Khmer Essay

 តែងសេចក្តីបែបអត្ថាធិប្បាយ
១. និយមន័យ

– តែង : រៀបចំ រចនា កែច្នៃ កែលម្អ ធ្វើឲ្យមានរបៀបរៀបរយ។
-​ សេចក្តី : រឿងរ៉ាវ ហេតុការណ៍ ដែលមានជាប់ទាក់ទងគ្នាជាឃ្លា ល្បះ កថាខណ្ឌ អត្ថបទដែលមាន​ន័យ និងបំណងច្បាស់លាស់ អាចស្តាប់បាន។
– អត្ថាធិប្បាយ : (បា. អត្ថ + អធិប្បាយ) ការ​ពន្យល់​សេចក្ដី​ដោយ​មាន​គ្រឿង​សំអាង; សេចក្ដី​ពន្យល់​ដោយមាន​អាង ​ឬ​មានភ័ស្តុតាងប្រកបដោយខ្លឹម សារ ឬប្រយោជន៍។
ដូចនេះ តែងសេចក្តីបែបអត្ថាធិប្បាយគឺជាការរៀបចំពាក្យពេចន៍ ការ   តុបតែងរចនានៃឃ្លាល្បះណាមួយដើម្បីលម្អសេចក្តីឲ្យមានទំនាក់ទំនងជាអត្ថបទ ដ៏សមហេតុផលត្រឹមត្រូវ មានខ្លឹមសារប្រកបដោយផលប្រយោជន៍ជាទីពេញចិត្ត។

២. ប្រភេទតែងសេចក្តីបែបអត្ថាធិប្បាយ

ប្រភេទនៃប្រធានតែងសេចក្តីបែបអត្ថាធិប្បាយមាន៖

    • អត្ថាធិប្បាយបែបពន្យល់
    • អត្ថាធិប្បាយបែបពិភាក្សា
    • អត្ថាធិប្បាយបែបប្រៀបធៀប
៣. សេចក្តីណែនាំក្នុងការសរសេរតែងសេចក្តី

ដើម្បីសរសេរតែងសេចក្តីឲ្យបានល្អ និងមិនមានការភាន់ច្រឡំ ឬចាកប្រធាន អ្នកតែងត្រូវ៖

  • ពិចារណាឲ្យបានច្បាស់ថា តើជាប្រធានប្រភេទណា? (ពន្យល់ ឬពិភាក្សា ឬប្រៀបធៀប?)
  • ស្វែងរកពាក្យពិបាក ឬពាក្យគន្លឹះសំខាន់ៗរបស់ប្រធាន
  • ឈ្វេងយល់ន័យរបស់ប្រធានឲ្យបានស៊ីជម្រៅ
  • ពិនិត្យមើលដែនកំណត់របស់ប្រធានឲ្យបានច្បាស់លាស់ថា តើគេឲ្យសរសេរត្រឹមកម្រិតណា? ឧទាហរណ៍ពីណា? (ក្នុងសង្គម? ក្នុងប្រវត្តិសាស្ត្រ? ឬក្នុងអក្សរសិល្ប៍?)
    *** ប្រវត្តិសាស្ត្រ : ក្នុងសម័យកាលណា?
    *** អក្សរសិល្ប៍​ : អក្សរសិល្ប៍បែបណា? ក្នុងរឿងអ្វី? ។ល។
៤. គន្លឹះដើម្បីសរសេរតែងសេចក្តីបានល្អ
  • ឈ្វេងយល់ពីតថភាពសង្គមឲ្យបានគ្រប់ជ្រុងជ្រោយ
  • អានសៀវភៅអំពីចំណេះដឹងទូទៅឲ្យបានច្រើន
  • អានស្នាដៃអក្សរសិល្ប៍ឲ្យបានច្រើនរឿង
  • ចងចាំពីសកម្មភាព និងសម្តីរបស់តួអង្គឲ្យបានច្រើន និងច្បាស់​លា​ស់
  • ឈ្វេងយល់ពីអត្ថន័យនៃរឿងនីមួយៗឲ្យច្បាស់លាស់
  • ឧស្សាហ៍អានតែងសេចក្តីរបស់អ្នកនិពន្ធឲ្យបានច្រើន
  • កត់ត្រាគំនិតអប់រំនៃអត្ថបទដើម្បីទុកជាជំនួយក្នុងការសរសេរតែងសេចក្តី។
៥. ការណែនាំអំពីវិធីសាស្ត្រតែង

