់បណ្ឌិត ច័ន្ទ សំណព្វ នៅក្នុងក្របខណ្ឌ​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវនេះ ស្មេរសូមវិភាគទៅលើ​ការសិក្សាអំពីស្រៈនេះជាពីរផ្សេងគ្នាគឺ៖ បើយើង​សិក្សា​អំពី​ស្រៈនិស្ស័យនៅក្នុងក្របខណ្ឌនៃវេយ្យាករណ៍ យើងមិនត្រូវវិភាគទៅលើបញ្ហាសូរទេ មាន​ន័យថា​យើងគ្រាន់តែសិក្សាផ្តោតទៅលើសញ្ញា (រូប)របស់វាតែប៉ុណ្ណោះ ព្រោះតាមន័យជាតិសព្ទ​របស់​​ពាក្យ ស្រៈនិស្ស័យ គឺជាស្រៈដែល​ពឹង​អាស្រ័យលើតួ​ព្យញ្ជនៈ ទោះបីជាវាមានរូបរាងបែបណា សូរ​បែបណាក៏ដោយ។ ​ក្នុងន័យនេះ បើ​តាមសំណេរដែលមានក្នុងភាសាខ្មែរ ហើយដែលយើងធ្លាប់​បាន​សរសេរគ្រប់ៗគ្នាមក ឃើញថាស្រៈនិស្ស័យខ្មែរមានច្រើនជាង២១ ដូចដែលមាននៅក្នុង​សៀវ-ភៅ​​វេយ្យាករណ៍ខ្មែរនៃសំណាកគំរូនេះទៅទៀត ពោលគឺស្រៈនិស្ស័យមានរហូតដល់ ២៧ (ឬ២៨​ទាំង​ស្រៈកប់តួ)​ រួមមាន៖ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ  ំ ាំ ះ ុះ   េះ   ិះ    ោះ  ឹះ   ើះ   ែះ  ។ ចំពោះស្រៈ «ិះ    ឹះ  ើះ   ែះ »ដូចមានក្នុងពាក្យ ជិះ ចង្កឹះ ប្រើះ ច្រែះ ជាដើម។​

ផ្ទុយទៅវិញ បើយើងសិក្សាអំពីស្រៈក្នុងក្របខណ្ឌសូរវិទ្យា ទើបយើងគប្បីវិភាគទៅលើសូរ​របស់​​ស្រៈ។ បើតាមការសិក្សាអំពីសូរវិទ្យា ចំពោះស្រៈ «ុំ  ំ ាំ ះ» ដែលលោក ញិក នូវ និយាយ​ទាំង​ស្ទាក់ស្ទើរ ហើយនិងអ្នកនិពន្ធនៃក្រសួងអប់រំបានអះ​អាងថាមិនមែនជាស្រៈនោះជាការត្រឹមត្រូវ​ណាស់​ហើយ ព្រោះ​ដូច​ដែលស្មេរបានពន្យល់ខាងលើរួចហើយថា «ុំ  ំ  ាំ ះ» មានសូរព្យញ្ជនៈ​នៅ​ជាមួយផង ពោលគឺវាមានសូរស្រៈផ្សំជាមួយនឹងព្យញ្ជនៈ [Ọm] [ɒm] [am] [ah] ។ ប៉ុន្តែគួរកត់​សម្គាល់ថា បើអ្នកនិពន្ធនៃក្រសួងអប់រំដកស្រៈ«ុំ  ំ  ាំ ះ»ចេញ ក៏ត្រូវដកស្រៈ «ី» និង «ៃ» ចេញ​ផង​ដែរ ព្រោះបើយើង​សិក្សា​អំពី​សូរ​នៃ​ «អី» និង «អៃ» តាមក្របខណ្ឌសូរវិទ្យា វាក៏មិនមែនជាស្រៈ​ដែរ គឺវា​ជាសូរស្រៈ​ផ្សំ​នឹង​ព្យញ្ជនៈ ព្រោះ​មានសូរ [យ] នៅខាងចុង បានសេចក្តីថា «អី» ផ្សំឡើង​ដោយ​ស្រៈ [អិ] និង​ព្យញ្ជនៈ [យ]   (អី = អិ + យ [ẹj] ), «អៃ» ផ្សំឡើងដោយសូរស្រៈ [អា់] និង​ព្យញ្ជនៈ [យ] (អៃ = អា់ + យ [aj] )​។

៥.២. វិភាគលើព្យញ្ជនៈ

នៅក្នុងលទ្ធផលនៃការស្រាវជ្រាវខាងលើ យើងឃើញថាព្យញ្ជនៈខ្មែរមានចំនួន ៣៣តួ ប៉ុន្តែអ្នកនិពន្ធសៀវភៅវេយ្យាករណ៍នៃសំណាកគំរូដែលស្មេរលើកយកមកសិក្សា ពុំមានឯកភាពគ្នាទៅ លើតួព្យញ្ជនៈទី៣៣។ លោក ពូវ អ៊ុម, រ៉ាយ ប៊ុក, សៀន ខ័នឌី, អ៊ុយ ជួន, និង​សម្តេច ​ជួន ណាត បាន​រាប់ឈ្មោះព្យញ្ជនៈទី៣៣ថា «ំ» (អានថា [អ័ង] [aŋ] ) ដូចទៅនឹងព្យញ្ជនៈ​ក្នុង​ភាសា​បាលី​ទៅវិញ។ ចំណុចនេះសបញ្ជាក់ថា ក្រុមអ្នកនិពន្ធទាំងនេះបានសិក្សាអក្ខរៈខ្មែរដោយយក​តាមលំនាំ​ភាសាបាលី។ រី​ឯមួយក្រុម​ទៀត មានលោក អៀវ កើស, ញិក នូវ និងអ្នកនិពន្ធនៃក្រសួងអប់រំ​បាន​រាប់​ឈ្មោះ​ព្យញ្ជនៈ​​ទី៣៣​ថា «អ» ហើយសៀវភៅវេយ្យាករណ៍របស់ក្រសួងអប់រំដែលនោះបាន​ពន្យល់​ថា «អ» ជា​ព្យញ្ជនៈ​ចន្លោះខ្សែ​សំឡេង  ដែល​​ត្រូវនឹងភាសាបារាំងថា coup de glotte ហើយ​តាង​​ដោយ​សញ្ញា [ʔ] នៅក្នុងសញ្ញាសូរ​វិទ្យា​អន្តរជាតិ។ គួររំលឹកផងដែរថា នៅក្នុងលំដាប់នៃ​ស្រៈខ្មែរ​ក៏មាន​សញ្ញា «ំ» ដូចនេះដែរ ហើយ​គេ​អានថា [អ;ម] [ɒm] ។ ករណីនេះបង្ហាញថា​ព្យញ្ជនៈនិងស្រៈ​មានរូបរាងដូចគ្នា។ ប៉ុន្តែជាសត្យានុម័ត ពុំដែលមានទេ ស្រៈនិងព្យញ្ជនៈមានរូបតែមួយដូចគ្នា។

ប៉ុន្តែអ្វីដែលគួរឲ្យងឿងឆ្ងល់នោះគឺថា លោក ពូវ អ៊ុម បែរជាសរសេរនៅត្រង់ចំណុចព្យញ្ជនៈ អឃោសៈ មានអក្សរ «អ» ទៅវិញ។ បានសេចក្តីថាលោក ពូវ អ៊ុម ពុំមានលក្ខណៈប្រាកដនិយមទៅលើការវិនិច្ឆ័យតួព្យញ្ជនៈខ្មែរទី៣៣នោះឡើយ ម្តងគាត់ថា «ំ» ម្តងគាត់ថា «អ»។

ក្រៅពីអ្នកនិពន្ធក្នុងសំណាកគំរូទាំងនេះ យើងឃើញមានលោក កេង វ៉ាន់សាក់(១៩៦៦) ក៏ដូចជាលោក នៅ ស៊ុន(២០១២) ក៏បានអះអាងដូចគ្នាថា មិនមែនជាព្យញ្ជនៈដែរ វាគឺជាស្រៈ។ ដោយ​ឡែក លោកបណ្ឌិត ច័ន្ទ សំណព្វ(២០១៣) បានអះអាងផ្ទុយពីនេះទៅវិញ ដោយលោក​បានពន្យល់​យ៉ាង​ម៉ឺងម៉ាត់ថា ដាច់ខាតគឺជាព្យញ្ជនៈ ព្រោះថា ពេលដែលកូនខ្មែរអានសូរ  ប្រាកដ​ជាមានឮសូរ coup de glotte (ព្យញ្ជនៈចន្លោះខ្សែសំឡេង) ជាដរាប ហើយលោកបានបរិយាយ ​បន្ថែមទៀតថា កាលលោករៀននៅប្រទេសបារាំង លោកបានពិសោធអានអក្សរ នេះជាមួយ​ម៉ាស៊ីន​អស់ជាច្រើនដង។ ជាលទ្ធផលគឺរលកសញ្ញានៃម៉ាស៊ីនបង្ហាញថា គឺជាព្យញ្ជនៈ​ពិត​ប្រាកដ។

ដូច្នេះតាមការវិភាគខាងលើនេះ ស្មេរសូមគាំទ្រថាព្យញ្ជនៈទី៣៣របស់ខ្មែរគឺ «អ» ឬថា ​«អ» គឺជាព្យញ្ជនៈ មិនមែនជាស្រៈឡើយ ​ដូចដែល​លោក អៀវ កើស, ញិក នូវ,  អ្នកនិពន្ធនៃក្រសួងអប់រំ, ក៏ដូច​លោកបណ្ឌិត ច័ន្ទ សំណព្វ បានពន្យល់។   ស្មេរអះអាងគាំទ្រដូចនេះ ដោយហេតុថា នៅក្នុង​ប្រព័ន្ធ​​សំណេរខ្មែរ «អ» ត្រូវបានគេយក មកប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំងជាតួព្យញ្ជនៈ​ដើមព្យាង្គក្តី ជាជើងព្យញ្ជនៈ ក្តី មានដូចជា៖ អង់អាច អូន អំណាច អំណោយ អង្រឹង អង្ក្រង អំបុក អំបោះ អុក អុំទូក ស្អី ស្អាតស្អំ ល្អាង ល្អី ក្អុក ក្អម ម្អម ឆ្អាប ឆ្អេះ ។ល។ ម្យ៉ាងទៀត​នៅក្នុង​ទម្រង់​ព្យាង្គ​ខ្មែរ មានតែទម្រង់  ពស ពសព ពពស និង ពពសព  គឺគ្មានទម្រង់ និង សព ដូចក្នុង​ភាសា​បរទេស​ឡើយ។ ឧទាហរណ៍គេពុំអាចកត់សូរនៃពាក្យ អូន ដោយ [Ọ:n] បានទេ តែគេត្រូវកត់​សូរ​ដោយ [ʔỌ:n] ដូច្នេះ​ទៅវិញ។

ជាសន្និដ្ឋាន នាំឲ្យស្មេរគាំទ្រក្រុមដែលថាព្យញ្ជនៈទី៣៣ខ្មែរគឺ «អ» ដែលនាំឲ្យយើងបាន​ព្យញ្ជនៈខ្មែរមាន៖ កខគឃង  ចឆជឈញ   ដឋឌឍណ  តថទធ​ន  បផពភម  យរលវសហឡអ ។

៥.៣. វិភាគលើវណ្ណយុត្តិ      

យោងតាមនិយមន័យនៃវណ្ណយុត្តិក្នុងជំពូកខាងលើ យើងឃើញមានការឱ្យនិយមន័យស្របគ្នា ដែលស្មេរសូមសំយោគឡើងវិញថា វណ្ណយុត្តិគឺជាគ្រឿង​ប្រដាប់​សម្រាប់​ប្រើ​ផ្សំ​ជា​មួយ​នឹង​អក្សរ ដើម្បី​សម្រួល​ក្នុងការប្រើសំឡេង​ទៅតាមសេចក្តី​ត្រូវការ ឬដើម្បីឱ្យលំអៀងពីសព្ទដើម។ ប៉ុន្តែ លោក ពូវ អ៊ុម និង សៀន ខ័នឌី បានបន្ថែមនិយមន័យលើសពីនេះបន្តិចទៀតថា «និងកាត់​ពាក្យ​ក្នុងប្រយោគ​ជា​​សង្កាត់​​ដើម្បី​ឲ្យលះ​សេចក្តី។» ក្នុងន័យនេះស្មេរពុំឯកភាពតាមលោក ពូវ អ៊ុម និង​សៀន ខ័នឌី ទេ ព្រោះតាមសព្ទដើម «វណ្ណ» ប្រែថា «អក្សរ» «យុត្តិ» ប្រែថា «ប្រកប» ដូចនេះ​«វណ្ណយុត្តិ» ប្រែថា អក្សរសម្រាប់ប្រកបសូរ ឬសម្រាប់សម្របសម្រួលសូររបស់ពាក្យ។ លោក កេង វ៉ាន់សាក់(១៩៦៦) បានឲ្យឈ្មោះសញ្ញានេះថា «សញ្ញាសព្ទ» ហើយលោកបានឲ្យនិយមន័យថា ជា​សញ្ញាព្យាង្គប្រើសម្រាប់​បញ្ជាក់ន័យ ហើយនិងសូរសំឡេងរបស់ពាក្យ ដោយធ្វើឲ្យពាក្យក្លាយ​មកពី​បរទេស​ មានលក្ខណៈជាខ្មែរទៅវិញ។