៥.១. សេចក្តីផ្តើម

  •  ជាលំនាំដើម ដើម្បីនឹងឈានចូលទៅរកបញ្ហា
  •  ត្រូវសរសេរឱ្យខ្លីល្មម ហើយផ្ចិតផ្ចង់
  • ចៀសវាងការផ្តើមសេចក្តីចេញក្រៅប្រធាន ឬមិនទាក់ទងនឹងប្រធាន ទោះបីគំនិតនោះល្អខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ  ហើយមិនត្រូវយកបញ្ហាក្រៅមកចោទទេ។
  • ចៀសវាងការប្រើពាក្យបាលី សំស្ក្រឹត ប្រសិនបើពាក្យនោះពុំមានតម្លៃចាំ​បាច់ទេ ហើយជាពាក្យដែលគេអាចយកពាក្យខ្មែរមកជំនួសបានដោយងាយ។
  • ចៀសវាងការផ្តើមសេចក្តីដូចប្រលោមលោក (ឧ. ព្រះទិនករបររាជ-រថព័ទ្ធ​ភ្នំ​ព្រះសុមេរុ…នៅក្នុងលោកសន្និវាសនេះ ពពួកសត្តនិករទាំងឡាយ…។)
  • ចៀសវាងការស្រាយបញ្ហានៅក្នុងសេចក្តីផ្តើម។ មតិ គំនិត ឃ្លា ប្រយោគដែលត្រូវប្រើនៅក្នុងសេចក្តីអធិប្បាយ កុំយកមកនិយាយនៅក្នុងសេចក្តី ផ្តើម ដើម្បីចៀស​វាងការផ្ទួនឥតប្រយោជន៍។

៥.២. តួសេចក្តី

  • ជាផ្នែកមួយដែលទាមទារឱ្យមានការពន្យល់បកស្រាយ វែកញែកឱ្យបានក្បោះក្បាយ។
  • ក្នុងការបកស្រាយ យើងត្រូវពង្រីកគំនិតយល់ដឹងប្រកបដោយការត្រិះរិះពិចារណា ដើម្បីធ្វើអត្ថាធិប្បាយឱ្យបានទូលំទូលាយ មានរបៀបរៀបរយច្បាស់លាស់ មិនសរសេរច្រំដែល ។
  • ការបកស្រាយពន្យល់ត្រូវឈរលើទស្សនៈសមហេតុផល ហើយត្រូវមានអំណះអំណាង ឬឧទាហរណ៍មកបញ្ជាក់ (ក្នុងសង្គម ក្នុងអក្សរសិល្ប៍ ក្នុងប្រវត្តិសាស្ត្រ…)។
  • អំណះអំណាង ឬឧទាហរណ៍បញ្ជាក់ត្រូវឱ្យស៊ីទៅនឹងខ្លឹមសារប្រធាន ចៀស​វាង​ការលើកយកដំណើររឿងទាំងស្រុងមកធ្វើជាឧទាហរណ៍។
  • ចំពោះសេចក្តីដកស្រង់ដែលត្រូវយកមកប្រើ ត្រូវដាក់នៅក្នុងអព្ភន្តរ-សញ្ញា (“…..”) ដោយពុំកាត់សេចក្តីដើមរបស់គេទេ តែបើយើងមិនចាំសម្តីដើមច្បាស់លាស់ទេ យើងអាចសង្ខេបយកតែខ្លឹមសារមកបានហើយៗមិនចាំបាច់ដាក់ក្នុងអព្ភន្តរសញ្ញាទេ។
  • ត្រូវចេះប្រើឃ្លាភ្ជាប់សេចក្តីពីឃ្លាមួយទៅឃ្លាមួយ ចៀសវាងការប្រើពាក្យ​ច្រំដែល។

“សំនួនភ្ជាប់សេចក្តីមានដូចជា៖ ចំណែក, ចំណែកឯ, រីឯ, មួយវិញទៀត, ប៉ុន្តែ,  ក៏ប៉ុន្តែ, ម៉្យាងវិញទៀត, ផ្ទុយទៅវិញ, យ៉ាងណាក៏ដោយ, ជាងនេះទៅទៀត, បន្ថែម​លើ​នេះ​ទៀត,  ដូចគ្នានេះដែរ,  មិនតែប៉ុណ្ណោះ,   អាស្រ័យហេតុនេះ,  រួមសេចក្តីមក, …។”

  • បញ្ចប់តួសេចក្តី ត្រូវធ្វើសរុបមតិមួយដោយគ្រាន់តែស្រង់គំនិតសំខាន់ៗ ខាងលើមកដាក់តាមលំដាប់លំដោយ។