សញ្ញាវណ្ណយុត្តិនេះ ពុំមែនមានតួនាទីកាត់ពាក្យ ប្រយោគ ជាសង្កាត់ដើម្បីឲ្យលះ​សេចក្តី​នោះទេ។ បានសេចក្តីថាវណ្ណយុត្តិបានចូលរួមធ្វើអន្តរកម្មជាមួយនឹង​ព្យញ្ជនៈនៃព្យាង្គ​ឬពាក្យ​ ដែល​ធ្វើ​ឱ្យព្យាង្គ​ឬពាក្យនោះមានការប្រែប្រួលសូរខុសពីសូរដើម។ ឧទាហរណ៍ កាក អាន​​ថា [ka:ʔ] បើ​យើង​ថែម​វណ្ណយុត្តិ «បន្តក់(់)» ទៅលើពាក្យ កាក យើងនឹងបានពាក្យថ្មីមួយគឺ កាក់ អានថា [kaʔ]  មាន​ន័យ​ថាវណ្ណយុត្តិ «បន្តក់(់)» មានមុខងារធ្វើសូរវែងឱ្យមកជាសូរខ្លី។ ឧទាហរណ៍ទី២៖ សុខ អាន​ថា [sk] បើយើងថែមវណ្ណយុត្តិ «យុគលពិន្ទុ(ៈ)» ទៅលើពាក្យ សុខ យើងនឹងបាន​ពាក្យ​ថ្មី​មួយ​គឺ សុខៈ  អានថា [skhaʔ] ។ មានន័យថាវណ្ណយុត្តិ «យុគលពិន្ទុ(ៈ)» មានមុខងារធ្វើ​សូរព្យញ្ជនៈ​ចុង​ព្យាង្គ​ឱ្យ​មានសំឡេង [អៈ][អ៊ៈ] សម្រាប់​សម្គាល់​ពាក្យកម្ចី​បាលី​សំស្ក្រឹត គឺ សុខ([sk])​ ¦ សុខៈ ([skhaʔ] ) ។ ឧទាហរណ៍ទី៣៖ ពាក្យ វិនយ(បា.) អានថា [vinaja] អាលយ(បា.) អានថា [a:laja] បើ​យើង​ថែមវណ្ណយុត្តិ «សំយោគសញ្ញា(័)» ទៅលើពាក្យ វិនយ អាលយ យើងបាន វិន័យ អាល័យ  អានថា [vinei] [a:lai] ។ មានន័យថាវណ្ណយុត្តិ «សំយោគសញ្ញា (័)» មានមុខងារ​បំប្រួញសព្ទ​ក្នុងភាសាបាលី សំស្ក្រឹតមកជាភាសាខ្មែរ មានសូរ អៃ[ai] អ៊ៃ[ei] ​ កាលណាវា​ប្រកបជាមួយនឹង «យ» ​ឬមានសូរ អ័រ[oa:] កាលណាវាប្រកបជាមួយនឹង​ «រ» ដូចក្នុងពាក្យខ្មែរ «ញ័រ ជ័រ ខ្ទ័រ…» ឬមានសូរផ្សេងៗជាច្រើនទៀត ដូចជា «[aʔ] [ah] [ap] [aŋ] …។ល។» អាស្រ័យ​ទៅ​តាម​អន្តរកម្មរបស់​វាជាមួយព្យញ្ជនៈខាងចុង។

នៅក្នុងសៀវភៅវេយ្យាករណ៍ដែលជាគំរូសិក្សារបស់ស្មេរទាំងប្រាំបី គឺភាសាខ្មែរ (អៀវ កើស) វេយ្យាករណ៍ខ្មែរ(ពូវ អ៊ុម) ខេមរវេយ្យាករណ៍(រ៉ាយ ប៊ុក) វេយ្យាករណ៍​ខ្មែរ​ទំនើប(សៀន ខ័នឌី)​ វេយ្យាករណ៍ពិសេស(អ៊ុយ ជួន) វេយ្យាករណ៍ខ្មែរ(ញិក នូវ) វចនានុក្រមខ្មែរ(ជួន ណាត) និង វេយ្យាករណ៍ខ្មែរ (ក្រសួងអប់រំ) គឺមានតែលោក អៀវ កើស និងលោក សៀន ខ័នឌី ទេ​ដែល​បាន​បែង​ចែកសញ្ញាវណ្ណយុត្តិបានត្រឹមត្រូវទៅតាមអត្ថន័យនៃពាក្យនេះ។ ចំណែកឯលោក ពូវ អ៊ុម, រ៉ាយ ប៊ុក, អ៊ុយ ជួន, ញិក នូវ, សម្តេចសង្ឃ ជួន ណាត និង​ក្រសួង​អប់រំ​ ពុំបានធ្វើបំណែងចែក ​និង​ញែក​ឲ្យដាច់រវាងវណ្ណយុត្តិនិងខណ្ឌសញ្ញាឡើយ។ ម្យ៉ាងទៀតក្រសួងអប់រំក៏ពុំបានប្រើពាក្យថា វណ្ណយុត្តិខណ្ឌសញ្ញា អ្វីទេ តែបែរជាប្រើពាក្យថា សញ្ញាពិសេស ទៅវិញ។

លោក អៀវ កើស ថាវណ្ណយុត្តិមាន៩គឺ ១.មូសិកទន្ត ( ៉) ២.ត្រីសព្ទ(  ៊ ) ៣.រស្សសញ្ញា(់) ៤.សំយោគ(័) ៥. របាទ(  ៌ ) ៦. ទណ្ឌឃាត(៍) ៧.យុគល​ពិន្ទុ(ៈ) ៨. លេខ​ទោ (ៗ) ៩. លេខអស្តា (៏)។ ឃើញថាត្រឹមត្រូវ តែនៅខ្វះពីរទៀតគឺ វិសជ្ជនីឬរះមុខ(ះ) និងជើងក្អែក(+) (លោកបែរជាយក ជើងក្អែក ទៅដាក់ក្នុងខណ្ឌសញ្ញាទៅវិញ)។

លោក ពូវ អ៊ុម ថាវណ្ណយុត្តិមាន១៥គឺ៖ ១.បន្តក់ (់)   ២.មូសិកទន្ត(  ៉ ) ៣.ត្រី​សព្ទ(  ៊ ) ៤.សំយោគ​សញ្ញា(័) ៥.របាទ(  ៌ ) ៦.លេខអស្តា(៏) ៧.ទណ្ឌឃាត(៍) ៨.វិសជ្ជនី(ះ) ៩.កុក្កដនេត្រ(៙) ១០.កាកបាទ(+) ១១.វង់ក្រចក((  )) ១២.អព្ភន្តរៈ (« ») ១៣.ល(។ល។) ១៤.គោមូត្រ () ១៥.ល្បះ​(។)។ ក្នុងចំណោម១៥នេះ មានវណ្ណយុត្តិពិតប្រាដកតែប្រាំបីទេ គឺ ១.បន្តក់ (់) ២.មូសិកទន្ត(  ៉ ) ៣.ត្រី​សព្ទ​(   ៊ ) ​ ៤.សំយោគ​សញ្ញា(័) ៥.របាទ(  ៌ ) ៦.លេខអស្តា(៏) ៧.ទណ្ឌឃាត(៍) ៨.វិសជ្ជនី(ះ)។ ចំណែក​ឯប្រាំពីរទៀតមាន ១.កុក្កដនេត្រ(៙) ២.កាកបាទ(+) ៣.វង់ក្រចក((  )) ៤.អព្ភន្តរៈ(« ») ៥.ល​(។ល។) ៦.គោមូត្រ () ៧.ល្បះ​(។) ជាខណ្ឌសញ្ញា។

លោក រ៉ាយ ប៊ុក ថាវណ្ណយុត្តិមាន២១គឺ៖ ១.វិសជ្ជនី(ះ) ២.មូសិកទន្ត(  ៉ ) ៣.ត្រីសព្ទ(  ៊ ) ៤. ទណ្ឌឃាត(៍) ៥.របាទ(  ៌ ) ៦.រស្សសញ្ញា(់) ៧.សំយោគសញ្ញា(័) ៨.អាមេណ្ឌិតសញ្ញា(ៗ) ៩. លេខ​អស្តា(៏) ១០.កាកបាទ(+) ១១.កុក្កដនេត្រ(៙) ១២.ល្បះ(។) ១៣.បរិយោសាន(មាន​រូប៣៖ ៕ ។៚ ៕៚) ១៤.គោមូត្រ() ១៥.រ៉ាត់ឬគាប(}) ១៦.រជ្ជុសញ្ញា(­) ១៧.មច្ឆណ្ឌសញ្ញា(…) ១៨.បេយ្យាល (។ល។) ១៩.យុគលៈពិន្ទុ(ៈ) ២០.អព្ភន្តរសញ្ញា(« ») ២១.វង់ក្រចក((  ))។ ក្នុងចំណោម២១នេះ មានវណ្ណយុត្តិពិតប្រាកដតែ១១ទេគឺ៖ ១.វិសជ្ជនី(ះ) ២.មូសិកទន្ត(  ៉ ) ៣.ត្រីសព្ទ​(   ៊ ) ៤.ទណ្ឌឃាត​(៍) ៥.របាទ(  ៌ ) ៦.រស្សសញ្ញា(់) ៧.សំយោគសញ្ញា(័) ៨.អាមេណ្ឌិតសញ្ញា (ៗ) ៩.លេខអស្តា(៏) ១០.កាកបាទ (+) និង ១១.យុគលៈពិន្ទុ(ៈ)។ ចំណែកឯ១០ទៀតគឺ ១.កុក្កដនេត្រ(៙) ២.ល្បះ(។) ៣.បរិយោសាន(មាន​រូប៣៖ ៕ ។៚ ៕៚) ៤.គោមូត្រ() ៥.រ៉ាត់ឬគាប(}) ៦.រជ្ជុសញ្ញា(­) ៧.មច្ឆណ្ឌសញ្ញា(…) ៨.បេយ្យាល (។ល។) ៩.អព្ភន្តរសញ្ញា(« ») ១០.វង់ក្រចក((  )) ជាខណ្ឌសញ្ញា។

លោក សៀន ខ័នឌី ថាវណ្ណយុត្តិមាន១១យ៉ាងគឺ៖ ១.រស្សសញ្ញាឬបន្តក់ (់) ២.មូសិក​ទន្ត​ឬធ្មេញកណ្តុរ(  ៉ ) ៣.ត្រីសព្ទ(  ៊ ) ៤.សំយោគសញ្ញា(័) ៥.របាទឬរេផៈ(  ៌ ) ៦.ទណ្ឌឃាតឬបដិសេធ (៍) ៧.លេខ​ទោ​ឬអាមេណ្ឌិតសញ្ញា(ៗ) ៨.លេខអស្តា(៏) ៩.វិសជ្ជនីឬរះមុខ(ះ) ១០. កាកបាទ​ឬ​ជើង​ក្អែក(+) ១១.យុគលៈពិន្ទុ(ៈ)។ ឃើញថាត្រឹមត្រូវទាំង១១។

លោក អ៊ុយ ជួន ថាវណ្ណយុត្តិជា៣០គឺ៖  ១.វិសជ្ជនី(ះ) ២.មូសិកទន្ត(  ៉ ) ៣.ត្រីសព្ទ(  ៊ ) ៤. ទណ្ឌឃាត(៍) ៥.របាទ(  ៌ ) ៦.រស្សសញ្ញា(់) ៧.សំយោគសញ្ញា(័) ៨.លេខ​ទោ (ៗ) ៩.លេខ​អស្តា(៏) ១០.កាកបាទ(+) ១១.កុក្កដនេត្រ(៙) ១២.ល្បះឬខណ្ឌ(។) ១៣.ល្បះ​បរិយោ​សាន​ឬខណ្ឌ​បរិយោ​សាន មានបីបែប(៕ ៚ ៕៚) ១៤.គោមូត្រ (៚) ១៥.រ៉ាត់ឬគាប(}) ១៦.រជ្ជុសញ្ញា(­) ១៧.យតិភ័ង្គ​ឬ​សហ​សញ្ញា() ១៨.មច្ឆណ្ឌសញ្ញា(…) ១៩.បេយ្យាល(។បេ។) ឬ (។ល។) ២0.យុគល​ពិន្ទុឬទ្វេភាគ(:) ២១.នខសញ្ញា(( )) ២២.ចុល្លព្ភាគ(,) ២៣.មហព្ភាគ(;)​ ២៤.បុច្ឆន​សញ្ញា(?) ២៥.ឧទានសញ្ញា(!) ២៦.អព្ភន្តរសញ្ញាឬអញ្ញប្រកាស(« ») ២៧.គតសញ្ញា(>) ២៨.អាគតសញ្ញា(<) ២៩.ទស្សនសញ្ញា(=) ៣០.សញ្ញា​លេខ​គុណ(x)។ ក្នុងចំណោម៣០នេះ មានវណ្ណយុត្តិពិតប្រាកដតែ​១១ទេគឺ៖ ១.វិសជ្ជនី​(ះ) ២.មូសិកទន្ត(  ៉ ) ៣.ត្រីសព្ទ(  ៊ ) ៤.ទណ្ឌឃាត(៍) ៥.របាទ(  ៌ ) ៦.រស្ស​សញ្ញា(់) ៧.សំយោគ​សញ្ញា(័) ៨.លេខ​ទោ (ៗ) ៩.លេខ​អស្តា (៏) ១០.កាកបាទ(+) និង១១.យុគល​ពិន្ទុឬទ្វេភាគ (:)។ ចំណែកឯ១៩ទៀត មាន៖ ១.កុក្កដនេត្រ(៙) ២.ល្បះឬខណ្ឌ(។) ៣.ល្បះ​បរិយោ​សាន​ឬខណ្ឌ​បរិយោ​សាន មានបីបែប(៕ ៚ ៕៚) ៤.គោមូត្រ (៚) ៥.រ៉ាត់ឬគាប(}) ៦.រជ្ជុសញ្ញា(­) ៧.យតិភ័ង្គ​ឬ​សហ​សញ្ញា() ៨.មច្ឆណ្ឌសញ្ញា(…) ៩.បេយ្យាល(។បេ។) ឬ (។ល។) ១០.នខសញ្ញា(  ) ១១.ចុល្លព្ភាគ(,) ១២.មហព្ភាគ(;)​ ១៣.បុច្ឆន​សញ្ញា(?) ១៤.ឧទានសញ្ញា(!) ១៥.អព្ភន្តរសញ្ញា ឬ អញ្ញប្រកាស(« ») ១៦.គតសញ្ញា(>) ១៧.អាគតសញ្ញា(<) ១៨.ទស្សនសញ្ញា(=) ១៩.សញ្ញា​លេខ​គុណ(x) ជាណ្ឌសញ្ញា។