  ៥.៣. សេចក្តីបញ្ចប់

  • សេចក្តីបញ្ចប់ពុំមែនជាសេចក្តីសង្ខេបនៃតួសេចក្តីទេ តែជាសេចក្តីបញ្ចប់ដែលឆ្លើយតបយ៉ាងដាច់ខាតទៅនឹងចំណោទបញ្ហាដែលចោទឡើងនៅក្នុង សេចក្តីផ្តើម។
  • ត្រូវចៀសវាងការបញ្ចប់សេចក្តីដោយលើកយកបញ្ហាថ្មីមួយទៀតមកចោទ ពីព្រោះនាំឱ្យខូចឯកភាពនៃកិច្ចការរបស់យើង។
  • យោបល់រួមត្រូវតែជាមតិ គំនិតផ្ទាល់ខ្លួន ហើយជាការពោលអារកាត់ ដាច់ខាត ច្បាស់លាស់ ពុំមែនជាការនិយាយស្ទាក់ស្ទើរ មិនដាច់ស្រេចឡើយ។

ប្រធានអត្ថាធិប្បាយបែបពន្យល់
១. និយមន័យ

តែងសេចក្តីបែបអត្ថាធិប្បាយពន្យល់ជាប្រធានមួយប្រភេទ ដែលតម្រូវឱ្យអ្នកតែង ស្រាយបំភ្លឺ ពន្យល់យ៉ាងល្អិតល្អន់ ក្បោះក្បាយ ច្បាស់លាស់ និងអស់សេចក្តី។

ប្រធានពន្យល់មិនតម្រូវឱ្យអ្នកតែងវែកញែករកខុសរកត្រូវឡើយ ព្រោះវាមានលក្ខណៈត្រឹមត្រូវរួចស្រេចទៅហើយ។

២. គន្លឹះដើម្បីស្គាល់ប្រធាន

គេដឹង ​និងស្គាល់ប្រភេទនៃប្រធានតែងសេចក្តីបែបពន្យល់បានតាមរយៈ៖

     ២.១. ពាក្យចោទសួរ

  • ហេតុអ្វី………………………………………………….?
  • ហេតុដូចម្តេច…………………………………………….?
  • ……………………………………………យ៉ាងដូចម្តេច?
  • ……………………………………………..យ៉ាងណាខ្លះ?
  • ……………………………………………មានប៉ុន្មានយ៉ាង?
  • …………………………………………………បែបណា?

២.២. ពាក្យបង្គាប់

  • ចូរពន្យល់។
  • ចូរបង្ហាញ។
  • ចូរស្រាយបំភ្លឺ។
  • ចូរគូសបញ្ជាក់។
  • ចូរអធិប្បាយ។
  • ចូរលាតត្រដាង។
  • ចូររៀបរាប់។
  •  …………………
៣. វិធីសាស្ត្រតែងប្រធានពន្យល់

៣.១. សេចក្តីផ្តើម

+លំនាំបញ្ហា៖ ជាលំនាំដើមដែលនាំទៅរកបញ្ហា ឬខ្លឹមសាររបស់​ប្រធាន។ ត្រូវនិយាយពីបញ្ហាទូទៅ ប៉ុន្តែទាក់ទងនឹងប្រធានបទ (ត្រូវសរសេរឲ្យសមល្មម មិន​វែងពេក មិនខ្លីពេក)។
+ចំណូលបញ្ហា៖ លើកទស្សនៈរបស់ប្រធានយកមកបង្ហាញ (មកដាក់ បញ្ចូល)។
+ចំណោទបញ្ហា៖ ចោទសួរទៅលើប្រធាន ដើម្បីបំផុសបញ្ហាឲ្យងាយស្រួល​បកស្រាយក្នុងតួសេចក្តី (ចោទបែបពន្យល់)។

  • តើ……………មានខ្លឹមសារយ៉ាងណា?
  • តើ……………មានខ្លឹមសារដូចម្តេច?
  • តើ……………មានអត្ថន័យដូចម្តេច?
  • តើ……………បង្កប់នូវតម្លៃអប់រំយ៉ាងណាខ្លះ?
  •  តើ……………បង្កប់អត្ថន័យដូចម្តេច?
  •  តើមានអំណះអំណាងយ៉ាងណាខ្លះបានជាគេ​ហ៊ានថា​ដូចនេះ?
  •  ………………………………………….