លោក ញិក នូវ ថាវណ្ណយុត្តិជា១៦គឺ៖ ១.វិសជ្ជនីឬរះមុខ(ះ) ២.យុគល​ពិន្ទុ​ឬ​ចុច​ពីរ​(:) ៣. បន្តក់(់) ៤.មូសិកទន្ត(ធ្មេញកណ្តុរ)(  ៉ ) ៥.ត្រីសព្ទ(  ៊ ) ៦.ទណ្ឌឃាត​ឬបដិសេធ(៍) ៧.របាទ​ឬរេផះ(  ៌ ) ៨.សំយោគសញ្ញា(័) ៩.កាកបាទឬជើងក្អែក(+) ១០.លេខអស្តា(៏) ១១.កុក្កដ​នេត្រ​ឬភ្នែកមាន់(៙) ១២.ល្បះឬក្បិលល្បះ(។) ១៣.រ៉ាត់ឬគាប(}) ១៤.លេខទោ​ឬអាមេណ្ឌិត​សញ្ញា​(ៗ) ១៥.បេ​យ្យា​លៈ​(។បេ។) ឬ (។ល។) ១៦.បរិយោសានឬល្បះចប់(៕) ក្នុងចំណោម១៦នេះ មានវណ្ណយុត្តិពិត​ប្រាកដតែ១០ ទេគឺ៖ ១.វិសជ្ជនីឬរះមុខ(ះ) ២.យុគល​ពិន្ទុ​ឬ​ចុច​ពីរ​(:) ៣.បន្តក់(់) ៤.មូសិកទន្ត​(ធ្មេញកណ្តុរ)(  ៉ ) ៥.ត្រីសព្ទ(  ៊ )  ៦.ទណ្ឌឃាត​ឬបដិសេធ(៍) ៧.របាទ​ឬរេផះ ( ៌ ) ៨.សំយោគ​សញ្ញា(័) ៩.កាកបាទឬជើងក្អែក(+) និង១០.លេខអស្តា(៏) នៅខ្វះសញ្ញា លេខទោ(ៗ) មួយទៀត។ ចំណែក​ឯ​ប្រាំមួយទៀ​ត គឺ១.កុក្កដ​នេត្រ​ឬភ្នែកមាន់(៙) ២.ល្បះឬក្បិលល្បះ(។) ៣.រ៉ាត់ឬគាប(}) ៤.លេខទោ​ឬអាមេណ្ឌិត​សញ្ញា​(ៗ) ៥.បេ​យ្យា​លៈ​(។បេ។) ឬ (។ល។) ៦.បរិយោសានឬល្បះចប់(៕) ជា​ខណ្ឌសញ្ញា។

សម្តេចសង្ឃ ជួន ណាត ថាវណ្ណយុត្តិជា១៩គឺ៖ ១.វិសជ៌នី ឬវិសគ៌ៈ ឬ​រះ​មុខ(ះ) ២.មូសិក​ទន្ត ឬធ្មេញ​កណ្តុរ(  ៉ ) ៣.ត្រី​សព្ទ(  ៊ ) ៤.ទណ្ឌ​​ឃាត ឬបដិសេធ(៍) ៥.របាទ ឬរេផៈ(  ៌ ) ៦.រស្ស​សញ្ញា ឬបន្តក់(់) ៧.សំយោគ​សញ្ញា(័) ៨.លេខ​ទោ ឬអាមេណ្ឌិត​សញ្ញា (ៗ) ៩.លេខ​អស្តា(៏) ១០.កាក​បាទ ឬជើង​ក្អែក(+) ១១.កុក្កុដ​នេត្រ ឬភ្នែក​មាន់(៙) ១២.របះ(។) ១៣. របះ​ចប់ ឬរបះ​បរិយោសាន​(៕) ១៤.គោមូត្រ(៚) ១៥.រ៉ាត់ ឬគាប( } ) ១៦.រជ្ជុ​សញ្ញា(-) ១៧.មច្ឆណ្ឌ​សញ្ញា ឬពង​ត្រី(…)        ១៨.​បេយ្យាល(។ បេ ។) ឬ (។ល។) ១៩.យុគល​ពិន្ទុ(ៈ)។ ក្នុងចំណោម១៩នេះ មានវណ្ណយុត្តិពិត​ប្រាកដតែ១១ទេគឺ៖ ១.វិសជ៌នី ឬវិសគ៌ៈ ឬ​រះ​មុខ(ះ) ២.មូសិក​ទន្ត ឬធ្មេញ​កណ្តុរ( ៉ ) ៣.ត្រី​សព្ទ(  ៊ ) ៤.ទណ្ឌ​​ឃាត ឬបដិសេធ(៍) ៥.របាទ ឬរេផៈ( ៌ ) ៦.រស្ស​សញ្ញា ឬបន្តក់(់) ៧.សំយោគ​សញ្ញា(័) ៨.លេខ​ទោ ឬអាមេណ្ឌិត​សញ្ញា (ៗ) ៩.លេខ​អស្តា(៏) ១០.កាក​បាទ ឬជើង​ក្អែក(+) ១១.យុគល​​ពិន្ទុ​(ៈ) ។ ចំណែកឯប្រាំបីទៀ​ត គឺ៖ ១.កុក្កុដ​នេត្រឬភ្នែក​មាន់(៙) ២.របះ(។) ៣. របះ​ចប់ ឬរបះ​បរិយោសាន​(៕) ៤.គោមូត្រ(៚) ៥.រ៉ាត់ ឬគាប( } ) ៦.រជ្ជុ​សញ្ញា(-) ៧.មច្ឆណ្ឌ​សញ្ញា ឬពង​ត្រី(…)     ៨.​បេយ្យាល(។ បេ ។) ឬ (។ល។) ជាខណ្ឌសញ្ញា។

ក្រសួងអប់រំថាសញ្ញាពិសេសមាន២៨(ថ្នាក់ទី៥និងទី៦)គឺ៖ ១.បន្តក់(់) ២.ធ្មេញ​កណ្តុរ​ ឬ​សញ្ញា​​«អ»​(  ៉ ) ៣.សក់ក ឬសញ្ញាអ៊ ឬត្រី​សព្ទ(  ៊ ) ៤.ដំលើ(ំ) ៥. រះមុខ(ះ) ៦.របាទ(  ៌ ) ៧.ចុចពីរ(:) ៨.លេខ​ប្រាំបីឬ​អស្តា(៏) ៩.សញ្ញាផ្ទួនឬលេខ​ទោ(ៗ) ១០. បដិសេធ(៍) ១១.ផាត់លើ(័) ១២.គូស​មួយ​ឬគំនូសមួយ(­) ១៣.ចុចមួយឬចំណុចមួយ(.) ១៤.ដំពីរ (៖) ១៥.ក្បៀសបើកបិទ(«  ») ១៦.ចុច​រាយ​ឬចំណុចរាយ(…) ១៧.វង់ក្រចក((  )) ១៨.វង់ក្រចក​ជ្រុង​ឬតង្កៀប([  ]) ១៩.ជើងក្អែក(+)   ២០.ឃ្នាប​ឬរបាំង({  }) ២១. ទៅជា(>)​ ២២.មកពី(<) ២៣.គូសពីរ (=) ២៤.លាក់ (។ល។) ឬ(-ល) ២៥.សញ្ញាសួរ(?) ២៦.សញ្ញាឧទាន(!) ២៧.ខណ្ឌ(។) ២៨.ខណ្ឌចប់ (៕)។ ក្នុងចំណោម២៨​នេះ មាន វណ្ណយុត្តិពិត​ប្រាកដតែ១១ទេគឺ៖ ១.បន្តក់(់) ២.ធ្មេញ​កណ្តុរ​ ឬ​សញ្ញា​​«អ»​(  ៉ ) ៣.សក់ក ឬសញ្ញាអ៊ ឬត្រី​សព្ទ(  ៊ ) ៤.ដំលើ(ំ) ៥. រះមុខ(ះ) ៦.របាទ( ៌ ) ៧.ចុចពីរ(:) ៨.លេខ​ប្រាំបីឬ​អស្តា(៏) ៩.សញ្ញា​ផ្ទួន​ឬលេខ​ទោ(ៗ) ១០. បដិសេធ(៍) ១១.ផាត់លើ(័)។ ចំណែកឯ១៧ទៀ​តគឺ៖ ១.គូស​មួយ​ឬ​គំនូសមួយ(­-) ២.ចុចមួយឬចំណុចមួយ(.) ៣.ដំពីរ (៖) ៤.ក្បៀសបើកបិទ(«  ») ៥.ចុច​រាយ​ឬ​ចំណុចរាយ(…) ៦.វង់ក្រចក((  )) ៧.វង់ក្រចក​ជ្រុង​ឬតង្កៀប([  ]) ៨.ជើងក្អែក(+)   ៩.ឃ្នាប​ឬ​របាំង     ({  }) ១០. ទៅជា(>)​ ១១.មកពី(<) ១២.គូសពីរ (=) ១៣.លាក់ (។ល។) ឬ(-ល) ១៤.សញ្ញា​សួរ(?) ១៥.សញ្ញាឧទាន(!) ១៦.ខណ្ឌ(។) ១៧.ខណ្ឌចប់ (៕)  ជាខណ្ឌសញ្ញា។