៣.២. តួសេចក្តី

– ឃ្លាភ្ជាប់សេចក្តី៖ ឃ្លាសម្រាប់ភ្ជាប់ទំនាក់ទំនងពីសេចក្តីផ្តើមទៅរកតួសេចក្តី។

  • ដើម្បីបកស្រាយពន្យល់នូវមតិរបស់ប្រធានខាងលើឱ្យ​បានក្បោះក្បាយ ជាបឋមយើងគប្បីយល់ន័យនៃពាក្យ “….” ជាមុន សិន។
  • ដើម្បីជាជំនួយដល់ការដោះស្រាយបញ្ហាខាងលើឱ្យបានអស់សេចក្តី ជាដំបូងយើងគប្បីយល់ន័យនៃពាក្យគន្លឹះរបស់ប្រធានមួយ​ចំនួនសិន។
  • មុននឹងអត្ថាធិប្បាយពំនោលខាងលើឱ្យបានស៊ីជម្រៅ យើងគប្បីយល់ន័យនៃឃ្លាថា “….” ជាមុនសិន។
  • ដើម្បីជាប្រទីបក្នុងការពន្យល់ទស្សនៈប្រធានឱ្យបានស៊ី​ជម្រៅ និងគ្រប់ជ្រុងជ្រោយ ជាបឋមយើងគប្បីយល់​ន័យនៃពាក្យ “….” និង “….” ជាមុនសិន។

– ពន្យល់ពាក្យពិបាក ឬពាក្យគន្លឹះរបស់ប្រធាន៖ ជាពាក្យសំខាន់ដែលជាស្នូលរបស់ប្រធាន (មិនប្រើថ្នាក់ពាក្យទេ)

  • ពាក្យ “…” មានន័យថា……………។ រីឯ “…” គឺជា……… …………..។ ចំណែកឯ “….” សំដៅដល់…………..។

– ពន្យល់ន័យប្រធាន៖ ក្រោយពីពន្យល់ពាក្យគន្លឹះរួចហើយ ត្រូវយកន័យរបស់ពាក្យគន្លឹះទាំងនោះមកច្របាច់បញ្ចូលគ្នា ដោយប្រើឃ្លាឲ្យបានសមរម្យ។ (ជាន័យសង្ខេបរបស់ប្រធានដើម្បីឈានទៅរកការបកស្រាយ)។

  • ប្រធាននេះចង់និយាយថា….…………………
  • ប្រធាននេះចង់ឱ្យយើងបកស្រាយអំពី……………
  • អត្ថន័យរបស់ប្រធានបង្ហាញថា……………………។
  • ដូចនេះប្រធានខាងលើមានន័យថា…………………..។

*** បកស្រាយ

+ បើកទូលាយគំនិតឱ្យក្បោះក្បាយ បកស្រាយប្រធានឱ្យបានគ្រប់ជ្រុងជ្រោយ និងអស់សេចក្តី (គំនិតសំខាន់ + សេចក្តីលម្អិតគាំ​ទ្រ)។
+ ផ្តល់ឧទាហរណ៍ឱ្យស៊ីនឹងប្រធាន (ក្នុងអក្សរសិល្ប៍ ក្នុងសង្គម និងក្នុងប្រវត្តិសាស្ត្រ)
– សរុបសេចក្តី៖ សរុបខ្លឹមសារដែលបានបកស្រាយខាងលើឱ្យ​សម​ល្មម ដោយ​ច្បិចយកតែគំនិតសំខាន់ៗតាមលំដាប់លំដោយ ហើយវាយ​តម្លៃតាមមតិរបស់អ្នកតែង។

  • សរុបសេចក្តីមក………………………………………។
  • ជារួមមក……………………………………………….។
  • ដូចនេះ……………………………………………………។

៣.៣. សេចក្តីបញ្ចប់

– វាយតម្លៃប្រធាន៖ គឺជាចម្លើយទៅនឹងចំណោទបញ្ហា ពោលគឺតម្លៃ​នៃការអប់រំសីលធម៌ ឬវប្បធម៌។

  • ឆ្លងតាមការបកស្រាយ……………………………………។
  • ជាយោបល់រួម យើងអាចវាយតម្លៃបានថា…………….។
  • ជាសន្និដ្ឋាន……………………………………………។

– ទស្សនៈផ្ទាល់ខ្លួន៖ បង្ហាញជំហរទស្សនៈរបស់អ្នកតែង ផ្សារ​ភ្ជាប់ក្នុងជីវភាពសង្គមជាក់ស្តែង។

  • ក្នុងនាមយើងជាសិស្ស / ជាពុទ្ធសាសនិកជន / ជាខេមរបុត្រ / ជាសរសរទ្រូង…………………………………………..។
  • ដូចនេះ យើងទាំងអស់គ្នាជា…………………………….។

*** ក្នុងចំណុចនេះ​ ហាមប្រើពាក្យ “ខ្ញុំ”។ ឧ. ក្នុងនាមខ្ញុំ…(មិនប្រើទេ)

៤. ទម្រង់តែងសេចក្តីបែបពន្យល់

ក. សេចក្តីផ្តើម

  • លំនាំបញ្ហា និងចំណូលបញ្ហា (ចុះបន្ទាត់ម្តង)
  • ចំណោទបញ្ហា (ចុះបន្ទាត់ម្តង)