ដូច្នេះយោងតាមការវិភាគខាងលើបង្ហាញថា ការកំណត់សញ្ញាវណ្ណយុត្តិនៅក្នុង​សៀវភៅ​​វេយ្យាករណ៍ខ្មែរក្នុងសំណាកគំរូខាងលើនេះពុំមានលក្ខណៈត្រឹមត្រូវច្បាស់លាស់ឡើយ ព្រោះអ្នក​និពន្ធសៀវភៅទាំងនោះបានយកខណ្ឌសញ្ញាមកធ្វើជាវណ្ណយុត្តិ ធ្វើឱ្យអ្នកសិក្សាមានការភាន់ច្រឡំ ច្របូកច្របល់តៗគ្នា។ បានសេចក្តីថាខណ្ឌសញ្ញាពុំមែនជាវណ្ណយុត្តិទេ ព្រោះវាពុំ​បានចូលរួមធ្វើ​អន្តរ-​កម្ម​​លើសូររបស់ព្យាង្គឬពាក្យឡើយ ពោល​គឺទោះមានខណ្ឌសញ្ញាឬគ្មានខណ្ឌសញ្ញា ក៏សូររបស់​ព្យាង្គឬពាក្យ​គ្មានអ្វីប្រែប្រួលដែរ។ ឧទាហរណ៍ ពាក្យ កាក ([ka:ʔ] ) បើយើងថែមខណ្ឌសញ្ញា «ដំពីរ(៖)» ទៅ​លើ កាក នោះយើងបាន កាក៖ ដែលពាក្យនេះនៅតែអានថា កាក ([ka:ʔ] ) ដដែល។ ឧទាហរណ៍​មួយទៀត ពាក្យ សុខ([sk])  បើយើងថែមខណ្ឌសញ្ញា «ចំណុចរាយ(…)» ទៅលើពាក្យ សុខ នោះ​យើងបាន «សុខ…»  ដែលពាក្យនេះនៅតែ​អាន​ថា សុខ( [sk] ) ដដែល។ល។

តាមវិចារណកម្មរបស់ស្មេរ សញ្ញាទាំងឡាយដែលអាចចាត់ទុកជាវណ្ណយុត្តិបានមានចំនួន ១១ ​ដូចជា៖

១.រស្សសញ្ញាឬបន្តក់ (់)                         ២.មូសិកទន្តឬធ្មេញកណ្តុរ (  ៉ )

៣.ត្រីសព្ទ (   ៊ )                                       ៤.សំយោគ​សញ្ញា​ (័)

៥.របាទឬរេផៈ (  ៌ )                                ៦.ទណ្ឌឃាតឬបដិសេធ (៍)

៧.លេខទោឬអាមេណ្ឌិតសញ្ញា (ៗ)          ៨. លេខអស្តា (៏)

៩.វិសជ្ជនីឬរះមុខ (ះ)                          ១០.កាកបាទឬជើងក្អែក (+)

១១.យុគលៈពិន្ទុ (ៈ)។

ចំណែកឯសញ្ញាផ្សេងទៀតមិនអាចចាត់ថាជាសញ្ញាវណ្ណយុត្តិទេ ព្រោះវាពុំមានលទ្ធភាពធ្វើឲ្យអក្សរ​ប្រែប្រួលសូរខុសពី​សូរដើម ​ប៉ុន្តែសញ្ញាទាំងនេះទំនាក់ទំនងជា​សម្ព័ន្ធនៅក្នុងល្បះដែលគេឲ្យឈ្មោះ​ថា​ខណ្ឌសញ្ញា  ដែល​​​គេប្រើសម្រាប់កាត់ចែកការសរសេរជាវគ្គ ជាអន្លើ ជាប្រយោគ ឬជា​វាក្យ។ សញ្ញា​ទាំងនេះ លោកបណ្ឌិត ច័ន្ទ សំណព្វ (២០១០) ឲ្យឈ្មោះថា «វណ្ណវាទ» ហើយលោក​ពន្យល់ថា ជាប្រភេទ​មួយនៃសិប្បសញ្ញា ហើយមានលក្ខណៈខុសពីវណ្ណយុត្តិ ព្រោះវណ្ណយុត្តិមានតួនាទីក្នុង​ការ​ប្រកប​សូរ ឯវណ្ណវាទគ្មានតួនាទីក្នុងការប្រកបសូរទេ តែមានវិសាលកម្មក្នុងផ្នែក​វាទកម្ម។​ ឯ​លោកបណ្ឌិត កេង វ៉ាន់សាក់(១៩៦៦) ឲ្យឈ្មោះថា «សញ្ញាសម្ព័ន្ធ» ហើយលោកឲ្យ​និយមន័យ​ថា ជា​​សញ្ញា​សម្រាប់​សម្គាល់ន័យ សេចក្តី បំណង ហើយនិងរូបរាងលក្ខណៈរបស់​ឃ្លា​ប្រយោគ។ ខណ្ឌសញ្ញាទាំងនោះមានដូចជា៖

១. កុក្កដនេត្រឬភ្នែកមាន់ ( )

២. ល្បះឬខណ្ឌ ( ។ )

៣. ល្បះ​ចប់ ឬល្បះបរិយោសាន ឬបរិយោសាន ( ៕ )

៤. គោមូត្រ ( ៚ )

៥. រ៉ាត់ ឬគាប ឬឃ្នាប ( {  )

៦. រជ្ជុសញ្ញា ( ­_ )

៧. យតិភ័ង្គ ( – )

៨. មច្ឆណ្ឌសញ្ញា ឬពងត្រី ឬចំណុច​រាយ  ( … )

៩. បេយ្យាល ( ។បេ។ ) ឬ ( ។ល។ )

១០. ចំណុច ( .​ )

១១. ចំណុចពីរ ( : )