ខ. តួសេចក្តី

  • ឃ្លាភ្ជាប់សេចក្តី ពន្យល់ពាក្យគន្លឹះ និងពន្យល់ន័យ​ប្រធាន (ចុះបន្ទាត់ម្តង)
  • បកស្រាយប្រធាន (ចុះបន្ទាត់ម្តង ឬច្រើនដងអាស្រ័យលើ​ចំនួនគំនិតសំខាន់ដែលត្រូវបកស្រាយ)
  • សរុបសេចក្តី (ចុះបន្ទាត់ម្តង)

គ. សេចក្តីបញ្ចប់

  • វាយតម្លៃប្រធាន និងទស្សនៈផ្ទាល់ខ្លួន (ចុះបន្ទាត់ម្តង)

ប្រធានអត្ថាធិប្បាយបែបពិភាក្សា
១. និយមន័យ

តែងសេចក្តីអត្ថាធិប្បាយបែបពិភាក្សា គឺជាតែងសេចក្តីមួយប្រភេទ ដែល​តម្រូវឱ្យអ្នកតែងលើកយកមតិរបស់ប្រធានមកពិចារណា វែកញែករកខុសត្រូវ រកល្អអាក្រក់ សមឬពុំសម មានប្រយោជន៍ឬឥតប្រយោជន៍ ជាគុណឬជាទោស៘ ដើម្បីយកមតិទាំងអស់មកថ្លឹងថ្លែងមើល តើមតិណាសមរម្យ ជាង។
ក្នុងការបកស្រាយប្រធានបែបពិភាក្សា តម្រូវឲ្យមាន៖

    • មតិទី១ ឬ មតិស្រប
    • មតិទី២ ឬ មតិផ្ទុយ
    • មតិសំយោគ ឬ មតិពិភាក្សា
២. គន្លឹះដើម្បីស្គាល់ប្រធាន​

     ២.១. ពាក្យចោទសួរ

  • តើអ្នកយល់យ៉ាងណា?
  • តើអ្នកយល់ដូចម្តេច?
  • តើមតិនេះត្រូវឬខុស?
  • តើមតិណាមួយត្រឹមត្រូវជាង?
  • តើមតិណាមួយសមរម្យជាង?
  • តើអ្នកមានយោបល់ដូចម្តេចដែរ?
  • តើមតិនេះគ្រប់គ្រាន់ហើយឬនៅ?
  • តើតើទស្សនៈខាងលើ មួយណាត្រូវ មួយណាខុស?
  • …………………………………………………?

    ២.២. ពាក្យបង្គាប់

  • ចូរពិភាក្សា។
  • ចូរវែកញែករកខុសត្រូវ។
  • ចូរពិចារណា។
  • ចូរវិនិច្ឆ័យ។
  • ចូរថ្លឹងថ្លែង។ល។
៣. វិធីសាស្ត្រតែងប្រធានពិភាក្សា

     ៣.១. សេចក្តីផ្តើម

– លំនាំបញ្ហា៖ (ដូចប្រធានពន្យល់)
– ចំណូលបញ្ហា៖ (ដូចប្រធានពន្យល់)
– ចំណោទបញ្ហា៖ ចោទសួរទៅលើប្រធាន (បែបពិភាក្សា)។
* បើប្រធានមានមតិតែមួយត្រូវចោទថា៖

  •  តើ…………………..ត្រឹមត្រូវឬទេ?
  •  តើ…………………..សមស្របឬទេ?
  •  តើ…………………….ត្រូវឬខុស?

* បើប្រធានមានមតិពីរខ្វែងគ្នា ឬផ្ទុយគ្នា យើងគួរដឹងថា មតិទី១ជាមតិស្រប ឯមតិទី២ជាមតិផ្ទុយ។ យើងត្រូវចោទថា៖

  •  តើមតិទាំងពីរខាងលើ មួយណាត្រឹមត្រូវជាង?
  •  តើមតិទាំងពីរខាងលើ មួយណាខុស មួយណាត្រូវ?