១២. ចុល្លភាគឬក្បៀស ( , )

១៣. មហាភាគ ឬ​ចំណុច​​ក្បៀស ( ; )

១៤. ទ្វិពន្ទុលេខ ឬចំណុច​ពីរ​គូស ឬដំពីរ ( ៖ )

១៥. បុច្ឆនសញ្ញា ឬសញ្ញាសួរ ( ? )

១៦. អរិយសញ្ញា ឬវិម្ហសញ្ញា ឬសំវេគសញ្ញា ឬសញ្ញាឧទាន ( ! )

១៧. អាគត​សញ្ញា ឬសញ្ញាមកពី ( < )

១៨. គតសញ្ញា ឬសញ្ញាទៅជា ( > )

១៩. វិឡារសញ្ញាបើកបិទ ឬអព្ភន្តរៈ ឬអញ្ញប្រកាស ( « » )

២០. នខសញ្ញា ឬ​វង់ក្រចក  ( ()  )

២១. សហសញ្ញា ( – )      

ជំពូក៦
សេចក្តីសន្និដ្ឋាននិងការផ្តល់អនុសាសន៍
៦.១. សន្និដ្ឋាន

ក្រោយពីបានសិក្សាស្រាវជ្រាវ និងវិភាគទៅលើលទ្ធផលនៃការស្រាវជ្រាវតាមរយៈប្រធាន​បទ​ខាងលើរួចមក ស្មេរ​អាចធ្វើសេចក្តីសន្និដ្ឋានបានថា ការសិក្សាអំពីអក្ខរៈនៅក្នុងសៀវភៅ​វេយ្យាករណ៍ខ្មែរ ដែលអ្នក​វេយ្យាករណ៍បានចងក្រងទុកន្លងមកនេះ គឺជាការសិក្សា ចេះចាំ និង​ចម្លង​តៗ​គ្នាពីមួយទៅមួយ ដោយពួកគាត់មិនបានពន្យល់បកស្រាយឲ្យច្បាស់លាស់ និងលើកអំណះ​អំណាងមកពន្យល់ឲ្យបានស៊ីជម្រៅនោះទេ។ ម្យ៉ាងទៀតអ្នកនិពន្ធសៀវភៅវេយ្យាករណ៍ខ្មែរ​ភាគ​ច្រើនសុទ្ធតែទទួលឥទ្ធិពលពីភាសាបាលីសំស្ក្រឹតដែលមានវត្តមាននៅលើទឹកដីខ្មែរអស់រាប់​សតវត្ស ដែលជាហេតុធ្វើឲ្យពួកគាត់នៅមានជាប់ឈាមជ័របាលីមកពន្យល់លាយឡំក្នុង​អក្សរ​សាស្ត្រ​ខ្មែរ ដូច​ករណីរាប់ព្យញ្ជនៈខ្មែរថា «…ស ហ ឡ ំ ជាដើម»។  ជាងនេះទៅទៀត ពួកអ្នក​វេយ្យាករណ៍ខ្មែរ​ពី​ជំនាន់មុនប្រហែល​ជាពុំទាន់​មានចំណេះដឹងផ្នែកភាសាវិទ្យាច្បាស់លាស់នៅឡើយ ទើបពួក​គាត់ពុំ​បាន​បែងចែកអំពីរបៀបរៀន​អក្ខរៈ​(ស្រៈ ព្យញ្ជនៈ វណ្ណយុត្តិ) រួមទាំងខណ្ឌសញ្ញាឲ្យមាន​លក្ខណៈ​ប្រាកដ​និយម ច្បាស់លាស់ទៅតាមក្បួនខ្នាតដែលមានឯកភាពគ្នាមួយសម្រាប់កូនខ្មែរសិក្សាឡើយ ពោល​គឺម្នាក់ថាបែបនេះ ម្នាក់ទៀតថាបែបនោះ ទៅតាមការយល់ឃើញរៀងៗខ្លួន។ ប្រសិនបើ​ពួក​គាត់​យល់​ច្បាស់អំពីចំណេះដឹងផ្នែកភាសាវិទ្យា ម្ល៉េះសមពួកគាត់មិនច្រឡំបល់រវាងស្រៈ សូរ​ស្រៈ ព្យញ្ជនៈ សូរព្យញ្ជនៈ វណ្ណយុត្តិ និងខណ្ឌសញ្ញា​នោះទេ។

ជាការសន្និដ្ឋាន តាមការសិក្សារបស់ស្មេរដូចដែលបានបង្ហាញជូននៅក្នុងជំពូកមុន គឺនៅ​ក្នុង​​ប្រព័ន្ធនៃអក្ខរវិធីខ្មែរមាន៖ ១. «អ» គឺជាសញ្ញាព្យញ្ជនៈ មិនមែនស្រៈ, ២.  សញ្ញាស្រៈនិស្ស័យ​មានចំនួន២៧ ឬ២៨ បើរាប់ទាំងស្រៈកប់តួ, ៣. វណ្ណយុត្តិមានចំនួន១១តួ។

តាមការប្រៀបធៀបនៃការសិក្សាលើប្រធានបទនេះ បានផ្តល់ជាមូលដ្ឋានមួយផ្នែកដល់អ្នក សិក្សាឲ្យយល់ច្បាស់លាស់ និងចេះបែងចែកបានដាច់ស្រឡះរវាងការសិក្សាអក្ខរៈតាមវេយ្យាករណ៍​ប្រពៃណី និងការសិក្សាអំពីសូរអក្ខរៈតាមបែបភាសាវិទ្យា។ ជាពិសេស របាយការណ៍ស្រាវជ្រាវនេះ បានពន្យល់វែកញែកយ៉ាងច្បាស់អំពីអ្វីទៅដែលជាស្រៈ ព្យញ្ជនៈ វណ្ណយុត្តិ និងខណ្ឌសញ្ញា ព្រម​ទាំង​ផ្តល់វិចារណកម្មយ៉ាងពិស្តារសម្រាប់អ្នកសិក្សាស្រាវជ្រាវបន្ត។

ដូច្នេះ ការសិក្សាអំពីប្រធានបទ ការសិក្សាប្រៀបធៀបអក្ខរវិធី តាមរយៈសៀវភៅវេយ្យា-ករណ៍ខ្មែរ ក្នុងអំឡុងទសវត្សទី៤០ដល់៨០ បានជាប្រយោជន៍យ៉ាងខ្លាំងដល់ការសិក្សា ស្រាវជ្រាវ លើផ្នែកវេយ្យាករណ៍ ក៏ដូចជាភាសាវិទ្យាដល់អ្នកសិក្សាជំនាន់ក្រោយ ឲ្យមានមូលដ្ឋានច្បាស់លាស់ និងចូលរួមកសាងឯកសារឲ្យមានភាពសម្បូរបែប ក្នុងន័យលើកស្ទួយអក្សរសាស្ត្រជាតិឲ្យរីកចម្រើន​ដូចអរិយប្រទេស។

៦.២. ការផ្តល់អនុសាសន៍

ស្មេរសូមបញ្ជាក់ថា រាល់របកគំហើញដែលបានមកពីការសិក្សាស្រាវជ្រាវនេះ គ្រាន់តែ​ជា​គំនិត​អត្តនោម័តរបស់ស្មេរតែប៉ុណ្ណោះ វាពុំមែនជាក្បួនច្បាប់ដ៏ត្រឹមត្រូវមួយសម្រាប់ឲ្យអាន ចាត់​ទុកជាឯកសារផ្លូវការនោះទេ ហើយក៏មិនឲ្យជឿងប់ងល់នោះដែរ។ ដូច្នេះ ដើម្បីចូលរួមចំណែក​លើកកម្ពស់វិស័យអក្សរសាស្ត្រជាតិ ស្មេរសូមសំណូមពរឲ្យអ្នកសិក្សាជំនាន់ក្រោយខិតខំស្រាវជ្រាវ ជាបន្តទៀត ដើម្បីឲ្យរបាយការណ៍នេះកាន់តែមានភាពសុក្រឹតទ្វេឡើង ដែលអាចបានជា ប្រយោជន៍ដល់កូនខ្មែរគ្រប់រូប។ ហើយម្យ៉ាងវិញទៀត ក៏សូមសំណូមពរដល់អ្នកដែលមានតួនាទី​ទទួល​ខុសត្រូវលើការសិក្សាក្បួនខ្នាតវេយ្យាករណ៍ខ្មែរ ជាពិសេសគឺក្រសួងអប់រំ គួរតែសហការ​ឲ្យបានស៊ីជំរៅជាមួយអ្នកឯកទេសភាសាវិទ្យា ដើម្បីរៀបចំក្បួនខ្នាតវេយ្យាករណ៍ខ្មែរយើងឲ្យមាន​ភាពល្អប្រសើរជាងមុន ក្នុងន័យលើកកម្ពស់វិស័យអក្សរសាស្ត្រជាតិយើងទាំងអស់គ្នា។

ឯកសារពិគ្រោះ
សៀវភៅវេយ្យាករណ៍
  •  កេង វ៉ាន់សាក់ (១៩៦៦) វេយ្យាករណ៍ខ្មែរសង្ខេប ភ្នំពេញ។
  • ក្រសួងអប់រំ (១៩៨៣) វេយ្យាករណ៍ខ្មែរ ថ្នាក់ទី៥ ភ្នំពេញ : គ្រឹះស្ថានបោះពុម្ពផ្សាយអប់រំ។
  • ក្រសួងអប់រំ (១៩៨២) វេយ្យាករណ៍ខ្មែរ ថ្នាក់ទី៦ ភ្នំពេញ : គ្រឹះស្ថានបោះពុម្ពផ្សាយអប់រំ។
  • ក្រសួងអប់រំ (១៩៨២) វេយ្យាករណ៍ខ្មែរ ថ្នាក់ទី៧ ភ្នំពេញ : គ្រឹះស្ថានបោះពុម្ពផ្សាយអប់រំ។
  •   ក្រសួងអប់រំ(១៩៨៦) វេយ្យាករណ៍ខ្មែរ ថ្នាក់ទី៨ ភ្នំពេញ : ​គ្រឹះស្ថានបោះពុម្ពផ្សាយអប់រំ។
  • ជួន ណាត (១៩៥៤) អក្ខរវិធីសង្ខេប ភ្នំពេញ : រោងពុមុ្ពហង្សរី។
  • ញិក នូវ (១៩៥៩) វេយ្យាករណ៍ខ្មែរ ភ្នំពេញ : បណ្ណាគារត្រៃរតន៍។
  • ពូវ អ៊ុម (១៩៥៥) វេយ្យាករណ៍ខ្មែរ  ភ្នំពេញ : បណ្ណាគារគីម សេង។
  • រ៉ាយ ប៊ុក (១៩៥៥) ខេមរវេយ្យាករណ៍ ភ្នំពេញ : បណ្ណាគារគីម គី។
  • សៀន ខ័នឌី (១៩៥៧) វេយ្យាករណ៍ខ្មែរទំនើប  ភ្នំពេញ : បណ្ណាគារតិច​ ហុង (បោះពុម្ពលើកទី២)។
  • អ៊ុយ ជួន (១៩៥៨) វេយ្យាករណ៍ពិសេស ភ្នំពេញ :  បណ្ណាគារគីម គី។
  • សៀវភៅផ្សេងៗ សារណា និងនិក្ខេបបទ
  • ឃួន សុខម្ភូ (១៩៧២) ទម្រង់សូរវិទ្យាខ្មែរ ភ្នំពេញ។
  • ច័ន្ទ សំណព្វ (២០១០) យុគលពិន្ទុឬចុចពីរ ភ្នំពេញ : រាជបណ្ឌិតសភាកម្ពុជា។
  • នួន ប៊ុត (១៩៥៥) វិធីប្រើវណ្ណយុត្តិ និងខណ្ឌសញ្ញា ភ្នំពេញ។
  • នៅ ស៊ុន (២០១២) លក្ខណៈនៃភាសាខ្មែរ ឯកសារបង្រៀនបរិញ្ញាបត្រជាន់ខ្ពស់ភាសាវិទ្យា ភ្នំពេញ។
  • ប៊ី សុខគង់ (២០០២) ប្រភេទពាក្យក្នុងភាសាខ្មែរទំនើប បរិញ្ញាបត្រជាន់ខ្ពស់ភាសាវិទ្យា​ជំនាន់​​ទី១ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ភ្នំពេញ។
  • អៀវ កើស (១៩៩៥) ភាសាខ្មែរ ភ្នំពេញ : ពុទ្ធសាសនបណ្ឌិត្យ។
ទស្សនាវដ្ដី
  • ប៉ិញ សឿន (២០១២) ភាសាវិទ្យា និងការប្រៀបធៀបធាតុលេចធ្លោមួយចំនួន ក្នុងទស្សនាវដ្តីសង្គម​សាស្ត្រ មនុស្សសាស្ត្រ ឆ្នាំទី៤២ លេខ៨០ ភ្នំពេញ : សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
  • ប៉ិញ សឿន (២០១២)  ភាសាវិទ្យា ក្នុងទស្សនាវដ្តីសង្គមសាស្ត្រ មនុស្សសាស្ត្រ ឆ្នាំទី៤២ លេខ៨១ ភ្នំពេញ : សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
  • ប៉ិញ សឿន   (២០១២) រំលឹកទ្រឹស្តីនានាទាក់ទងនឹងសូរ សទ្ទតា និងគ្រាមភាសា ក្នុងទស្សនាវដ្តីសង្គមសាស្ត្រ មនុស្សសាស្ត្រ ឆ្នាំទី៤៣ លេខ៨២ ភ្នំពេញ : សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
វចនានុក្រម
  • វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ (១៩៦៧) វចនានុក្រមខ្មែរ បោះពុម្ពគ្រាទី៥ ភ្នំពេញ។
វចនានុក្រមអេឡិចត្រូនិច
  • Oxford Advanced Learner’s Dictionary 8th Edition.
  • Encarta Dictionary 2009.
ឯកសារជាភាសាបរទេស
  • Chrystal, D. (2008). Dictionary of Linguistics and Phonetics. New York: Blackwell Publishing.
  • Schendi, H. (2000). Historical Linguistics. London: Oxford University Press.
  • Jacob, J. (1993). Cambodian Linguistics Literature and History. London: University of London.
  • Anttila, R. (1989). Historical and Comparative Linguistics. California: University of California.
វេបសាយ

Loading