     ៣.២. តួសេចក្តី

– ឃ្លាភ្ជាប់សេចក្តី

  • ដើម្បីវិភាគវែកញែកនូវមតិរបស់ប្រធានខាងលើឱ្យ​បានត្រឹមត្រូវ និងសមហេតុផល ជាបឋមយើងគប្បីយល់ន័យនៃពាក្យ “….” ជាមុនសិន។
  • ដើម្បីជាជំនួយដល់ការពិចារណា ថ្លឹងថ្លែងចំពោះបញ្ហាខាងលើឱ្យបានសមហេតុផល និងច្បាស់លាស់ ជាដំបូងយើងគប្បីយល់​ន័យនៃពាក្យគន្លឹះ​របស់ប្រធានមួយ​ចំនួនសិន។
  • មុននឹងពិភាក្សាវែកញែកពំនោលខាងលើឱ្យបានស៊ីជម្រៅ សម ហេតុផល និងទទួលយកបាន ជាបឋមយើងគប្បីយល់ន័យនៃពាក្យថា “….” និង “….” ជាមុនសិន។

– ពន្យល់ពាក្យពិបាក ឬពាក្យគន្លឹះ (ដូចប្រធានពន្យល់)
– ពន្យល់ន័យរបស់ប្រធាន (ដូចប្រធានពន្យល់)

* បកស្រាយ

 + មតិស្រប ៖ ពន្យល់បកស្រាយបង្ហាញគំនិតគាំទ្រដល់មតិរបស់ប្រធាន (ករណីប្រធានមានមតិតែមួយ)

  • ពន្យល់គាំទ្រមតិទី១ (ករណីប្រធានមានមតិពីរ)
  • លើកភស្តុតាង ឬឧទាហរណ៍មកបញ្ជាក់ឱ្យបានច្បាស់​លាស់។

– សរុបមតិស្រប  (គឺពិតជាអ៊ីចឹងមែន)

– សំណួរភ្ជាប់មតិស្របទៅមតិផ្ទុយ (តើ………..ពិតជាអ៊ីចឹងមែនឬ? តើ…….. ពិតមែនឬយ៉ាងណា?…..)

 + មតិផ្ទុយ ៖

+ លើកទស្សនៈពន្យល់ឱ្យល្អៀង ឬឱ្យផ្ទុយពីមតិស្រប (ករណីប្រធានមានមតិតែមួយ)

  • និយាយគាំទ្រមតិទី២ (ករណីប្រធានមានមតិពីរ)
  • លើកភស្តុតាង ឬឧទាហរណ៍មកបញ្ជាក់។

 – សរុបមតិផ្ទុយ (គឺពិតជាអ៊ីចឹងមែន)

+ សំយោគមតិ ឬ មតិពិភាក្សា ៖

  • សំយោគមតិគឺជាការផ្សំមតិគ្នា ឬបំពេញគ្នាទៅវិញទៅមករវាងមតិស្រប និងមតិផ្ទុយ។ (មតិស្រប និងមតិផ្ទុយបំពេញឱ្យគ្នាទៅវិញទៅមក)
  • មតិពិភាក្សា គឺជាការថ្លឹងថ្លែងវិនិច្ឆ័យរវាងមតិស្រប និងមតិផ្ទុយ ដើម្បីប្រមើលមើលរកមតិដែលត្រឹមត្រូវ។

*** អ្នកតែងត្រូវពិចារណាដោយខ្លួនឯងថា តើប្រធាននោះជាសំយោគមតិ ឬជាមតិពិភាក្សា រួចវាយតម្លៃថា៖

+ បើជាសំយោគមតិ 

– ប្រធានមានមតិមួយ ត្រូវខ្លះ ខុសខ្លះ
– ប្រធានមានមតិពីរ ត្រូវខ្លះ ខុសខ្លះដូចគ្នា

    • មតិស្រប ឬមតិទី១ មានលក្ខណៈត្រឹមត្រូវម៉្យាង ព្រោះ….
    • មតិផ្ទុយ ឬមតិទី២ មានលក្ខណៈត្រឹមត្រូវម៉្យាងដែរព្រោះ….
    • ទោះបីជាមតិទាំងពីរមានលក្ខណៈត្រឹមត្រូវរៀងៗខ្លួនក៏ដោយ តែពុំទាន់ត្រឹមត្រូវពេញលេញដោយខ្លួនឯងឡើយ លុះត្រាតែ៖
      • មតិទី១ + មតិទី២
      • មតិទី១ + មតិទី២ + មតិបន្ថែម

+ បើជាមតិពិភាក្សា 
– មតិមួយត្រូវ មតិមួយខុស

  • បើមតិស្រប ឬមតិទី១ ខុស _ បើមតិផ្ទុយ ឬមតិទី២ ត្រូវ
  • បើមតិស្រប ឬមតិទី១ ត្រូវ _ បើមតិផ្ទុយ ឬមតិទី២ ខុស

     ៣.៣. សេចក្តីបញ្ចប់

– វាយតម្លៃប្រធាន៖ មតិប្រធានត្រឹមត្រូវឬទេ? ត្រូវឬខុស?

  • ជាយោបល់បញ្ចប់ យើងអាចវាយតម្លៃបានថា ទស្សនៈដែល បាន​លើកឡើងក្នុងប្រធានខាងលើនេះពិតជាត្រឹមត្រូវណាស់…
  • ជាសន្និដ្ឋាន យើងអាចវាយតម្លៃបានថា ទស្សនៈដែលបានលើកឡើងក្នុងប្រធាន ខាងលើនេះមិនទាន់ត្រឹមត្រូវទេព្រោះជាទស្សនៈ ដែលមើលឃើញតែមួយជ្រុងនៃបញ្ហា…
  • ដូចនេះ ទស្សនៈនៃប្រធានខាងលើមានលក្ខណៈត្រឹមត្រូវម្យ៉ាងដែរ តែមិនទាន់គ្រប់ជ្រុងជ្រោយទេ ត្រូវបន្ថែមទស្សនៈក្នុងមតិផ្ទុយទៀតទើបត្រឹមត្រូវ និងសមហេតុផលទៅតាម…
  • ដូចនេះ ការលើកឡើងនៅក្នុងមតិទីមួយមិនត្រឹមត្រូវទេ ចំណែក​ឯការលើកឡើងក្នុងមតិទីពីរទើបត្រឹមត្រូវ ព្រោះថា…
  • ជាយោបល់រួម យើងអាចវាយតម្លៃបានថា ទស្សនៈទីមួយពិតជាត្រឹមត្រូវណាស់ ចំណែកទស្សនៈទីពីរវិញមិនត្រឹមត្រូវទេ …
  • ជាយោបល់បញ្ចប់ យើងអាចវាយតម្លៃបានថា ទស្សនៈទីមួយក៏សមហេតុផលម្យ៉ាង ចំណែកទស្សនៈទីពីរក៏សមហេតុផលម្យ៉ាង ប៉ុន្តែមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ ព្រោះថា…។

– ទស្សនៈផ្ទាល់ខ្លួន៖ សំណូមពរ ឬមតិចូលរួមក្នុងការអភិវឌ្ឍ។ (មើល ប្រធានពន្យល់)

*** ចំណាំ

តែងសេចក្តីបែបពិភាក្សាចែកចេញជាពីរប្រភេទគឺ៖
– ប្រធានពិភាក្សាសុទ្ធ៖ ប្រធានមានមតិតែមួយ។
– ប្រធានពិភាក្សាប្រៀបធៀប៖ ប្រធានមានមតិពីរ។

៤. ទម្រង់តែងសេចក្តីបែបពិភាក្សា

ក. សេចក្តីផ្តើម

  • លំនាំបញ្ហា និងចំណូលបញ្ហា (ចុះបន្ទាត់ម្តង)
  • ចំណោទបញ្ហា (ចុះបន្ទាត់ម្តង)

ខ. តួសេចក្តី

  • ឃ្លាភ្ជាប់សេចក្តី ពន្យល់ពាក្យគន្លឹះ និងពន្យល់ន័យ​ប្រធាន (ចុះបន្ទាត់ម្តង)
  • បកស្រាយមតិស្រប (ចុះបន្ទាត់ម្តង)
  • សរុបមតិស្រប (ចុះបន្ទាត់ម្តង)
  • សំណួរភ្ជាប់មតិផ្ទុយ (ចុះបន្ទាត់ម្តង)
  • បកស្រាយមតិផ្ទុយ (ចុះបន្ទាត់ម្តង)
  • សរុបមតិផ្ទុយ (ចុះបន្ទាត់ម្តង)
  • សំយោគមតិ ឬមតិពិភាក្សា (ចុះបន្ទាត់ម្តង)

គ. សេចក្តីបញ្ចប់

  • វាយតម្លៃប្រធាន និងទស្សនៈផ្ទាល់ខ្លួន (ចុះបន្ទាត់ម្តង)

ប្រធានអត្ថាធិប្បាយបែបប្រៀបធៀប
១. និយមន័យ

តែងសេចក្តីអត្ថាធិប្បាយបែបប្រៀបធៀប គឺជាប្រភេទតែង​សេចក្តីមួយប្រ​ភេទដែលតម្រូវឱ្យអ្នកតែងធ្វើការប្រៀបធៀប ថ្លឹងថ្លែង ស្វែង​រកឱ្យឃើញលក្ខណៈដូចគ្នា និង​លក្ខណៈ​ខុសគ្នានៃកម្មវត្ថុរបស់ប្រធាន និងរកឱ្យ​ឃើញថា តើកម្មវត្ថុណាមួយមានលក្ខណៈ​ប្រសើរ​ជាង។

២. គន្លឹះដើម្បីស្គាល់ប្រធាន​

     ២.១. ពាក្យបង្គាប់

  • ចូរប្រៀបធៀប។
  • ចូររកលក្ខណៈខុសគ្នា និងលក្ខណៈដូចគ្នា។
  • ចូររកលក្ខណៈរួម និងលក្ខណៈដោយឡែក។

    ២.២. ពាក្យចោទសួរ

  • តើមតិទាំងពីរដូចគ្នា ឬខុសគ្នាត្រង់ណាខ្លះ?
  • តើមតិទាំងពីរមានលក្ខណៈរួម ឬលក្ខណៈដោយឡែកយ៉ាងដូចម្តេច?
  • តើមតិទាំងពីរមានលក្ខណៈដូចគ្នា ឬខុសគ្នាយ៉ាងណា?
៣. វិធីសាស្ត្រតែងប្រធានប្រៀបធៀប

    ៣.១. សេចក្តីផ្តើម

– លំនាំបញ្ហា៖ លើកយករឿងរ៉ាវនៅក្នុងកម្មវត្ថុប្រៀបធៀបមកបង្ហាញ។
– ចំណូលបញ្ហា៖ ដាក់បញ្ចូលបញ្ហារបស់ប្រធាន។
– ចំណោទបញ្ហា៖ ចោទសួរទៅលើប្រធាន ដោយផ្តោតសំខាន់ទៅរកកម្មវត្ថុក្នុងចំណូលបញ្ហា (ចោទសួរបែបប្រៀបធៀប)

  • តើ……ទាំងពីរខាងលើនេះមានលក្ខណៈដូចគ្នា និងខុសគ្នា​បែប​ណាខ្លះ? ហើយមួយណាប្រសើរជាង?
  • តើ……ទាំងពីរខាងលើនេះមានលក្ខណៈខុសគ្នា​ដូចម្តេចខ្លះ?

    ៣.២. តួសេចក្តី

     – ឃ្លាភ្ជាប់សេចក្តី

  • ដើម្បីបកស្រាយប្រៀបធៀបនូវមតិរបស់ប្រធានខាងលើឱ្យ​បានក្បោះក្បាយ ជាបឋមយើងគប្បីយល់ន័យនៃពាក្យ “….” ជាមុនសិន។
  • ដើម្បីជាជំនួយដល់ការដោះស្រាយ ប្រៀបធៀបបញ្ហាខាងលើឱ្យបានអស់សេចក្តី ជាដំបូងយើងគប្បីយល់ន័យនៃពាក្យគន្លឹះរបស់ប្រធានមួយ​ចំនួនសិន។
  • មុននឹងអត្ថាធិប្បាយប្រៀបធៀបកម្មវត្ថុខាងលើឱ្យបានច្បាស់​លាស់ ជាបឋមយើងគប្បីយល់ន័យនៃពាក្យ “….” និង “….” ជាមុនសិន។

  – ពន្យល់ពាក្យគន្លឹះ (បើប្រៀបធៀបតួអង្គមិនបាច់ពន្យល់ពាក្យទេ តែបើប្រៀបធៀបបញ្ហា ពន្យល់ពាក្យជាការចាំបាច់)
  – ពន្យល់ន័យប្រធាន (ដូចប្រធានពន្យល់)

*** បកស្រាយ

  • ពន្យល់បកស្រាយលក្ខណៈដូចគ្នា ឬលក្ខណៈរួម
  • ពន្យល់បកស្រាយលក្ខណៈខុសគ្នា ឬលក្ខណៈដោយឡែក
  • សន្និដ្ឋានរួមរវាងលក្ខណៈទាំងពីរ

    ៣.៣. សេចក្តីបញ្ចប់

  •  វាយតម្លៃប្រធាន (ឬកម្មវត្ថុប្រៀបធៀប)
  •  មតិចូលរួម (ដូចប្រធានពន្យល់)
៤. ទម្រង់តែងសេចក្តីបែបប្រៀបធៀប

ក. សេចក្តីផ្តើម

  • លំនាំបញ្ហា និងចំណូលបញ្ហា (ចុះបន្ទាត់ម្តង)
  • ចំណោទបញ្ហា (ចុះបន្ទាត់ម្តង)

ខ. តួសេចក្តី

  • ឃ្លាភ្ជាប់សេចក្តី ពន្យល់ពាក្យគន្លឹះ និងពន្យល់ន័យ​ប្រធាន (ចុះបន្ទាត់ម្តង)
  • បកស្រាយលក្ខណៈដូច (ចុះបន្ទាត់ម្តង)
  • បកស្រាយលក្ខណៈផ្ទុយ (ចុះបន្ទាត់ម្តង)
  • សរុបសេចក្តី (ចុះបន្ទាត់ម្តង)

គ. សេចក្តីបញ្ចប់

  • វាយតម្លៃប្រធាន និងទស្សនៈផ្ទាល់ខ្លួន (ចុះបន្ទាត់ម្តង)

Loading